ជាតិ
វីដេអូ
២៥ខេត្ត/រាជធានី
«វត្តអារាម»អាយុរាប់រយឆ្នាំនៅបាត់ដំបង ក្លាយជាទីតាំងទេសចរណ៍បែបពុទ្ធសាសនា
31, May 2019 , 4:40 pm        
រូបភាព
ភ្នំពេញ៖ នៅក្នុងខេត្តបាត់ដំបង ក្រៅពីមានតំបន់ទេសចរណ៍ធម្មជាតិ, ទេសចរណ៍វប្បធម៌-ប្រពៃណី និងទេសចរណ៍បែបប្រវត្តិសាស្រ្តជាដើម នៅមានវត្តអារាមដែលមានអាយុកាលរាប់រយឆ្នាំជាច្រើនទៀត ក៏បានក្លាយជាទីតាំងទេសចរណ៍បែបសាសនាផងដែរ។ វត្តអារាមមានវ័យចំណាសជាច្រើននៅក្នុងខេត្តបាត់ដំបង ជាសំណង់ស្ថាបត្យកម្មដែលមានបង្ហាញនូវព្រលឹងនៃស្ថាបត្យកម្ម, រូបបដិមា, វប្បធម៌ និងសាសនា កាលពីជំនាន់នោះ បានក្លាយជាទីតាំងទេសចរណ៍ថ្មីមួយទៀត សម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ ឈ្វេងយល់បន្ថែម។ លើសពីនេះ នៅវត្តអារាមទាំងនោះ ក៏មានបង្កប់នូវជំនឿអរូបដ៏ស័ក្ដិសិទ្ធិ និងរឿងរ៉ាវប្រវត្តិសាស្រ្តផងដែរ។


 
តួយ៉ាង វត្តសំរោងក្នុង ដែលស្ថិតនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ត្រូវបានគេចាត់ទុកជាវត្តមួយ ដែលមានអាយុកាលចាស់ជាងគេនៅក្នុងខេត្តបាត់ដំបង។ វត្តសំរោងក្នុង ត្រូវបានកសាងនៅឆ្នាំ១៧០៧ និងបានដាក់ឈ្មោះតាមដើមសំរោងធំមួយដើម ដែលជាកន្លែង ធុតង្គជ័យ តាំងអាស្រមហើយបន្ទាប់មកក្លាយជាកន្លែងស័ក្ដិសិទ្ធិសម្រាប់បន់ស្រន់តាមអបិយជំនឿរបស់អ្នកមុខអ្នកការ និងប្រជាពលរដ្ឋរហូតដល់សព្វថ្ងៃនេះ។ នៅឆ្នាំ១៨៨៧ ព្រះគ្រូចៅអធិការទី៧ នៃវត្តសំរោងក្នុងបានកសាងប្រាសាទឥដ្ឋមួយ ដើម្បីតម្កល់អដ្ឋិធាតុព្រះចៅអធិការវត្តជំនាន់មុនៗ។ នេះបើតាមអត្ថបទស្រាវជ្រាវរបស់មគ្គុទេ្ទសក៍ថ្នាក់ជាតិជំនាន់៤ ដែលមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានចុះផ្សាយ។

សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 

គិតត្រឹមឆ្នាំ២០១៩នេះ វត្តសំរោងក្នុង ដែលមានចម្ងាយជាង៥គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង មានអាយុកាលរហូតដល់ទៅ៣១២ឆ្នាំហើយ។ ប្រភពឯកសារស្រាវជ្រាវដដែលបានសរសេរថា ព្រះវិហារចាស់ដែលបានសាងសង់នៅក្នុងវត្តសំរោងក្នុង សព្វថ្ងៃនេះ គឺត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៨៩០ ជំនួសព្រះវិហារចាស់មុនដែលសង់អំពីឈើសុទ្ធ។ ដោយលោកម្ចាស់ កថា ថននុង និងសាងដោយទ្រព្យធនលោកម្ចាស់នាយព្រះឃ្លាំងម៉ៅ លោកជំទាវ អីង ត្រូវជាឳពុកក្មេក លោកម្ចាស់ កថា ថន ឈុំ ជាស្តេចត្រាញ់ចុងក្រោយនៃខេត្តបាត់ដំបង។ ព្រះវិហារចាស់ នៅវត្តសំរោងក្នុងមានផ្ទៃដីសរុប ២៩,៩៣៧ ម៉ែត្រការ៉េ ដែលត្រូវបានសាងសង់ឡើងវិញកាលពីឆ្នាំ១៨៩០ នោះ មានអាយុ១២៩ឆ្នាំហើយ គិតត្រឹមឆ្នាំ២០១៩នេះ។



វត្តសំរោងក្នុង ស្ថិតនៅខេត្តបាត់ដំបង

អត្ថបទស្រាវជ្រាវរបស់មគ្គុទេ្ទសក៍ថ្នាក់ជាតិជំនាន់៤ បានសរសេរពីវត្តសំរោងក្នុងត្រូវបានខ្មែរក្រហមគ្រប់គ្រងយ៉ាងដូច្នេះថា ក្នុងសម័យខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៦ វត្តសំរោងក្នុង ត្រូវបានប្រែក្លាយពីបូជនីយដ្ឋានដែលស្ងប់ស្ងាត់ និងទីសម្រាប់រៀនសូត្រព្រះធម៌ មកជាគុកដាក់អ្នកទោស និងជាកន្លែងស្នាក់នៅរបស់ខ្មែរក្រហមទាំងស្រុង។ លលាដ៍ក្បាល និងអដ្ឋិធាតុប្រមាណ ១០០៨នាក់ ត្រូវបានគេជីកកកាយពីរណ្តៅ ដែលពួកខ្មែរក្រហមសម្លាប់ និងទម្លាក់ក្នុងរណ្តៅទាំងនោះ។ យោងតាមមជ្ឈមណ្ឌលឯកសារកម្ពុជា ក្រោយពេលរបបខ្មែរក្រហមដួលរលំ មានរណ្តៅសាកសពសរុបចំនួន ១០០រណ្តៅ នៅជុំវិញបរិវេណវត្តសំរោងក្នុងសព្វថ្ងៃ។
 
លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានក្រុមការងារមូលនិធិកេរដំណែលខ្មែរ ដែលបានចុះសិក្សាស្រាវជ្រាវពីវត្តសំរោងក្នុង នេះយល់ឃើញថា៖ «តាមរយៈវត្តខ្មែរបុរាណនេះ អាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ សិក្សាឈ្វេងយល់ពីប្រវត្តិ, ស្ថាបត្យកម្ម, គំនូរនៅតាមជញ្ជាំង, រូបបដិមា, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមទាំងបរិស្ថានជុំវិញ។ ជាពិសេស វត្តខ្មែរបុរាណនោះមានសារៈសំខាន់សម្រាប់កូនខ្មែរជំនាន់ក្រោយ»។
 
ក្រៅពី វត្តសំរោងក្នុង ដែលមានអាយុជាង៣០០ឆ្នាំ មានវត្តសុវណ្ណបុប្ផា ឬហៅ វត្តស្លក្រាម ដែលបច្ចុប្បន្ន មានអាយុ១៤៤ឆ្នាំ ពោលគឺកសាងក្នុងឆ្នាំ១៨៧៥ ដោយព្រះចៅអធិការលោកតា ម៉ៅ ។ វត្តសុវណ្ណបុប្ផា ឬ វត្តស្លក្រាម មានចម្ងាយ៧គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ។ តាមសង្ឃដីការបស់ព្រះគ្រូ សមថបណ្ឌិតោ ខ្លូត ដារ៉ា ចៅអធិការវត្តសុវណ្ណបុប្ផា ហៅ វត្តស្លក្រាម បច្ចុប្បន្ន មានទេសចរបរទេស ពិសេស ជនជាតិបារាំង មកទស្សនានៅក្នុងវត្តសុវណ្ណបុប្ផា ហៅ វត្តស្លក្រាមនេះ ដោយសារតែវត្តនេះត្រូវបានកសាងឡើងតាំងពីមុនសម័យអាណានិគមបារាំងមកម្លេះ។ ចំណែកឯ វត្តដំរីស ដែលស្ថិតនៅទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងខាងត្បូងជាប់នឹងសាលាក្រុងបាត់ដំបង ត្រូវបានកសាងក្នុងឆ្នាំ១៩០៤ មកដល់ឆ្នាំ២០១៩នេះ វត្តដំរីស មានអាយុ១១៥ឆ្នាំហើយ។ ទាំងនេះយោងតាមព័ត៌មានដែលមន្ទីរទេសចរណ៍ខេត្តបាត់ដំបង់បានចុះផ្សាយនៅក្នុងខែឧសភា ឆ្នាំ២០១៩នេះ។
 


វត្តដំរីស ក្នុងខេត្តបាត់ដំបង


បើតាមលោកបណ្ឌិត ចិន្ត ច័ន្ទរតនា វត្តអារាមគ្រប់កន្លែងទាំងវត្តចាស់ និងវត្តថ្មី អាចក្លាយជាតំបន់ទេសចរណ៍បែបពុទ្ធសាសនា តាមរយៈការរៀបចំចងក្រងប្រវត្តិ, ការរៀបចំទីធ្លាឲ្យបានស្អាត, មានកន្លែងថ្វាយបង្គំត្រឹមត្រូវ និងកន្លែងសំណាក់ធម៌ជាដើម។ ប្រធានក្រុមការងារមូលនិធិកេរដំណែលខ្មែររូបនេះ អំពាវនាវដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋ ចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌបែបពុទ្ធសាសនានេះឲ្យបានគង់វង្ស ដើម្បីលើកស្ទួយវិស័យទេសចរណ៍បែបពុទ្ធសាសនា។
 
វត្តដ៏ចំណាស់ទាំង៣ខាងលើនេះ នៅមានវត្តមួយចំនួនទៀតក្នុងខេត្តបាត់ដំបង បានក្លាយជាទីតាំងទេសចរណ៍បែបពុទ្ធសាសនា ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាឈ្វេងយល់ពីតម្លៃនៃព្រះពុទ្ធសាសនា, ពុទ្ធប្រវត្តិ, រចនាប័ទ្មនៃស្ថាបត្យកម្ម, គំនូរនៅតាមជញ្ជាំង និងរូបបដិមា កាលពីជំនាន់ពីរបីរយឆ្នាំមុនជាដើម។
 
វត្តអារាមនៅកម្ពុជាបច្ចុប្បន្នមានចំនួនសរុប ៤,៩៧៩វត្ត និងព្រះសង្ឃ ៧០,៨៥៣អង្គ ទូទាំងប្រទេស។ ក្នុងនោះមាន វត្តគណៈមហានិកាយ ៤,៧៤៤វត្ត ដែលមានព្រះសង្ឃ៦៦,០៣៦អង្គ។ ដោយឡែក ៤,៨១៧អង្គទៀត ជាព្រះសង្ឃគណៈធម្មយុត្តិកនិកាយ ក្នុងវត្តសរុប២៤១។ របាយការណ៍នេះ ត្រូវបានលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លើកឡើងក្នុងពិធីអនុសំវច្ឆរមហាសន្និបាតមន្រី្តសង្ឃទូទាត់ប្រទេសលើកទី២៧ នាសាលសន្និសីទចតុមុខ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨៕
 

Tag:
 បុរាណ
  វត្តអារាម
  បាត់ដំបង
  សំរោងក្នុង
  ដំរីស
  សុវណ្ណបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com