ជាតិ
ក្រសួងមហាផ្ទៃ ច្រានចោលព័ត៌មានដែលចុះផ្សាយថា កម្ពុជានាំគ្រឿងញៀនចូលប្រទេសហ្វីលីពីន អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ
× ភ្នំពេញ៖ កម្ពុជា មិនមែនជាប្រទេសចែកចាយគ្រឿងញៀននោះទេ។ នេះជាការលើកឡើងរបស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានបដិសេធចំពោះការចុះផ្សាយរបស់សារព័ត៌មាន Benar News ពីរឿងករណីចាប់បានគ្រឿងញៀនជាង១០០គីឡូក្រាមនៅក្នុងប្រទេសហ្វីលីពីន ដែលសង្ស័យនាំចេញពីកម្ពុជា។
សារព័ត៌មាន Benar News នេះ បានចុះផ្សាយកាលពីសប្ដាហ៍មុនថា អាជ្ញាធរហ្វីលីពីន បានចាប់គ្រឿងញៀន១៤៦គីឡូក្រាម ដែលមានតម្លៃជាទឹកប្រាក់១៩,១លានដុល្លារអាមេរិក។ សារព័ត៌មានដដែលនេះ បានស្រង់សម្តីសមត្ថកិច្ចហ្វីលីពីនថា គ្រឿងញៀនដែលអាជ្ញាធរចាប់បាននេះ គឺមានប្រភពនាំចេញពីកម្ពុជា ដោយអាជ្ញាធរហ្វីលីពីន បានប្រតិបត្តិការតាមដានអស់រយៈពេល៣ខែមកហើយ។
តែយ៉ាងណាក្រសួងមហាផ្ទៃកម្ពុជា ច្រានចោលព័ត៌មានខាងលើនេះ។ លោក ខៀវ សុភ័គ បានសង្កត់ធ្ងន់ថា កម្ពុជា មិនមែនជាប្រទេសចែកចាយគ្រឿងញៀននោះទេ ហើយកម្ពុជាគឺប្រទេសរងគ្រោះដោយសារគ្រឿងញៀនដែរ ។ ត្រង់ចំណុចនេះអ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ថា កម្ពុជារងចាំកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរហ្វីលីពីនជានិច្ច ដើម្បីស៊ើបអង្កេតលើករណីគ្រឿងញៀនខុសច្បាប់ នាំចូលប្រទេសហ្វីលីពីននេះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«យើងរីករាយនឹងផ្ដល់កិច្ចសហប្រតិបត្តិការ ហើយ(ប្រភពគ្រឿញៀន)ចេញពីណាមក សូម(ហ្វីលីពីន) ផ្ដល់ព័ត៌មានមក ។ ធម្មតាយើងគ្រាន់តែដឹងថា ប្រទេសរបស់យើងមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ កម្ពុជាជាប្រទេសរងគ្រោះដូចតែគ្នាអ៊ីចឹង គឺជាប្រទេសដែលគេនាំគ្រឿងញៀនឆ្លងកាត់ផង ជាប្រទេសប្រើប្រាស់ផង និងជាប្រទេសដែលត្រូវបានគេចែកចាញផង ហើយយើងគឺមិនមែនជាអ្នកផលិតទេ»។
បន្ថែមពីនេះលោក ខៀវ សុភ័គ បានបញ្ជាក់ថា គ្រឿងញៀនភាគច្រើនអាចចេញពីតំបន់ត្រីកោណ ដែលឆ្លងកាត់ពីប្រទេសឡាវ ហើយនាំចូលមកកម្ពុជា មុននឹងនាំចេញទៅកាន់ប្រទេសទី៣ ដូចជាវៀតណាម ថៃ ឬហ្វីលីពីននេះ។ «បញ្ហាគ្រឿងញៀននេះ មិនមែនជាបញ្ហារបស់ហ្វីលីពីន ឬកម្ពុជាទេ ប៉ុន្តែវាជាបញ្ហាសកល ហើយយើងរីករាយបើ(ហ្វីលីពីន)មានព័ត៌មានដើម្បីសហការគ្នា ស្វែងរកឬសគល់យ៉ាងណា »។ នេះជាការបញ្ជាក់របស់លោក ខៀវ សុភ័គ។
កន្លងមករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានបញ្ជាឲ្យអាជ្ញាធរប្រឹងទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ជាពិសេសតំបន់ដែលចែកគ្រឿងញៀនខ្លាំងនោះ គឺចេញពីតំបន់ត្រីកោណមាស នៃច្រកប្រទេសឡាវ មកកម្ពុជាតែម្ដង។
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឆ្នាំ២០១៨ រដ្ឋាភិបាលបានបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេស បានជាង៨ពាន់ករណី(៨.០១៨ករណី) រឹបអូសសារធាតុញៀនគ្រប់ប្រភេទបានចំនួនជាង៥៣៣គីឡូក្រាម និងកញ្ចប់កញ្ឆាក្រៀម៣៧០ ដែលស្មើ៧៤គីឡូក្រាម និងកម្ទេចកញ្ឆា១៦៤,៩២៥ដើម។សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១៦.២៣២នាក់(ស្រី១.៣៤៣នាក់)ក្នុងនោះមានជនបរទេស៣១០នាក់ ត្រូវនឹង២៤សញ្ជាតិ៕
Tag:
ខៀវ សុភ័គ
មហាផ្ទៃ
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com