ជាតិ
សង្គមជាតិ
មុនមក​កម្ពុជាវិញ សម្តេច ហ៊ុន សែន ទទួលបានជំនួយឥតសំណងពីជប៉ុន​ប្រមាណ៥លាន​ដុល្លារ
31, May 2019 , 11:38 am        
រូបភាព
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា-ជប៉ុន ធ្វើជាអធិបតីសាក្សីក្នុងពិធីចុះហត្ថលេខា​ផ្តល់ជំនួយអភិវឌ្ឍរបស់ជប៉ុនមក​កម្ពុជា
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា-ជប៉ុន ធ្វើជាអធិបតីសាក្សីក្នុងពិធីចុះហត្ថលេខា​ផ្តល់ជំនួយអភិវឌ្ឍរបស់ជប៉ុនមក​កម្ពុជា
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន នា​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា បាន​ផ្តល់ជំនួយ​ឥតសំណង​សម្រាប់គម្រោង​អភិវឌ្ឍ​ចំនួន​២នៅ​កម្ពុជា ដែលមាន​ទឹក​ប្រាក់សរុប​ប្រមាណ៥លាន​ដុល្លារអាមេរិក។ ពិធី​ចុះ​ហត្ថលេខាធ្វើ​ឡើង​នា​ថ្ងៃចុង​ក្រោយ​នៃ​ការស្នាក់អាស្រ័យ​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រុង​តូក្យូ ក្រោយធ្វើជាវាគ្មិន​ក្នុងសន្និសីទអន្តរជាតិ​លើកទី​២៥ស្តីពី «អនាគត​របស់អាស៊ី»។



លោក Hideshisa Horinouchi (ហ៊ីដេហ៊ីសា ហូរីណូឈិ) ឯកអគ្គរាជ​ទូតជប៉ុន​ប្រចាំកម្ពុជា និង​លោក អ៊ឹង រចនា ឯកអគ្គ​រាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរសារ​ស្តីពីការផ្តល់ហិរញ្ញ​ប្បទាន​ឥតសំណងដែល​ជប៉ុន​ផ្តល់ឲ្យ​កម្ពុជាសម្រាប់គម្រោងអភិវឌ្ឍចំនួន​២។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និង​សមភាគីជប៉ុន លោក ស៊ីនហ្សូ៊ អាបេ បាន​ចូលរួម​ជាអធិបតីសាក្សីក្នុងពិធី​ចុះហត្ថលេខានោះ។

សម្រាប់ការអនុវត្តត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម កម្ពុជា​ទទួលបាន​ជំនួយ​២០០លានយ៉េន ដែល​ស្មើ​ប្រមាណ​១.៨លាន​ដុល្លារអាមេរិក។ គម្រោងនេះ នឹង​ប្រើ​ប្រាស់​លើ​ការ​សាងសង់ស្ថានីយកុងតឺន័រ នៅតំបន់​សេដ្ឋកិច្ចពិសេស​ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ។

រីឯគម្រោង​ទី២ផ្តោតលើ​ការអនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស ដែលមាន​ទឹកប្រាក់ ៣៣៩​លាន​យ៉េន​ ប្រមាណ​ជាង ៣​លាន​ដុល្លារ​អាមេរិក។
 

ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ផ្លូវការ គិត​ចាប់ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​២០១៨ ជប៉ុន​បានផ្តល់​ហិរញ្ញប្បទាន​សហ​ប្រតិ​ប​តិ្ត​ការ​ផ្លូវការ​ជាង​២,៨​ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ប្រមាណ​១៥​ភាគរយ​នៃ​ហិរញ្ញប្បទាន​សរុបរ​បស់ដៃ​គូ​អភិវឌ្ឍ​ទាំងអស់ សម្រាប់​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​៕


 

Tag:
 ជំនួយ​
  អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com