អន្តរជាតិ
ដើម្បី​ជួយ​កសិករ រដ្ឋបាល​កោះ​បាលី ឲ្យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ប្រើ​ក​សិផល​ក្នុងស្រុក
31, May 2019 , 8:19 pm        
រូបភាព
ប្រភពរូប៖​ AFP
ប្រភពរូប៖​ AFP
ដោយ:
​អាជ្ញាធរ​កោះ​បាលី នៃ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ដាក់ចេញ​បទបញ្ជា​មួយ ដែល​តម្រូវ​តាមច្បាប់​ឲ្យ​បណ្តា​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នានា ប្រើប្រាស់​ផលិតផល​កសិកម្ម​ដែល​ដាំ​ដុះ​ក្នុង​តំបន់​ផ្ទាល់​តែម្តង​។ ចំណាត់ការ​ថ្មី ដែល​រាប់បញ្ចូល​ផលិតផល​នេសាទ និង​ឧស្សាហកម្ម​ក្នុងស្រុក​ផង​នោះ មាន​គោលដៅ​ជួយ​គាំទ្រ​ដល់​ប្រជាកសិករ ដែល​ប្រឹងប្រែង​ធ្វើការ​របស់​ពួកគេ​ក្នុង​កោះ​បាលី​។ ទន្ទឹមនឹង​គ្នា បទបញ្ជា​នេះដែរ ក៏​តម្រូវ​ឲ្យ​បណ្តា​ផ្សារ​ទំនើប​នានា ដាក់លក់​កសិផល​ក្នុង​តំបន់​ឲ្យ​កាន់តែច្រើន​ផងដែរ​។

 
​បទបញ្ជា​ថ្មី ហៅថា  «Bali Gubernatorial Regulation No. 99/2018» ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​អភិបាលខេត្ត បាលី លោក Wayan Koster និង​បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ​២០១៨​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត The Jakarta Post ។​
 
​បទបញ្ជា​នេះ ចែង​លក្ខខណ្ឌ​ថា ផលិតផល​នេសាទ កសិដ្ឋាន​និង​កសិកម្ម​យ៉ាងហោចណាស់ ៣០​ភាគរយ ដែល​ត្រូវ​ប្រើប្រាស់​ដោយ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នានា  ចាំបាច់​ត្រូវតែមាន​ផលិតផល​ក្នុងស្រុក​។ ចំណែក ផលិតផល​កសិដ្ឋាន និង​កសិកម្ម​យ៉ាងហោច​ណាស់ ៦០​ភាគរយ ដែល​ផ្តល់​ឲ្យ​ដោយ ផ្សារ​ទំនើប​នានា ត្រូវតែមាន​ប្រភពពី​ប្រជាកសិករ​ក្នុងស្រុក​។ 
 
​លើសពីនេះ ផ្សារ​ទំនើប ដែល​ដាក់លក់​ផលិតផល​នេសាទ រួមមាន សាច់​ត្រី ជាដើម ត្រូវតែមាន​ប្រភព​៣០​ភាគរយ​នៃ​ទំនិញ​នេះ​ពី​ប្រជា​នេសាទ​ក្នុង​តំបន់​។ បទបញ្ជា​នេះដែរ ក៏​តម្រូវ​ឲ្យ​បណ្តា​សណ្ឋាគារ ភោជនីយដ្ឋាន និង​ផ្សារ​ទំនើប​នានា  ចាប់ដៃ​សហការ​ជាមួយ​កសិករ សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​បណ្តា​អង្គការ​ពាក់ព័ន្ធ​នានា​។ 
 
​អ្វីដែល​ពិសេស​នោះ បទបញ្ជា​ថ្មី​នេះ ក៏​ចែងថា តម្លៃ​ផលិតផល​កសិកម្ម​ក្នុង​តំបន់ ដែល​ទិញ​ពី​កសិករ ត្រូវតែ​មានតម្លៃ ២០ ភាគរយ​ខ្ពស់ជាង​ថ្លៃ​ផលិក​ម្ម​របស់​កសិករ​។ តាម The Jakarta Post  លោក Wayan Koster ចាត់ទុក​បទបញ្ជា​នេះ​ជាកា​ដូរ​សម្រាប់​ប្រជាកសិករ អ្នកនេសាទ និង​បុគ្គលិក​របស់​រោងចក្រ​ក្នុង​កោះ​បាលី ដើម្បី​ជួយ​ឲ្យ​ពួកគេ​សប្បាយចិត្ត និង​រីកចម្រើន​។ 
​ជាមួយគ្នានេះ លោក Wayan ក៏បាន​សង្កត់ធ្ងន់​ទៀតថា បទបញ្ជា​ថ្មី​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជួយ​គាំទ្រ​ភាព​យូរអង្វែង​ក្នុង​ទីផ្សារ​ផលិតផល​ក្នុងស្រុក​។ ត្រង់ចំណុច​នេះ លោក ថា​៖«​សម្រាប់​អ្នក​ដែល​កំពុងបើក​អាជីវកម្ម​ក្នុង​កោះ​បាលី សូមអ្នក​ចូលរួម​អភិវឌ្ឍ​កោះ​បាលី​ផង ពុំមែន​គ្រាន់តែ​អភិវឌ្ឍ​អាជីវកម្ម​របស់​អ្នក​ឡើយ​»៕

Tag:
 ​ឥណ្ឌូណេស៊ី​
  កោះ​បាលី​
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com