កីឡាអន្តរជាតិ
អន្តរជាតិ
Inter Milan តែងតាំង Conte ជា​អ្នកចាត់ការ​ផ្លូវការ ក្រោយ​បញ្ចប់​តំណែង Spalletti
31, May 2019 , 3:52 pm        
រូបភាព
​អតីត​គ្រូ Chelsea លោក Antonio Conte បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ Inter Milan នៃ​លី​គ​កំពូល​អ៊ីតាលី Serie A ហើយ ដោយ​ត្រូវ​ជំនួស​តំណែង​លោក Luciano Spalletti​។


 
​ក្នុង​វ័យ​៤៩​ឆ្នាំ អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​នឹង​ចូលធ្វើ​ការងារ​នៅ​ទឹកដី San Siro ក្នុង​សប្តាហ៍​នេះ​តែម្តង ហើយ​នេះ​ក៏​ជា​ការងារ​ដំបូង​របស់លោក​ផងដែរ​ចាប់តាំងពី​ចាក​ចេញពី​ក្រុម​តោ​ខៀវ Chelsea នៅ​ឆ្នាំ ២០១៨​។​
 
Conte បាន​ចំណាយពេល ២ ឆ្នាំ​នៅ Stamford Bridge ដោយ​ជួយ Chelsea ឈ្នះ​ពាន Premier League និង FA Cup បន្ទាប់ពី​ជួយ Juventus ឈ្នះ​ជើងឯក Serie A ចំនួន​៣​រដូវ​កាល​។​


លោក Luciano Spalletti ដែលទើប Inter Milan បញ្ចប់តំណែង

«​ជំពូក​ថ្មី​ក្នុង​ជីវិត​ខ្ញុំ​កំពុង​ចាប់ផ្ដើម​ហើយ ខ្ញុំ​ពិតជា​រំភើប​ណាស់​។ ខ្ញុំ​បានជ្រើសរើស​យក Inter ដោយសារតែ​ពួកគេ​ជា​ក្លិប​មាន​មហិច្ឆតា​ធំ​»​។ នេះ​ជា​សម្តីរ​បស់​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​។ 
 
​ដោយឡែក​លោក Spalletti បើទោះបី​បាន​ជួយ Inter ទទួលបាន​កៅអី Champions League ឆ្នាំក្រោយ​តាមរយៈ​ការបញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៤​ក្នុង​តារាង​លី​គ​កំពូល​អ៊ីតាលី​រដូវ​កាល​នេះ​ក្តី ក៏​ក្លិប​នៅតែ​សម្រេច​បញ្ចប់​តំណែង​លោក​ដដែល​។ នេះ​មានន័យថា​អតីត​អ្នកចាត់ការ Roma សញ្ជាតិ​អ៊ីតាលី​រូបនេះ​ត្រូវ Inter បញ្ចប់​តំណែង​ទាំង​នៅសល់​កិច្ចសន្យា​២​ឆ្នាំ​ទៀត​៕

Tag:
 បាល់ទាត់​
  Antonio Conte
  Inter Milan
  Luciano Spalletti
© រក្សាសិទ្ធិដោយ thmeythmey.com