អន្តរជាតិ
លោក ប្រា​យុទ្ធ ណែនាំ​ឲ្យ​ពលរដ្ឋ​ថៃ​អាន​សៀវភៅ​ដែល​សរសេរ​រិះគន់​របប​ផ្តាច់ការ​
31, May 2019 , 7:19 pm        
រូបភាព
ប្រភពរូប៖ កាសែត The Nation
ប្រភពរូប៖ កាសែត The Nation
ដោយ:
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា កាលពី​ថ្ងៃទី​៣០ ខែឧសភា បាន​ណែនាំ​ថា ប្រជាជន​ថៃ គួរ​អាន​សៀវភៅ​ប្រលោមលោក​មួយ​ក្បាល ដែល​ចំណងជើង​ថា «​កសិដ្ឋាន​សត្វ​ចិញ្ចឹម (Animal Farm)»​។ ប្រលោមលោក​នេះ ជា​ស្នាដៃ​របស់លោក George Orwell ដែល​សរសេរ​រិះគន់​អតីត​មេដឹកនាំ​ផ្តាច់ការ​សហភាពសូវៀត លោក Joseph Stalin ។

 
​បោះពុម្ពផ្សាយ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៤៥ «Animal Farm» ជា​សៀវភៅ​ប្រលោមលោក ដែល​កវី​ជនជាតិ​អង់គ្លេស Orwell រិះគន់​ឥត​សំចៃមាត់​លើ​របប​ដឹកនាំ​ផ្តាច់ការ ដែល​សំដៅលើ​សហភាពសូវៀត​ក្រោយពេល​ការធ្វើ​បដិវត្តន៍​។ 
 
​ប្រលោមលោក​នេះ និយាយ​អំពី​សត្វ​ចិញ្ចឹម​ជាច្រើន​ក្នុង​កសិដ្ឋាន​មួយកន្លែង ដែល​ត្រូវបាន​ម្ចាស់​ធ្វើទុក្ខបុកម្នេញ និង​ប្រើ​ឲ្យ​ធ្វើការ​ធ្ងន់ធ្ងរ​។  សត្វ​ចិញ្ចឹម​ទាំងនេះ រួមមាន សេះ មាន់ ឆ្កែ និង​លា ជាដើម ត្រូវបាន​ដឹកនាំ​ដោយ​ជ្រូក ក្នុង​គោលដៅ​បោះ​បោរ​ប្រឆាំងនឹង​ម្ចាស់​កសិដ្ឋាន និង​យក​ទីតាំង​កសិដ្ឋាន​នោះមក​កាន់កាប់​ដោយ​ខ្លួនឯង​។ ក្រោយពី​ពួក​ជ្រូក ចូល​កាន់កាប់​កសិដ្ឋាន​នោះ និង​ដាក់​កិច្ចការ​ផ្សេងៗ​ទៅកាន់​សត្វ​ចិញ្ចឹម​ទាំងអស់​ធ្វើ​។ ជា​លទ្ធផល ក្រោម​ការដឹកនាំ​របស់​ជ្រូក វា​ពុំបាន​បង្ហាញ​ពី​ភាពល្អប្រសើរ​ជាង​ការដឹកនាំ​របស់​មនុស្ស​ឡើយ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​កាសែត​ថៃ The Nation  អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ក្នុងប្រទេស​ថៃ ដែល​ប្រហែល​អាន​ប្រលោមលោក​នេះ មុន​លោក​ប្រយុទ្ធ​ណែនាំ បាន​ប្រៀបធៀប​ការធ្វើ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ​២០១៤ ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ដូច​ទៅនឹង​ការធ្វើ​បដិវត្តន៍​របស់​សត្វ​ជ្រូក ក្នុង​សៀវភៅ​ប្រលោមលោក​នេះ​។ ត្រង់ចំណុច​នេះ ពួកគេ​និយាយថា ការដឹកនាំ​របស់រប​ប​សឹក​ថៃ ពុំមាន​ភាពល្អប្រសើរ ហើយ​ប្រហែលជា​អាក្រក់​ខ្លាំង​ជាង​របប​ដែល​លោក ប្រា​យុទ្ធ បាន​ដឹកនាំ​ផ្តួលរំលំ​កាលពី​ឆ្នាំ​២០១៤ ទៅទៀត​ផង​។ 
 
​យ៉ាងណាមិញ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក  Werachon Sukondhapatipak បកស្រាយ​ថា លោក ប្រា​យុទ្ធ ពុំ​ចង់​ឲ្យ​ប្រជាជន​ថៃ​ភ្ជាប់​ការណែនាំ​អាន​សៀវភៅ​ប្រលោមលោក​នេះ ទៅនឹង​រឿង​នយោបាយ​ឡើយ​។ ត្រង់នេះ លោក ថា​៖«​ប្រជាជន ពុំគួរ​បកស្រាយ​ការណែនាំ​នេះ​ជាការ​ប្រមាថ​ទៅនឹង​ភាព​ចេះដឹង​របស់​ពួកគេ​ឡើយ​។ សៀវភៅ តែងតែ​ផ្តល់​ចំណេះដឹង​ជានិច្ច ហើយ​វា​អាស្រ័យ​លើ​ការបកស្រាយ​របស់​មនុស្ស​នីមួយៗ​»​។ 
 
​ឆ្លៀតឱកាស​ដែល​ប្រជាជន​ថៃ​រិះគន់​លើ​ការណែនាំ​សៀវភៅ​របស់លោក​ប្រា​យុទ្ធ ប្រធាន​គណបក្ស​អនាគត​ឈានទៅ​មុខ លោក Thanathorn Juangroongruangkit បាន​ប្រើប្រាស់​សារ​នេះ ដើម្បី​វាយប្រហារ​លើ​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​សណ្តាប់ធ្នាប់ និង​សន្តិភាព​ថៃ (NCPO) ដែល​បាន​ចូល​ក្តោប​ក្តាប់​អំណាច​តាមរយៈ​ការធ្វើ​រដ្ឋប្រហារ​កាលពី​៥​ឆ្នាំមុន​៕
 

Tag:
 ថៃ​
  ប្រា​យុទ្ធ​ចន្ទ​អូ​ចា​
  សៀវភៅ​
  Animal Farm
© រក្សាសិទ្ធិដោយ thmeythmey.com