ជាតិ
សង្គមជាតិ
សព្វថ្ងៃ កម្ពុជា មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ជាង​៧​ម៉ឺន​នាក់ ដែល​ភាគច្រើន​បុរស​រួមភេទ​ជាមួយ​បុរស
31, May 2019 , 8:39 pm        
រូបភាព
រូបភាព លោក អៀង មូ​លី​ ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធ​នឹង​ជំងឺអេដស៍
រូបភាព លោក អៀង មូ​លី​ ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធ​នឹង​ជំងឺអេដស៍
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការរួមចំណែក​នៃ​វិស័យ​ឯកជន ក្នុង​បញ្ហា​សុខភាព និង​ការឆ្លើយតប​នឹង​ជំងឺអេដស៍ កាលពី​ថ្ងៃទី​៣០ ខែឧសភា លោក អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ជំងឺអេដស៍ បាន​លើកឡើងថា គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០១៩​នេះ កម្ពុ​ជាមាន​អ្នករស់នៅ​ជាមួយ​ជំងឺអេដស៍​ជាង​៧​ម៉ឺន​៣​ពាន់​នាក់ ដែល​នៅ​ក្នុងនោះ​មាន​ប្រមាណ​១​ម៉ឹ​ន​នាក់​មិនទាន់​ទទួលបាន​សេវា​ថែទាំ​ជំងឺអេដស៍​នៅឡើយ​។

 
 
 
​លោក អៀង មូលី ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) ដកស្រង់​សម្តី​ថា ការកើនឡើង​នៃ​ជំងឺអេដស៍​ថ្មី​នេះ ភាគច្រើន​កើតឡើង​ចំពោះ​យុវជន ជាពិសេស​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស និង​អ្នក​ក្លែងភេទ​។  លោក បាន​បញ្ជាក់ថា អស់​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លងមកនេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​បាន​ខិតខំ​អនុវត្ត​កិច្ច​អន្តរាគមន៍​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​ដោយ​ដាក់បញ្ចូល​ការឆ្លើយតប​មេរោគ​អេដស៍​ទៅក្នុង​ប្រព័ន្ធ​សុខាភិបាល​ដែលមាន​ស្រាប់ និង​ប្រព័ន្ធ​គាំពារ​សង្គម​។ 
 
​ដើម្បី​បន្ត​កិច្ចការ​ការពារ​ថែទាំ​អ្នកជំងឺ​អេដស៍ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​រូបនេះ បានស្នើ​សុំ​ឲ្យ​អង្គការ  HP+ Palladium និង​ដៃគូ​សាធារណៈ និង​ឯកជន បង្កើតជា​ច្រកចេញចូល​តែមួយ​រវាង​វិស័យ​ឧស្សាហកម្ម និង​ធុរកិច្ច​ឯកជន ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​។ ជាពិសេស លោក​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ដាក់បញ្ចូល ការឆ្លើយតប​នឹង​ជំងឺអេដស៍​ថា ជា​ផ្នែក​មួយ​ដែល​ផ្តោត​ការយកចិត្តទុកដាក់​ក្នុង​ផែនការ​សាជីវកម្ម​ដែលមាន​ទំនួល​ខុសត្រូវ​សង្គម​។​
 
​សូមបញ្ជាក់ថា កម្ពុជា​បាន​ចំណាយ​ថវិកា​អស់​៨០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ឆ្លើយតប​នឹង​ជំងឺអេដស៍​រយៈពេល​២៨​ឆ្នាំ​មកហើយ​។ ជា​លទ្ធផល កម្ពុជា អាច​បង្ការ​មនុស្ស​៩​សែន​នាក់​ឆ្លង និង​បញ្ចៀស​មនុស្ស​៦​សែន​នាក់ មិន​ឲ្យ​ស្លាប់​ដោយសារ​ជំងឺអេដស៍​៕  
 
 

Tag:
 ជំងឺអេដស៍​
 ​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com