ជាតិ
និស្សិត DMC ឆ្នាំទី២ បង្កើតពិព័រណ៍រូបថតផ្ដោតលើបរិស្ថាន, សិល្បៈបុរាណខ្មែរ និង LGBT
30, May 2019 , 4:59 pm        
រូបភាព
ភ្នំពេញ៖ «ពីក្រោយការពិត» ឬ «Behind the Reality» ជាពិព័រណ៍រូបថតមួយ ដែលរៀបចំដោយក្រុមនិស្សិតឆ្នាំទី២ នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)។ ពិព័រណ៍រូបថតនេះ នឹងបើកសម្ពោធនៅថ្ងៃទី ១៥ ខែមិថុនា នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ដោយផ្ដោតលើគម្រោងសំខាន់៣ រួមមាន៖ បរិស្ថាន, សិល្បៈបុរាណខ្មែរ និងការស្រឡាញ់ភេទដូចគ្នា។


 
រូបថត ៩០សន្លឹក នឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍រូបថតរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃសម្ពោធ ដល់ថ្ងៃទី ១៥ កក្កដា នាដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC)។ ពិព័រណ៍រូបថតរបស់ក្រុមនិស្សិតឆ្នាំទី២ នៃDMC នេះ រៀបចំឡើង ដើម្បីបណ្ដុះគំនិត ពង្រឹងស្មារតីសាធារណជនឲ្យយកចិត្តទុកដាក់ និងបង្កើនការយល់ដឹងលើបរិបទប្រឈមចំនួនបី ដែលកំពុងកើតឡើងនៅកម្ពុជារួមមាន បរិស្ថាន, សិល្បៈបុរាណខ្មែរ និងការស្រឡាញ់ភេទដូចគ្នា។ 
 


ពិព័រណ៍រូបថតនេះ ត្រូវបានបែងចែកជា ៣គម្រោងផ្សេងៗគ្នា គឺគម្រោងដំណក់ញើស, គម្រោងគ្មានទេផែនដីទី២ និងគម្រោងក្រមប្រតិព័ទ្ធ។ គម្រោងនីមួយៗ នឹងបង្ហាញអត្ថន័យ និងខ្លឹមសារសំខាន់ៗ តាមរយៈស្នាដៃរបស់ក្រុមនិស្សិត ដែលបញ្ចូលក្នុងរូបថត។ ក្នុងថ្ងៃសម្ពោធពិព័រណ៍រូបថតនេះ នឹងមានការសម្ដែងទម្រង់សិល្បៈ ទាក់ទងនឹងគម្រោងទាំង៣ផងដែរ៕
 


Tag:
 ពិព័រណ៍រូបថត
  បរិស្ថាន
  សិល្បៈបុរាណ
  LGBT
© រក្សាសិទ្ធិដោយ thmeythmey.com