គ្រោះ​រាំងស្ងួត​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​២​លាន​នាក់​ជួប​បញ្ហា​អសន្តិសុខ​ស្បៀង​នៅ​ប្រទេស​អង់​ហ្គោ​ឡា​
អន្តរជាតិ
គ្រោះ​រាំងស្ងួត​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​២​លាន​នាក់​ជួប​បញ្ហា​អសន្តិសុខ​ស្បៀង​នៅ​ប្រទេស​អង់​ហ្គោ​ឡា​
31, May 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​មូលនិធិ​សម្រាប់​កុមារ​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​អង់​ហ្គោ​ឡា កំពុង​ជួបប្រទះ​នូវ​គ្រោះរាំងស្ងួត​ដ៏​អាក្រក់​មួយ​ដែល​មិន​ធ្លាប់មាន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ ដោយមាន​មនុស្ស​យ៉ាងហោចណាស់​២.៣០០.០០០ នាក់ ប្រឈម​នឹង​ហានិភ័យ​ដោយ​ទទួលរង​ទុក្ខ​កង្វះ​អាហារូបត្ថម្ភ ដោយសារតែ​ពួកគេ​មិនអាច​ទទួលបាន​អាហារ​គ្រប់គ្រាន់​។​

 
​កសិករ​ម្នាក់​អាយុ​៥៨​ឆ្នាំ ឈ្មោះ Eduardo Noukala កំពុង​ស្វះ​ស្វែងរក​ស្មៅ​និង​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​គោក្របី​ដែល​គ្រួសារ​របស់លោក កំពុង​ពឹង​អាស្រ័យ​នាពេល​បច្ចុប្បន្ននេះ​។​
 
​គ្រោះរាំងស្ងួត​ដ៏​អាក្រក់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ភាគខាងត្បូង​នៃ​ប្រទេស​អង់​ហ្គោ​ឡា ដែល​មិន​ធ្លាប់មាន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ បាន​បំផ្លាញ​ផលដំណាំ​របស់លោក​ទាំង​ស្រុង​។​


 
​ភ្លៀង​មិនបាន​ធ្លាក់​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំមុន ដែល​ធ្វើ​ឲ្យ​កសិករ​រាប់ពាន់នាក់​ដូចជា​លោក Noukala មិនបាន​ទទួលផល​ដំណាំ និង​មាន​ក្តីសង្ឃឹម​តិចតួច​។​
 
​លោក​បាន​និយាយថា មានតែ​ព្រះ​ទេ​ដែល​ដឹង​អំពី​ទំហំ​នៃ​គ្រោះរាំងស្ងួត​នៅ​ឆ្នាំនេះ ពីព្រោះ​លោក​មិនដែល​បានឃើញ​គ្រោះរាំងស្ងួត​បែបនេះ​ទេ ពីមុនមក​ទេ​។​
 
​កសិករ​ចិញ្ចឹម​សត្វពាហនៈ​ត្រូវ​បង្ខំចិត្ត​ធ្វើដំណើរ​ជាមួយ​ហ្វូង​សត្វ​របស់​ពួកគេ ៣​ខែ មុន​កាលកំណត់​ដើម្បី​ស្វែងរក​វាលស្មៅ​ពណ៌​បៃតង​។​
 
​មាន​សត្វ​តិចតួច​ប៉ុណ្ណោះ​ត្រូវគេ​រំពឹងថា នឹង​អាច​រស់រានមានជីវិត ខណៈពេលដែល​សត្វ​ជាច្រើន​ពាន់​ក្បាល បាន​ងាប់​រួចទៅហើយ​។​
 
​មូលនិធិ​សម្រាប់​កុមារ​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា គ្រោះរាំងស្ងួត​នេះ​បានធ្វើ​ឲ្យ​មនុស្ស​ជាង ២ លាន​នាក់​នៅ​ភាគខាងត្បូង​ប្រទេស​អង់​ហ្គោ​ឡា ជួប​ហានិភ័យ​ដោយ​អសន្តិសុខ​ស្បៀង​។​
 
​លោក Asorio Setequele ជា​កសិករ​ម្នាក់​ដែរ​និយាយថា នៅពេលនេះ​ពួកគាត់ កំពុង​ជួប​គ្រោះ​អត់ឃ្លាន​នៅឯ​ផ្ទះ ហើយ​មិន​មានទឹក​ប្រើប្រាស់​ដោយសារតែ​គ្រោះរាំងស្ងួត​នេះ​។​
 
​កុមារ​ដែល​ខ្វះ​អាហារ​រូប​ត្ថ​ម្ភ ត្រូវបាន​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​មួយ​ឈ្មោះថា Ondjiva​។​
 
​ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត Daniel Ricardo ដែលជា​អ្នកឯកទេស​ខាង​អាហារូបត្ថម្ភ និយាយថា អ្នក​ដែល​ជួប​គ្រោះ​អត់ឃ្លាន​ភាគច្រើន​កំពុង​ចុះខ្សោយ​យ៉ាងខ្លាំង​ដែល​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​ធ្វើដំណើរ​ទៅ​ទទួល​ការថែទាំ​សុខភាព​បាន​។​
 
​លោក​និយាយថា ស្ថានភាព​សុខភាព​នៃ​កុមារ​ទាំងនោះ នឹង​កាន់តែ​អាក្រក់​ជាង​មុន​ដោយសារតែ​គ្រោះរាំងស្ងួត​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​មិន​ត្រឹម​លើ​ផ្នែក​អាហារ​រូប​ត្ថ​ម្ភ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​មាន​ឥទ្ធិពល​ធំធេង​ទៅលើ​សុខភាព​របស់​កុមារ នៅ​កម្រិត​មូលដ្ឋាន​ទៀតផង​។​
 
​ក្រុម​ជំនួយ​របស់​អង្គការ​ទស្សនៈ​ពិភពលោក  World Vision កំពុងតែ​ផ្តល់​អាហារ​ចំនួន​១១​កុងតឺន័រ​ដល់​កុមារ​កំពុង​ស្រេកឃ្លាន​ចំនួន​៣២.០០០ នាក់ ដែលមាន​អាយុ​ក្រោម ៥ ឆ្នាំ នៅ​ទីក្រុង Cunene​។​
 
​លោក Robert Bulten នាយក​កម្មវិធី​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​អង់​ហ្គោ​ឡា​មានការ​ព្រួយបារម្ភ​អំពី​តម្រូវ​ការចាំបាច់​បំផុត​នេះ​។​
 
​លោក Bulten បាន​ថ្លែងថា​៖ «​នេះ​មិនទាន់​គ្រប់គ្រាន់​ទេ​។ យើង​ត្រូវតែ​ស្វែងរក​ធនធាន​ផ្សេងទៀត​ពី​អ្នកផ្គត់ផ្គង់​ផ្សេងៗ ពីព្រោះ​យើង​មើលឃើញថា ការប្រមូល​ផល​បាន​ពី​វាលស្រែ​ក្នុង​រដូវ​កាល​នេះ យើង​រំពឹងថា យើង​នឹងមាន​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​យ៉ាងច្រើន យ៉ាងហោចណាស់​ការ​ប្រឈម​នេះ នឹង​កើតមាន​រហូតដល់​រដូវ​កាល​ប្រមូល​ផល​ឆ្នាំក្រោយ គឺ​នៅ​ខែមីនា​»​។​
 
​ប្រធានាធិបតី​ប្រទេស​អង់​ហ្គោ​ឡា លោក Joao Lourenco បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​នេះ​នៅ​ខែឧសភា ហើយ​បាន​ទទួលស្គាល់ថា ស្ថានភាព​នៅ​តំបន់​នេះ​មាន​សភាព​មិនល្អ​។​


 
​លោក​បាន​និយាយថា រដ្ឋាភិបាល​មិនមែន​មិន​អើពើ​នឹង​បញ្ហា​នេះ​ទេ​។ វត្តមាន​របស់លោក​នៅ​ខេត្ត​ទាំងពីរ​នេះ គឺជា​សញ្ញា​មួយ​បង្ហាញថា រដ្ឋាភិបាល​កំពុង​តាមដាន​លើ​អ្វីដែល​កំពុង​កើតមាន​នៅក្នុង​តំបន់​ស្ទើរតែ​ទាំងអស់ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​អង់​ហ្គោ​ឡា​។​
 
​ប្រទេស​អង់​ហ្គោ​ឡា​បាន​សន្យាថា នឹង​ផ្ដល់​មូលនិធិ​ដល់​សេវា​សង្គ្រោះបន្ទាន់​របស់ខ្លួន និង​កម្មវិធី​អភិវឌ្ឍន៍​សម្រាប់​រយៈពេល​៤​ឆ្នាំ​។​
 
​ខណៈពេលដែល​ផែនការ​នេះ មាន​លក្ខណៈ​គួរ​ឲ្យ​សរសើរ​នោះ ក្រុម​អង្គការ​ផ្ដល់ជំនួយ​និយាយថា ការប្ដេជ្ញា​ពឹងផ្អែក​លើ​ខ្លួនឯង​ធ្វើ​ឲ្យ​មានការ​ពិបាក​កាន់តែខ្លាំង​ក្នុងការ​ទាក់ទាញ​រក​ជំនួយ​មកជួយ​ដល់​ពលរដ្ឋ​អង់​ហ្គោ​ឡា ដែល​កំពុង​រង​ទុក្ខ​ដោយ​គ្រោះរាំងស្ងួត​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com