កីឡាជាតិ
ជាតិ
កុមារី​៥​រូប​មកពី​មូលនិធិ​កុមារ​កម្ពុជា ទៅ​បោះជំរំ​បាល់ទាត់​កុមារី នៅ​សហរដ្ឋអាមេរិក​
31, May 2019 , 5:41 pm        
រូបភាព
ដោយ:
​កុមារី​៥​រូប និង​គ្រូបង្វឹក​មកពី​មូល​និ​ធី​កុមារ​កម្ពុជា​(CCF) ទទួលបាន​ឱកាស​ទៅ​ទស្សនកិច្ច​កីឡា​បាល់​នៅ​សហរដ្ឋអាមេរិក​ចំនួន​២​សប្តាហ៍​។ កុមារី និង​គ្រូបង្វឹក​កម្ពុជា​ទាំងនេះ នឹងចូលរួម​បោះជំរំ​កីឡាបាល់ទាត់​នៅ​រដ្ឋ New Jersey និង New York នា​អំឡុង​ទស្សនកិច្ច​កីឡា​នេះ​។ ថ្នាក់ដឹកនាំ​ស្ថានទូត​អាមេរិក​រំពឹងថា កុមារី​កម្ពុជា​ទាំងនេះ​នឹង​ទទួលបាន​បទពិសោធ​ថ្មីៗ​ពី​សហរដ្ឋអាមេរិក ដើម្បី​មក​ចែករំលែក​ដល់​កុមារ​ដទៃ​ក្នុង​មូលនិធិ​កុមារ​កម្ពុជា​។

 
​ក្រោយ​ទទួលបាន​ការវាយតម្លៃ​ជា​សិស្ស​លេចធ្លោ និង​យកចិត្តទុកដាក់​ក្នុងការ​រៀនសូត្រ ពី​វគ្គ​បណ្តុះបណ្តាល​ស្តីពី​«​កា​រលើ​កម្ពស់​សមត្ថភាព​របស់​យុវជន​តាមរយៈ​កីឡា​» កុមារី​៥​រូប និង​គ្រូបង្វឹក​១​រូប​របស់​មូល​និ​ធី​កុមារ​កម្ពុជា ទទួលបាន​ឱកាស​ទៅ​ទស្សនកិច្ច​កីឡា​រយៈពេល​២​សប្តាហ៍​នៅ​សហរដ្ឋអាមេរិក​។​
 
​វគ្គ​បណ្តុះបណ្តាល​រយៈពេល​៦​ខែ​ដែល​រៀបចំ​ដោយ​មូល​និ​ធី ASA ខាងលើ មិន​ត្រឹមតែ​ផ្តល់​ការយល់ដឹង​ផ្នែក​កីឡាបាល់ទាត់​ដល់​កុមារា​និង​កុមារី​ប៉ុណ្ណោះ តែ​ជួយ​ឲ្យ​ពួកគេ​យល់ដឹង​ពី​សារៈសំខាន់​នៃ​វិន័យ ការគ្រប់គ្រង និង​ការធ្វើការងារ​ជា​ក្រុម​ដើម​។ លើសពីនេះ​វគ្គ​នេះ​បាន​ចូលរួមចំណែក​លើកកម្ពស់​ស្ត្រី និង​យុវជន​ក្នុងការ​កំណត់​គោលដៅ​ឈានទៅរក​ភាពជោគជ័យ​នៅ​ថ្ងៃ​អនាគត​។     
 
​អនុប្រធាន​ស្តីទី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​លោក Gary Anderson ជឿជាក់ថា កុមារី​កម្ពុជា​ទាំងនេះ​នឹង​យក​ចំណេះដឹង​ដែល​ទទួលបាន​ពី​វគ្គ​បណ្តុះបណ្តាល​ខាងលើ ទៅ​ចែករំលែក​ដល់​កុមារា​កុមារី​សហរដ្ឋអាមេរិក ក្នុងអំឡុងពេល​បោះជំរំ​កីឡាបាល់ទាត់​នៅ​រដ្ឋ New Jersey និង New York​។ លោក ក៏​រំពឹង​ផងដែរ​ថា កុមារ​ទាំងនេះ​នឹង​ទទួលបាន​ចំណេះដឹង និង​បទពិសោធ​ថ្មីៗ​ពី​សហរដ្ឋអាមេរិក ដើម្បី​អភិវឌ្ឍ​សមត្ថភាព ក៏ដូចជា​ចែករំលែក​ដល់​កុមារ​ដទៃ​ក្នុងន័យ​ជួយ​ឲ្យ​សហគមន៍​មូលនិធិ CCF មានការ​រីកចម្រើន​កាន់តែ​ប្រសើរ​។    
 
«​តាមរយៈ​កីឡា សិស្ស​ទាំងនេះ​បាន​រៀន​ពី​ភាពជា​អ្នកដឹកនាំ ដំណោះស្រាយ​ជម្លោះ ការពង្រឹង​ក្រុម និង​លើកកម្ពស់​សមត្ថភាព​ស្ត្រី និង​យុវជន ដើម្បី​កំណត់​គោលដៅ និង​ឈានទៅ​សម្រេចបាន​តាម​ការ​ស្រ​ម៉ៃ​ចង់បាន​របស់គេ​។ តម្លៃ​នៃ​កីឡា បាន​បង្រៀន​យើង​ពី​សារៈសំខាន់​នៃ​វិន័យ ការងារ​ក្រុម និង​ការ​ផ្តោតអារម្មណ៍​យកចិត្តទុកដាក់​។ ពេល​សិស្ស​របស់​យើង​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក ខ្ញុំ​សង្ឃឹមថា ពួកគេ​នឹង​យកទៅអនុវត្ត​នៅ​សហរដ្ឋអាមេរិក នូវ​មេរៀន​ដែល​គេ​បាន​រៀន​នៅ​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក Gary Anderson៕  
 

Tag:
 បាល់ទាត់​
  មូលនិធិ​កុមារ​កម្ពុជា​
  CCF
  សហរដ្ឋអាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com