កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន ថ្នាក់ជាតិចាប់ឆ្នោតវគ្គ១/៨នៅរសៀលនេះ
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ចាប់ឆ្នោតប្រកួតវគ្គ១៦ក្រុមចុងក្រោយ នៅរសៀលថ្ងៃទី៣១ ខែឧសភានេះ នាពហុកីឡដ្ឋានជាតិ។ ការចាប់ឆ្នោតធ្វើឡើងក្រោមវត្តមានតំណាងក្លិបទាំង១៦ ដែលកំពុងលេងក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ និងក្រុមឡើងមកពីពានថ្នាក់ខេត្ត។
សម្រាប់ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិវគ្គ១៦ក្រុមចុងក្រោយធ្វើឡើងពីរជើងតាមរូបមន្ត Home Away។ ក្រុមទទួលបានពិន្ទុខ្ពស់ពីការប្រកួតទាំងពីរជើង នឹងទទួលបានកៅអីឡើងទៅលេងនៅវគ្គ៨ក្រុមចុងក្រោយ។ បើតាមលោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា ការប្រកួតជើងទី១វគ្គ១/៨ធ្វើនៅថ្ងៃទី១៩ និង២៦ ខែមិថុនា ខណៈជើងទី២ធ្វើនៅថ្ងៃទី៣ និងទី១០ ខែកក្កដា ឆ្នាំ២០១៩។
ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយនៅពហុកីឡដ្ឋានជាតិវេលាម៉ោង៤:៣០នាទីរសៀលថ្ងៃទី៣១ ឧសភានេះ មានការចូលរួមពីតំណាងក្រុមទាំង១៦ ដោយ១៣ក្រុមកំពុងលេងក្នុងក្របខណ្ឌខេមបូឌានលីគ និង៣ក្រុមឡើងមកពីពានថ្នាក់ខេត្ត។
ក្រុមទាំងនេះរួមមានក្រសួងការពារជាតិ ព្រះខ័នរាជស្វាយរៀង បឹងកេត វិសាខា ភ្នំពេញក្រោន អគ្គស្នងការដ្ឋាននគរបាលជាតិ អង្គរថាយហ្គឺរ ណាហ្គាវើល សូលទីឡូអង្គរ អាស៊ីអឺរ៉ុប អគ្គិសនីកម្ពុជា គីរីវង់សុខសែនជ័យ កំពង់ចាម និងក្រុមឡើងមកពីថ្នាក់ខេត្តរួមមាន ត្បូងឃ្មុំ សៀមរាប និងរតនគីរី៕
Tag:
បាល់ទាត់
Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com