កីឡាជាតិ
ជាតិ
អ្នកចាំទី Leonardo Oliveira កីឡាករ​បរទេស​ទី​៤ ដែល​ចែកផ្លូវ​ជាមួយ​ភ្នំពេញ​ក្រោ​ន
31, May 2019 , 7:39 pm        
រូបភាព
កីឡាករ Leonardo Oliveira បង្ហាញខ្លួនជាមួយភ្នំពេញក្រោនកន្លងទៅ, រូបភាពពីក្លិបភ្នំពេញក្រោន
កីឡាករ Leonardo Oliveira បង្ហាញខ្លួនជាមួយភ្នំពេញក្រោនកន្លងទៅ, រូបភាពពីក្លិបភ្នំពេញក្រោន
ដោយ:
​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បានសម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​អ្នកចាំទី Leonardo Oliveira ក្រោយ​រួមរស់​ជាមួយគ្នា​បាន​ជិត​ពាក់កណ្តាល​រដូវ​កាល​។ អ្នកចាំទី​ប្រេ​ស៊ី​ល​រូបនេះ ជា​កីឡាករ​បរទេស​ទី​៤​ដែល​ក្លិប​ភ្នំពេញ​ក្រោ​ន​បានបញ្ចប់​កិច្ចសន្យា​មុន​កាលកំណត់​។ តែ​យ៉ាង​ក្លិប​ជើងឯក​៥​សម័យកាល​មួយ​នេះ មិនបាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​នៃ​ការបញ្ចប់​កិច្ចសន្យា​នេះឡើយ​។

 
​អ្នកចាំទី​ប្រេ​ស៊ី​ល Leonardo Oliveira ជា​កីឡាករ​បរទេស​ទី​៤ ដែល​បាន​ចែកផ្លូវ​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​មុន​កាលកំណត់​នៅ​រដូវ​កាល​នេះ​។ ជាមួយ​ការអះអាង​មានការ​ឯកភាពគ្នា​ទាំងសងខាង​ក្នុង​ការចែក​ផ្លូវ ក្លិប​ភ្នំពេញ​ក្រោ​ន​មិនបាន​បញ្ជាក់​លំអិត​ពី​មូលហេតុ​នៃ​បញ្ហា​នេះឡើយ ដោយ​គ្រាន់តែ​បញ្ជាក់ថា កីឡាករ​រូបនេះ​មាន​បញ្ហា​ផ្ទាល់ខ្លួន​។ 
 
«​អ្នកចាំទី Leonardo Oliveira បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លិប​ភ្នំពេញ​ក្រោ​ន ក្រោម​ហេតុផល​ផ្ទាល់ខ្លួន​មួយចំនួន និង​ដោយ​មានការ​ព្រមព្រៀងគ្នា​ក្នុងការ​បញ្ចប់​កិច្ចសន្យា​ជា​ស្ថាពរ​។ ឈរលើ​លទ្ធផល​នៃ​ការពិភាក្សា​រវាង​ភាគី​ក្លិប និង​សាមីខ្លួន​បានសម្រេច​មិន​លើក​បង្ហាញ​មូលហេតុ​ទាំង​នោះឡើយ​»​។ នេះ​ជា​បញ្ជាក់​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​តាម​គេហទំព័រ​របស់ខ្លួន​។​
 
​អ្នកចាំទី​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​តាំងពី​មុន​បើក​រដូវ​កាល​ថ្មី តែ​រូបគេ​បានបង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​ផ្លូវការ​បាន​៣​លើក​ប៉ុណ្ណោះ បើ​គិត​ត្រឹម​សប្តាហ៍​ទី​១០​។ ភ្នំពេញ​ក្រោ​ន​បានបញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​ចំនួន​៤​រូប​ហើយ បើ​គិត​តាំង​ពីមុន​បើក​រដូវ​កាល​ថ្មី​។ មុន​បើក​រដូវ​កាល​ថ្មី​ក្លិប​នេះ​បានបញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ​កូរ៉េខាងត្បូង Tae Wong Kim ក្រោយ​រួមរស់​ជាមួយគ្នា​បាន​ពីរ​ខែ​។ 
 
​បន្ទាប់មក​ក្លិប​ខកខាន​លើក​ពាន​៣​រដូវ​កាល​មួយ​នេះ បានសម្រេច​ចែកផ្លូវ​ជាមួយ​កីឡាករ​បរទេស​ពីររូប​ទៀត​ជា​បន្តបន្ទាប់ កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៩​។ កីឡាករ​ទាំងនេះ​រួមមាន​ខ្សែការពារ Jhonata Sant’anna Da Silva និង​ខ្សែប្រយុទ្ធ Darlan Martin ដោយ​ការចាកចេញ​របស់​ពួកគេ​ទាំងពីរ​ក្រោម​ហេតុផល​រងរបួស​ដូចគ្នា​។ 
 
​ក្រៅពី​កីឡាករ​ទាំងនេះ ភ្នំពេញ​ក្រោ​ន​កាលពីពេល​ថ្មីៗ ទើបតែ​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​ប្រេ​ស៊ី​ល Leonardo Vitorino ក្រោយ​ក្លិប​ទទួលបាន​លទ្ធផល​មិនសូវ​ល្អ ក្រោម​ដឹកនាំ​របស់លោក​។ ក្រោយ​ការចាកចេញ​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល​រូបនេះ ក្លិប​បាន​ដំឡើង​តួនាទី​លោក ស៊ុំ វណ្ណា ពី​គ្រូ​ជំនួយ​ទៅជា​គ្រូបង្វឹក​បណ្តោះអាសន្ន​។   
 
​ក្រោយ​ការចាកចេញ​របស់​អ្នកចាំទី​ប្រេ​ស៊ី​ល​ខាងលើ ក្រុម​ស្ថិតនៅ​លេខ​រៀង​ទី​៨​មាន​១២​ពិន្ទុ​មួយ​នេះ​នៅសល់​កីឡាករ​បរទេស​តែ​ពីររូប​ប៉ុណ្ណោះ គឺ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Paulo Victor និង​ខ្សែបម្រើ​ជប៉ុន Shuhei Mitsuhashi​។ នៅ​សប្តាហ៍​នេះ ភ្នំពេញ​ក្រោ​ន​ត្រូវ​តទល់​ជាមួយ​ក្រសួងការពារជាតិ​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩៕ 
 

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  Leonardo Oliveira
© រក្សាសិទ្ធិដោយ thmeythmey.com