អន្តរជាតិ
ប្រមុខយោធាអាមេរិក៖ លោក ស៊ី ជិនភីង ក្បត់សម្ដីរឿងយោធូបនីយកម្មសមុទ្រចិនខាងត្បូង ឧត្តមសេនីយ៍ ចូសេហ្វ ដាន់ហ្វត នាយសេនាធិការកងទ័ពអាមេរិក នាជំនួបជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង នាពេលកន្លងមក។
× ប្រមុខកងទ័ពអាមេរិក ចូសេហ្វ ដាន់ហ្វត នៅថ្ងៃទី២៩ ខែឧសភា បាននិយាយថា ប្រធានាធិបតីចិន ស៊ី ជិនភីង បានក្បត់សម្ដីរបស់ខ្លួនទាក់ទងសមុទ្រចិនខាងត្បូង។ បើតាមលោក ដាន់ហ្វត លោក ស៊ី ធ្លាប់អះអាងថា នឹងមិនធ្វើសកម្មភាពយោធូបនីកម្មនៅសមុទ្រចិនខាងត្បូងឡើយ ប៉ុន្តែសព្វថ្ងៃ យោធាចិនបែរជាសាងសង់មូលដ្ឋានទ័ព បន្ទាយទាហានពាសពេញសមុទ្រនេះទៅហើយ។ លោក ដាន់ហ្វត ចង់ឲ្យមានការចាត់វិធានការដើម្បីឲ្យប៉េកាំងទទួលខុសត្រូវ។
ពាក្យសន្យាជុំវិញការមិនធ្វើយោធូបនីយកម្មសមុទ្រចិនខាងត្បូង ត្រូវធ្វើឡើងរវាងអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងប្រធានាធិបតីចិន ស៊ី ជិនភីង ។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ ចូសេហ្វ ដាន់ហ្វត នាយសេនាធិការចម្រុះកងទ័ពអាមេរិក។ ប៉ុន្តែមេដឹកនាំចិន មិនបានអនុវត្តតាមពាក្យសម្ដីរបស់ខ្លួនឡើយ។
ថ្លែងក្នុងកម្មវិធីមួយនៅវិទ្យាស្ថាន Brooking ប្រមុខកងទ័ពអាមេរិករូបនេះបានរំឭកថា កាលពីឆ្នាំ២០១៦ លោក ស៊ី បានសន្យាចំពោះមុខលោក អូបាម៉ា ថា ចិននឹងមិនធ្វើយោធូបនីយកម្មនៅសមុទ្រចិនខាងត្បូងឡើយ។ តែបើកងាកមកមើលស្ថានភាពសព្វថ្ងៃ ចិនសាងសង់ផ្លូវរត់សម្រាប់យន្តហោះយោធាតូចធំ ឃ្លាំងផ្ទុកអាវុធ ការចល័តមីស៊ីលយ៉ាងទៀងទាត់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាសជាច្រើនទៀត។ លោក ដាន់ហ្វត ចាត់ទុកសកម្មភាពបែបនេះ ជាការបំពានកិច្ចសន្យាច្បាស់ក្រឡែត។
បើតាមទីភ្នាក់ងារព័ត៌មាន AFP មេទ័ពអាមេរិករូបនេះ ក៏បានស្នើឲ្យមានតែការឆ្លើយតបទៅនឹងការមិនគោរពពាក្យសម្ដីបែបនេះ ប៉ុន្តែមិនមែនជាការឆ្លើយតបបែបយោធាឡើយ។ លោកចង់ឃើញការអនុវត្តច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហា ព្រោះបើមិនអាចរកច្រកចេញតាមផ្លូវច្បាប់ទេនោះ វាប្រៀបដូចជាការបង្កើតស្តង់ដាថ្មីមួយទៀត។ ដូចនេះ ដំណោះស្រាយ គឺការធ្វើសកម្មភាពរួមគ្នាប្រឆាំងអ្នកបំពានច្បាប់អន្តរជាតិ ដើម្បីជាការកំញើញអ្នកផ្សេង។
តាមពិតទៅ ស្ថានភាពនៅសមុទ្រចិនខាងត្បូង ពិតជាស្ថិតក្រោមស្រមោលឥទ្ធិពលយោធាចិនមែន។ ចិនទាមទារចំណែកស្ទើរទាំងស្រុងនៃដែនទឹកដែលជាច្រកដឹកទំនិញមមាញឹកបំផុតលើពិភពលោក ខណៈរដ្ឋទាមទារផ្សេងទៀត ហាក់កោតក្រែងចិនយ៉ាងខ្លាំង ដោយមិនហ៊ានប្រឈមមុខផ្ទាល់ជាមួយចិនប៉ុន្មានឡើយ ពិសេសផ្នែកយោធា។ ចិនបានពង្រឹងមូលដ្ឋានយ៉ាងរឹងមាំនៅតាមបណ្ដាកោះនានាដោយអះអាងថា ជាទឹកដីរបស់ខ្លួន។
អាមេរិកឯណេះវិញ បានត្រឹមយកសេរីភាពនាវាចរណ៍អន្តរជាតិដើម្បីបញ្ជូននាវារបស់ខ្លួនទៅកាន់ដែនសមុទ្រចិនខាងត្បូង ដើម្បីសង្កត់ចិនកុំឲ្យអុងអាត់ពេក ប៉ុន្តែមិនអាចរារាំងចិនបានឡើយ។ ជុំវិញការធ្វើយោធូបនីយកម្មនេះ លោកឧត្តមសេនីយ៍ ដាន់ហ្វត លើកឡើងថា សកម្មភាពចិននៅសមុទ្រចិនខាងត្បូងហាក់ថមថយ ដែលនេះទំនងបណ្ដាលពីការសាងសង់ជំរំបន្ទាយនានា ឈានដល់ដំណាក់កាលចុងក្រោយដែលអាចប្រើប្រាស់តាមគោលដៅរបស់ខ្លួន៕
Tag:
ចិន
អាមេរិក
សមុទ្រចិនខាងត្បូង
ស៊ី ជិនភីង
ចូសេហ្វ ដាន់ហ្វត
© រក្សាសិទ្ធិដោយ thmeythmey.com