ជាតិ
ប្រទេស «ម៉ាសេដ្វានខាងជើង»! មិនមែន «ម៉ាសេដូនី», «ម៉ាសេដូនៀ» ឬ «ម៉ាសេដូន» ឡើយ
× «ម៉ាសេដ្វាន» ដែលទើបប្តូរទៅជា «ម៉ាសេដ្វានខាងជើង» ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ ជាប្រទេសដែលស្ថិតនៅឧបទ្វីបបាល់កង់។ អតីតប្រទេសនៃសាធារណរដ្ឋយូហ្គោស្លាវី មួយនេះ មានឈ្មោះជាភាសាអង់គ្លេសថា «Macedonia» និងបារាំងថា «Macédoine»។ សទ្ទានុក្រមឈ្មោះប្រទេស រដ្ឋធានី/រាជធានី បានសម្រេចហៅឈ្មោះនេះជាភាសាខ្មែរ តាមសំណេរជាភាសាបារាំង។
សូមបញ្ជាក់ថា «ម៉ាសេដ្វាន» ត្រូវបានប្តូរទៅជា «ម៉ាសេដ្វានខាងជើង» ក្រោយកិច្ចព្រមព្រៀងមួយរវាងរដ្ឋាភិបាលក្រិក និងរដ្ឋាភិបាលម៉ាសេដ្វានផ្ទាល់។ ប្រទេសទាំងពីរ មានជម្លោះរ៉ាំរ៉ៃជិតបីទសវត្សរ៍ ដោយសារតែទឹកដីមួយរបស់ក្រិក ក៏មានឈ្មោះ «ម៉ាសេដ្វាន» ផងដែរ។
កន្លងមក យើងឃើញមានការសរសេរខុសៗគ្នា ទាក់ទងនឹងឈ្មោះប្រទេសមួយនេះ ដែលក្នុងនោះមានដូចជា «ម៉ាសេដូនី», «ម៉ាសេដូន» ឬ «ម៉ាសេដូនៀ» ទៅតាមសំនៀងជាភាសាអង់គ្លេស។ ដើម្បីឲ្យមានការឯកភាពគ្នា គប្បីយើងសរសេរថា «ម៉ាសេដ្វាន»។
ទោះជាផ្លាស់ប្តូរឈ្មោះប្រទេសទៅជា «ម៉ាសេដ្វានខាងជើង» (North Macedonia ឬ Macédoine du Nord) ក៏ដោយ តែ «ស្កុបជេ» នៅតែជារដ្ឋធានីនៃសាធារណរដ្ឋមួយនេះ ដោយទាំងអង់គ្លេស និងបារាំង សរសេរថា «Skopje»។
ចំណាំ៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួលនូវការរិះគន់ទាក់ទងនឹងការតម្រូវឲ្យសរសេរឈ្មោះប្រទេស។ ទាក់ទងនឹងករណីនេះ យើងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា សំណេរយើងខ្ញុំផ្អែកលើឯកសារដែលទទួលបានពីស្ថាប័នរដ្ឋ (ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី) យើងខ្ញុំគ្រាន់តែចង់ឃើញសំណេរដែលមានការឯកភាពគ្នាប៉ុណ្ណោះ ហើយក៏មិនហ៊ានអារកាត់ថា សំណេរតាមទម្លាប់កន្លង មានកំហុសឆ្គងនោះដែរ៕
Tag:
ឈ្មោះប្រទេស
ម៉ាសេដ្វានខាងជើង
ស្កុបជេ
© រក្សាសិទ្ធិដោយ thmeythmey.com