អន្តរជាតិ
លោក មហា​ធៀ ស្នើ​បង្កើត​រូបិយវត្ថុ​ទូទាត់​ថ្មី​ក្នុង​តំបន់​ដែល​ផ្អែកលើ​មាស​
30, May 2019 , 8:39 pm        
រូបភាព
រូបភាព The Star Online
រូបភាព The Star Online
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​៣០ ខែឧសភា បានស្នើ​បង្កើត​រូបិយវត្ថុ​ថ្មី​មួយ​ក្នុង​តំបន់​ជំនួស​ប្រព័ន្ធ​ជួញដូរ​សព្វថ្ងៃ​។ ពី​វេទិកា​នៅ​ទឹកដី​ជប៉ុន លោក មហា​ធៀ អះអាងថា រូបិយវត្ថុ​ថ្មី​ដែល​ពឹង​ផ្អែកលើ​មាស មាន​ស្ថិរភាព​ជាង​ប្រព័ន្ធ​សព្វថ្ងៃ​ដែល​ងាយស្រួល​រងគ្រោះ​ដោយសារ​ការ​បំប៉ោង​តម្លៃ​រូបិយវត្ថុ​។ សម្រាប់​រូបិយវត្ថុ​ថ្មី​នេះដែរ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ចង់​ឲ្យ​មានការ​ប្រើប្រាស់​នៅ​តំបន់​អាស៊ី​ខាងកើត​ទៀតផង​។

 
​ក្នុង​វេទិកា​អនាគត​អាស៊ី​លើក​ទី​២៥ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បានលើកឡើង​ពី​គុណសម្បត្តិ​ក្នុង​ប្រើប្រាស់​មាស​ជា​រូបិយវត្ថុ​សម្រាប់​ការជួញដូរ​ជំនួស​ឲ្យ​ប្រព័ន្ធ​ទូទាត់​សព្វថ្ងៃ​ដែល​ពឹង​ផ្អែកលើ​លុយ​ដុល្លារ​អាមេរិក​។ សម្រាប់​លោក មហា​ធៀ ប្រព័ន្ធ​ជួញដូរ​សព្វថ្ងៃនេះ អាច​ត្រូវបាន​គេ​ពន្លើស​តម្លៃ​ក្នុងន័យ​កេងចំណេញ​ប្រយោជន៍ ឯ​រូបិយវត្ថុ​ថ្មី ងាយស្រួល​ក្នុងការ​វាយតម្លៃ​សកម្មភាព​ដោះដូរ​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​តំបន់​។​
 
​ចំពោះមុខ​អ្នកចូលរួម​ជាង​បី​រយ​នាក់ លោក មហា​ធៀ លើកឡើងថា តាមរយៈ​ការប្រើប្រាស់​លោហ​មានតម្លៃ​មួយ​នេះ យើង​អាច​ប្រើប្រាស់​រូបិយវត្ថុ​នេះ​ដើម្បី​តាមដាន​សកម្មភាព​នាំចេញ​នាំចូល​ក្នុង​តំបន់ ហើយ​អាច​ទូទាត់​បាន​ទៀតផង​។ ប៉ុន្តែ​រូបិយវត្ថុ​នេះ ត្រូវតែ​ប្រើ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​។ លោក​បន្តថា តម្លៃ​របស់​វា ត្រូវ​កំណត់ដោយ​រូបិយវត្ថុ​ក្នុងប្រទេស​នីមួយៗ​តាមរយៈ​អត្រា​ប្ដូរប្រាក់ ដែល​នេះ​ធ្វើ​ឲ្យ​ការវាយតម្លៃ​លើ​ស្ថានភាព​សេដ្ឋកិច្ច​ណាមួយ​បាន​ស្រួល​។​
 
«​តាមរយៈ​វិធីសាស្ត្រ​នេះ យើង​អាច​ដឹងថា យើង​ជំពាក់​គេ​ប៉ុន្មាន ហើយ​យើង​ត្រូវ​សង​គេ​ប៉ុន្មាន​តាមរយៈ​រូបិយវត្ថុ​ថ្មី​នៅ​អាស៊ី​ខាងកើត​នេះ​។​» នេះ​ជាការ​ពន្យល់​របស់​នាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជុំវិញ​គុណសម្បត្តិ​របស់​សំណើ​របស់លោក​។ មិនមែន​តែ​អាស៊ី​ខាងកើត​ឡើយ លោក មហា​ធៀ បន្ថែមថា រូបិយវត្ថុ​ថ្មី​អាច​ប្រើប្រាស់​នៅក្រៅ​តំបន់​ផងដែរ​។​
 
​ក្នុង​វេទិកា​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Nikkei ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏​ឆ្លៀត​លើកឡើង​ពី​ផលវិបាក​នៃ​ប្រព័ន្ធ​ជួញដូរ​រូបិយ​វត្ថ​បច្ចុប្បន្ន ខណៈ​ទីផ្សារ​សាកលលោក​ទាំងមូល​ផ្អែក​ខ្លាំង​លើ​លុយ​ដុល្លារ​អាមេរិក​។ លោក​រំឭក​ពី​ស្ថានភាព​តម្លៃ​លុយ​ជាតិ​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​១៩៩៧ ថា ចំពេល​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី ម៉ាឡេស៊ី​មាន​ស្ថិរភាព​នៅឡើយ តែដោយសារ​បញ្ហា​នៅ​ប្រទេស​ថៃ រូបិយវត្ថុ​ម៉ាឡេស៊ី​ក៏ត្រូវ​គិតគូរ​តាម​ហាងឆេង​លុយ​ដុល្លារ​អាមេរិក ដែល​ក្រោយ​តម្លៃ​លុយ​ម៉ាឡេស៊ី​ក៏​ធ្លាក់ចុះ​យ៉ាងខ្លាំង​។​
 
​មេដឹកនាំ​ម៉ាឡេស៊ី​រូបនេះ​ក៏​ប្រាប់​ពី​មូលហេតុ​ដែល​លោក​ចង់បាន​រូបិយវត្ថុ​ថ្មី​ជាជាង​ជ្រើសរើស​រូបិយវត្ថុ​ណាមួយ​ក្នុង​តំបន់​ដែលមាន​ស្រាប់​ជំនួស​ប្រព័ន្ធ​ចាស់​។ អំឡុង​កម្មវិធី​កិច្ចសន្ទនា​គ្នា លោក មហា​ធៀ ត្រូវបាន​សួរថា ហេតុអ្វី​មក​យកលុយ​យ៉េន​ជប៉ុន ឬ​លុយ​យ័ន​របស់​ចិន ជា​រូបិយវត្ថុ​រួមគ្នា​ប្រចាំ​តំបន់​ទៅ​។ លោក​ក៏​ឆ្លើយ​វិញ​ថា បើសិន​យើង​លើកតម្កើង​លុយ​ប្រទេស​ណាមួយ បញ្ហា​នឹង​កើតមាន​មិន​ខាន​៕  
 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
  មាស​
  រូបិយវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com