ONE Championship
កីឡាជាតិ
ជាតិ
គ្រូបង្វឹក ជា រិ​ទ្ធ​៖ ការរៀប​ចំការ​ប្រដាល់​នៅ​សង្វៀន​ស្វាយ​ធំ ខេត្តសៀមរាប មិនទាន់​រលូន​ឡើយ​
30, May 2019 , 9:59 pm        
រូបភាព
ដោយ​៖ ស៊ី​ធី 
 
​លោក ជា រិ​ទ្ធ គ្រូបង្វឹក​ប្រដាល់​ប្រចាំ​ក្លិប​អាណាចក្រ​ប្រយុទ្ធ បាន​បង្ហើប​អំពី​បញ្ហា​ប្រឈម​មួយចំនួន​ជុំវិញ​ការប្រកួត​ប្រដាល់​ប្រចាំ​សប្ដាហ៍​នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​នា​ទឹកដី​នៅ​ខេត្តសៀមរាប​ដោយ មានការ​ខ្វះខាត​អ្នកចូលរួម​ឧបត្ថម្ភ ការរៀបចំ​កម្មវិធី និង ថវិកា​ត្រូវ​រៀបចំ​សម្រាប់​តម្លៃ​ខ្លួន​កីឡាករ​នៅមានកម្រិត​។ លោក​បាន​ដៅ​បញ្ហា​ទាំងនេះ​បន្ទាប់ពី​សង្វៀន​នៅ​ស្វាយ​ធំ​ដែលមាន​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​នៃ​ខេត្ត​ក្រុង​សៀមរាប បាន​ដំណើរការ​រយៈពេល​ប្រមាណ​ជា​ពីរ​ខែ​មកហើយ​។

 
​គ្រូបង្វឹក​ប្រដាល់​ដែល​បញ្ចប់​អនុបណ្ឌិត​ផ្នែក​ភាសា​អង់គ្លេស​រូបនេះ​គូសបញ្ជាក់ថា ៖«​សង្វៀន​យើង​បានរៀបចំ​ប្រមាណ​ជា ២ ខែ មកហើយ ហើយ​យើង​អត់​មាន​អ្នក​ជួយឧបត្ថម្ភ​ជា​ដុំកំភួន​អ្វី​នោះទេ យើង​មានតែ​អ្នក​ស្រលាញ់​កីឡាប្រដាល់ និង បាន​ចូលរួម​ជាមួយគ្នា​ត្រឹម​បួន​នាក់​ប៉ុណ្ណឹង​ដើម្បី​បង្កើត​សង្វៀន​នេះ​។ ការលំបាក​របស់​យើង​គឺ​ប្រាក់ឧបត្ថម្ភ​សម្រាប់​កីឡាករ និង អាជ្ញាកណ្ដាល​-​ចៅក្រម​ក៏​នៅមានកម្រិត​តិចតួច​តាម​លទ្ធភាព​។ ហើយ​បើ​ត្រូវ​នាំ​កីឡាករ​មកពី​ថៃ​ទៀត​គឺ​លំបាក និង អស់​ច្រើន​ព្រោះ​ពួកគេ​ត្រូវ​ថ្នាក់​នៅ ឬ ធ្វើដំណើរ​ជាដើម​។ ពួកយើង​ជា​អ្នកចូលរួម​រៀបចំ​នេះ​សុទ្ធតែ​ថវិកា​ម្នាក់​បន្តិចៗ ប៉ុណ្ណោះ ហើយ​ខ្ញុំ​មិនដឹងថា​ប្រឹង​រហូត​បាន​ប៉ុណ្ណា​ទេ​»​។​


 
​គ្រូបង្វឹក គង់ សំបូរ និង ឫទ្ធ សាស្ត្រា​វុ​ធ បាន​រៀបរាប់ថា អ្នកចូលរួម​លុយកាក់​ចាត់ចែង​ជាមួយគ្នា​ដូចជា​មាន​មីង​ម្នាក់​, ប្អូន​អ្នករត់​ឡាន​ម្នាក់ និង អ្នកធ្វើការ​នៅ​មន្ទីរ​នៃ​ខេត្តសៀមរាប​ម្នាក់​។ ចំណែក​ទីកន្លែង​ប្រកួត​គឺ​ទទួលបាន​ការឧបត្ថម្ភ​ដោយ​មិនបាច់​បង់លុយ​នោះទេ​។ ពីដំបូង​ឡើយ​ការចូល​លុយ​គ្នា​នេះ គឺ​ដើម្បី​ទិញ​ខ្សែ​រេញ ទិញ​សម្ភារ និង ការរៀបចំ​នានា​។ ដ្បិត​ការគាំទ្រ​ពី​ទស្សនិកជន​មិនសូវ​ច្រើន ប៉ុន្តែ​មានការ​កើនឡើង​មួយចំនួន​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ​។ កាល​ខែ​មុន ការរៀបចំ​ការប្រកួត​នេះ​ត្រូវធ្វើឡើង​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​ប្រចាំ​សប្ដាហ៍ ប៉ុន្តែ​ឥឡូវនេះ​មានការ​ផ្លាស់ប្ដូរ មក​ប្រកួត​ត្រឹម ២ ដង​ក្នុង​ខែ វិញ​ដោយសារតែ​អាកាសធាតុ​មិនសូវ​ល្អ​ដូច​ពីមុន​ពោល​ចូល​ខែវស្សា​។ ពេលខ្លះ​ប្រកួត​ចំ​ថ្ងៃ​ភ្លៀង គឺ​អត់​សូវ​មាន​អ្នក​មក​ទស្សនា​នោះទេ​។ ហើយ​ការប្រកួត​នេះ គឺ ចំណូល​មួយផ្នែក​បានមកពី​ការលក់​សំបុត្រ ម្នាក់​ចំនួន ៥០០០ រៀល​។ ដូច្នេះ​បើសិន​អត់​មាន​អ្នកចូលរួម​ច្បាស់​ជា​ត្រូវ​ចំណាយ​រឹតតែ​ធំ​ឡើងៗ​។ 


 
​កូនសិស្ស​របស់លោក​គ្រូ ទឹម ម៉ៃ​ទី បាន​គូស​បញ្ជាក់ទៀតថា ការរៀបចំ​សង្វៀន​ប្រដាល់​ក្នុង​ខេត្តសៀមរាប​ដោយ​គ្មាន​អ្នក​ឧបត្ថម្ភ​ធំ​នេះ​ដោយសារ ចង់​ពង្រឹងសមត្ថភាព​កីឡាករ​នៅក្នុង​ខេត្ត និង ពង្រឹងសមត្ថភាព​ដល់​ពន្លក​កីឡាករ​ជំនាន់​ក្រោយ​ដើម្បី​ឲ្យ​សុំា​ទៅនឹង​ការប្រកួត ព្រោះ​អ្នកខ្លះ​ហ្វឹកហាត់​មិន​ងាយ​បាន​ឡើង​ប្រកួត​នៅ​សង្វៀន​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ល្បីៗ​ឡើយ​។  ជាធម្មតា​ការរៀប​ចំនេះ​តែងតែមាន​ចន្លោះ​ពី ៥ ទៅ ៦ គូ​។ ក្នុងនោះ​ការប្រកួត​គូ​បើកឆាក គឺ​ដាក់​ក្មេងៗ​ដែលជា​កីឡាករ​ថ្នាល​ជំនាន់​ក្រោយ​នៅ​ទឹកដី​ខេត្តសៀមរាប​តែម្ដង​។ 
 
​គួរ​បញ្ជាក់ថា ខេត្តសៀមរាប​ជា​ខេត្ត​ដែលមាន​ចម្លាក់​ក្បាច់គុន​នៅតាម​ជញ្ជាំង​ប្រសាទ ប៉ុន្តែ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ក្បាច់គុន​ខ្មែរលើ​សង្វៀន​ជាប្រចាំ ហាក់​ស្ងប់ស្ងាត់​មួយរយៈ​ចុងក្រោយ​។ សង្វៀន​ប្រដាល់​នៅ​សៀមរាប​ធ្លាប់មាន​ប្រដាក់​ញឹកញាប់​កាល​ជំនាន់​សព​លោក ម៉ា សេរី អតីត​ប្រធាន​ផ្នែក​កីឡាករ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន និង MyTV  ប៉ុន្តែ​ហាក់​ស្ងាត់​មួយរយៈ​ចុងក្រោយ​នេះ​ដែល​មិន​បង្ហាញ​ភាព​ផុសផុល និង ហ៊ឹកហ៊ាក់​ដូច​លើក​មុន រហូតដល់​សង្វៀន​គុន​ខ្មែរ​ស្វាយ​ធំ​ទើប​លេច​រូបរាង​ត្រឹម ២ ខែ​មកនេះ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com