ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្នុង​ប្រទេស​កម្ពុជា​
31, May 2019 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណើន​នៃ​ការវិនិយោគ​ពី​បរទេស បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួលបាន​ការ​បណ្តាក់ទុន​វិនិយោគ នៅក្នុង​តំបន់​សេដ្ឋកិច្ច​កាន់តែ​ច្រើនឡើង​។ កំណើន​ឡើង​នៃ​ចំនួន​តំបន់​សេដ្ឋកិច្ច​ពិសេស គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ហើយ​វា​ជា​បច្ច័យ​មួយ​ពាក់ព័ន្ធ​នឹង​កំណើន​វិស័យ​អចលនទ្រព្យ​ផងដែរ​។​
 
​បច្ចុប្បន្ននេះ កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣៦ ទាំង​នៅ​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ដូចជា​៖ ខេត្ត​ព្រះសីហនុ កោះកុង និង​ស្វាយរៀង​។ ក្រុមហ៊ុន​ដែល​បោះទុន​វិនិយោគ ភាគច្រើន​ជា​ក្រុមហ៊ុន​បរទេស​ដូចជា ក្រុមហ៊ុន​ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និង​ថៃ​ជាដើម​។ សម្រាប់​តំបន់​សេដ្ឋកិច្ច​នៅក្នុង​ក្រុង​ព្រះ​សី​ហុ ភាគច្រើន​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន ១៣១ កំពុង​ប្រតិបត្តិការ និង​ផ្តល់​ការងារ​ដល់​មនុស្ស​ចំនួន ២២,០០០​នាក់​។​
 
​ការ​បណ្តាក់​ទុក​វិនិយោគ​ពី​បរទេស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ត្រូវបាន​រដ្ឋ​ភិ​បាល​លើកទឹកចិត្ត​ខ្ពស់​។  វា​ល្អ​ត្រង់​ថា​មានការ​អនុគ្រោះ​ពន្ធ ឬ​យកពន្ធ​តិច និង​មានតម្លៃ​ពលកម្ម​ទាប ដែលជា​កត្តា​អំណោយផល​ដល់​ប្រតិបត្តិការ​ពាណិជ្ជកម្ម​។​
 
​លក្ខណៈពិសេស​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ក្រុមហ៊ុន​អាច​គ្រប់គ្រង​ដោយ​ខ្លួនឯង ហើយ​គ្រប់​សេវាកម្ម​ទាំងអស់​មាននៅ​មួយកន្លែង ដែល​អតិថិជន​អាច​រកបាន និង​មាន​សុវត្ថិភាព​។​
 
​ដើម្បី​ទាក់ទាញ​ឲ្យ​មានការ​វិនិយោគ​ពី​បរទេស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រដ្ឋ​បាន​អនុគ្រោះ​ពន្ធ និង​ផ្តល់​ទិដ្ឋាការ​អចិន្ត្រៃយ៍ ដល់​អ្នកវិនិយោគទុន​ថែមទៀត​។ នេះ​ជា​មូលហេតុ​ចម្បង ដែល​ទាក់ទាញ​ក្រុមហ៊ុន​ជាច្រើន ឲ្យ​មក​បោះទុន​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​កាន់តែច្រើន និង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​
 
​ទោះយ៉ាងណា​អ្នកជំនាញ​បាន លើកឡើង​ពី​បញ្ហា​ពីរ ដែល​រាំងស្ទះ​ដល់​កំណើន​រោងចក្រ​ឧស្សាហកម្ម​នៅ​កម្ពុជា ពោលគឺ​កង្វះ​កម្លាំង​ពលកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​។​
​មានមតិ​ជាច្រើន​ពី​ក្រុមហ៊ុន​បរទេស បាន​លើកឡើងថា​ប្រទេស​កម្ពុជា គួរតែ​ដោះស្រាយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ទើប​អាចធ្វើ​ឲ្យ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​មា​ន​ភាពរលូន​។​
 
​ត្រង់ចំណុច​នេះ រាជរដ្ឋាភិបាល​បាន និង​កំពុង​ព្យាយាម​ផ្តល់​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​ល្អប្រសើរ នៅ​ទូទាំងប្រទេស​កម្ពុជា​។  លើសពីនេះទៅទៀត រដ្ឋ​បាន​បញ្ចុះតម្លៃ​ការដឹកជញ្ជូន និង​តម្លៃ​អគ្គិសនី ដែលមាន​កម្រិត​ខ្ពស់ជាង​ប្រទេសជិតខាង​ដូចជា​៖ ថៃ និង​វៀតណាម​។​
 
​ទាក់ទង​និង​វិស័យ​អចលនទ្រព្យ តំបន់​សេដ្ឋកិច្ច​ពិសេស បាន​ដើរតួ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​អចលនទ្រព្យ ហើយ​ទីផ្សារ​អចលនទ្រព្យ ត្រូវបាន​គេ​មើលឃើញថា នឹង​បន្ត​មាន​កំណើន​ឡើង​ថែមទៀត ជាពិសេស​នៅតាម​ទីតាំង ដែលមាន​តំបន់​សេដ្ឋកិច្ច​ពិសេស ដូចជា​នៅក្នុង​ក្រុងព្រះសីហនុ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com