កីឡាជាតិ
ជាតិ
បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​នឹង​ប្រកាស​ក្រោយ​ប្រកួត​លី​គ
31, May 2019 , 7:59 am        
រូបភាព
ដោយ:
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ សម្រាប់​តទល់​ជាមួយ​ប៉ា​គី​ស្ថាន​ក្នុង​វគ្គ​ជម្រុះ​ជុំ​ដំបូង FIFA World Cup Qatar 2022 ក្រោយ​ចប់​ការប្រកួត​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​នេះ​។ មកទល់ពេលនេះ បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ ត្រូវបាន​ជ្រើសរើស​រួច​រាល់​ប្រមាណ​៩០​ភាគរយ​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

 
​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា អាច​នឹង​បង្ហាញ​ជា​ផ្លូវការ​នៅ​យប់​ថ្ងៃអាទិត្យ ឬ​ព្រឹក​ថ្ងៃ​ចន្ទ ពោលគឺ​ក្រោយ​ការប្រកួត​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​១០​នៅ​ថ្ងៃទី​១ និង​ទី​២ ខែមិថុនា ឆ្នាំ​២០១៩​។ សម្រាប់​លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ការធ្វើ​បែបនេះ គឺ​ដោយសារ​មិន​ចង់​ឲ្យ​ប៉ះពាល់​សតិអារម្មណ៍​រប​ស់​កីឡាករ​តាម​ក្លិប​នីមួយៗ​។ 
 
​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ​ចង់​បញ្ជាក់ថា បើសិន​លោក​បង្ហាញ​ឈ្មោះ​កីឡាករ​ដែល​បានជ្រើសរើស​រួច អាចធ្វើ​ឲ្យ​កីឡាករ​មិនទាន់​មានឈ្មោះ​ក្នុង​បញ្ជី​បាក់​ទឹកចិត្ត ដែល​នាំ​ឲ្យ​ប៉ះពាល់​ការប្រកួត​លី​គ​សប្តាហ៍​នេះ​។ បើតាម​លោក Felix មកទល់ពេលនេះ ការជ្រើសរើស​កីឡាករ​ចូល​ក្រុម​ជម្រើសជាតិ​សម្រេចបាន​៩០​ភាគរយ ខណៈ​បញ្ជី​នឹង​សម្រេច​១០០​ភាគរយ​ក្រោយ​ច​ការប្រកួត​លី​គ​សប្តាហ៍​នេះ​។ ដូច្នេះ​កីឡាករ​មិនទាន់​មានឈ្មោះ អាច​នៅមាន​ឱកាស​ច្រើន​ក្នុងការ​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​។​
 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Keisuke Honda អាច​នឹង​ចាប់ផ្តើម​ប្រមូលផ្តុំ​ហ្វឹកហាត់​នៅ​ថ្ងៃទី​៣ មិថុនា ដើម្បី​ត្រៀម​ការ​ប្រជែង​ជាមួយ​ក្រុម​ប៉ា​គី​ស្ថាន នា​វគ្គ​ជម្រុះ FIFA World Cup Qatar 2022 ដែល​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​។ 
 
​សម្រាប់​លោក Felix ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​រយៈពេល​ខ្លី គឺ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​ការប្រកួត​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ ពិសេស​សហព័ន្ធ​ចង់​រក្សា​ទំនាក់ទំនង​ល្អ​រវាង​ក្រុម​ជម្រើសជាតិ​ជាមួយ​បណ្តា​ក្លិប ពាក់ព័ន្ធ​ការប្រើប្រាស់​កីឡាករ​។ «​យើង​តែងតែ​ចង់​មាន​ពេល​ច្រើន​ក្នុងការ​ប្រមូលផ្តុំ ដើម្បី​រៀបចំ​ក្រុម​ឲ្យ​បានល្អ​។ ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង យើង​មិន​ចង់​ធ្វើ​អ្វីដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ក្លិប​នេះ​ទេ​។ ដូច្នេះ​យើង​នឹង​ព្យាយាម​ប្រើប្រាស់​ពេលវេលា ដែល​យើង​មាន​ឲ្យ​បានល្អ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Felix Dalmas ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សហព័ន្ធ​កីឡា​បាល់​កាលពី​ថ្ងៃទី​២៩ ឧសភា​។ 
 
​គ្រូបង្វឹក​រូបនេះ​បន្ថែមថា​៖«​ខ្ញុំ​សង្កេតឃើញ​កីឡាករ​យើង​មានការ​យល់ដឹង​ច្រើន​ពី​របៀប​លេង​ជា​ក្រុម​។ បើ​និយាយ​ពី​កម្លាំងកាយ និង​សមត្ថភាព​មិនមាន​បញ្ហា​នោះទេ ព្រោះ​ពួកគេ​មានការ​ហ្វឹកហាត់​យ៉ាង​ខ្ជាប់ខ្ជួន​ជាមួយ​ក្លិប ពិសេស​លី​គ​នៅតែ​បន្ត​ការប្រកួត ដែលជា​កត្តា​មួយ​ដ៏​ល្អ​ក្នុងការ​ពង្រឹងសមត្ថភាព​សម្រាប់​ពួកគេ​។ ដូច្នេះ​ខ្ញុំ​គិតថា​ការរៀបចំ​និង​ការយល់​ពី​របៀប​លេង​របស់​កីឡាករ មិន​ចោទ​ជា​បញ្ហា​នោះទេ​។ ខ្ញុំ​រំពឹងថា យើង​នឹង​ទទួលបាន​ក្រុម​មួយ​ដ៏​ល្អ និង​មាន​ទម្រង់​លេង​ល្អប្រសើរ​ជាង​មុន​»៕        
 

Tag:
 FIFA World Cup Qatar 2022
  លោក Felix Dalmas
© រក្សាសិទ្ធិដោយ thmeythmey.com