ជាតិ
រដ្ឋមន្ត្រី​កសិកម្ម​ចេញ​វិធានការ​៨​ចំណុច ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​វៀតណាម​
31, May 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សារាចរ​ណែនាំ​ថ្មី ស្តីពី​វិធានការ​បន្ទាន់​៨​ចំណុច​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​បានកើត​នៅ​ប្រទេស​វៀតណាម ក្នុង​ខេត្ត​ចំនួន​ជាប់​ព្រំដែន​កម្ពុជា ។ ការចេញ​វិធានការ​នេះ ធ្វើឡើង​ក្រោយពី​ក្រសួងកសិកម្ម ឃើញ​សញ្ញា​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​នេះ ដល់​កម្ពុជា​។

 
 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម ប្រាប់​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់​លើ​បញ្ហា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្នុងប្រទេស​វៀតណាម ដែល​នៅ​កៀក​កិត​ជាប់​ព្រំដែន​កម្ពុជា​នេះ​។ តាមរយៈ​សញ្ញា​ហានិភ័យ​នេះ រដ្ឋមន្ត្រី​កសិកម្ម ដាក់ឱ្យ​មន្ទីរ​កសិកម្ម​គ្រប់​ខេត្ត ពិសេស​ខេត្ត​ដែល​ជាប់​ព្រំដែន​វៀតណាម ត្រូវអនុវត្ត​ឱ្យ​ម៉ឺងម៉ាត់​ចំពោះ​វិធានការ​៨​ចំណុច ដោយ​ក្នុងនោះ​រួមមាន​ទី​១. ពង្រឹង​ការទប់ស្កាត់​ការ​នាំចូល​ជ្រូក​រស់ និង​ផលិតផល​ជ្រូក​ខុសច្បាប់​គ្រប់​ប្រភេទ តាម​ច្រកព្រំដែន អាកាសយានដ្ឋាន​អន្តរជាតិ កំពង់ផែ និង​ផ្លូវគោក​ពី​ប្រទេស​វៀតណាម​។​
 
​ចំណុច​ទី​២.  បន្ត​ការតាមដាន និង​ពង្រឹង​សុវត្ថិភាព​អនាម័យ​គ្រប់​ទីកន្លែង​ចិញ្ចឹម​ជ្រូក កន្លែង​ប្រមូលផ្តុំ​ជ្រូក កន្លែង​អាជីវកម្ម​ជ្រូក និង​សត្តឃាតដ្ឋាន​ជ្រូក​ទូទាំងប្រទេស ដោយ​ចាត់វិធានការ​ឲ្យ​ទាន់ពេលវេលា ប្រសិន​សង្ស័យ​មាន​វត្ត​មាននៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក តាមរយៈ​ការសម្លាប់​មេរោគ ឬ​កម្ទេចចោល​តែម្ដង​។ ទី​៣. រាល់​ការ​ចរាចរ​សត្វ​ជ្រូក និង​ផលិតផល​ជ្រូក ត្រូវមាន​វិញ្ញាបនបត្រ​បសុព្យាបាល​ពី​ប្រទេស​នាំចេញ និង​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​សុខភាព​សត្វ និង​អនាម័យ​សត្វ​ពី​មន្ត្រី​ជំនាញ​បសុពេទ្យ​។ ទី​៥ មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​សហការ​ឱ្យបាន​ល្អជា​មួយ​ភាគី​វៀតណាម ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ដែល​ទាក់ទង នឹង​ជំងឺប៉េស្ត​នេះ និង​ផលិតផល​ជ្រូក ដើម្បី​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ជាពិសេស​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​ទៅ​អាជ្ញាធរ ប្រជាពលរដ្ឋ អ្នក​ចិញ្ចឹម​ជ្រូក និង​អាជីវករ អំពី​ផលប៉ះពាល់​នៃ​ជំងឺប៉េស្ត​ជ្រូក​ជាដើម​។​
 
​បច្ចុប្បន្ន​ខេត្ត​នៃ​ប្រ​ទស​វៀតណាម ដែល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​មាន ខេត្ត​យ៉ា​ឡាយ ជាប់​ជាមួយ​ខេត្តមណ្ឌលគិរី​, ខេត្ត​ដុង​ថាប់ ជាប់​ខេត្តព្រៃវែង​, ខេត្ត​កៀន​យ៉ា​និង​អាន​យ៉ា ជាប់​ខេត្តកំពត និង​ខេត្តកណ្តាល​។ នេះ​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។​

អត្ថបទទាក់ទង

 
​កម្ពុជា​នាំចូល​ជ្រូក​ជិត​២​ពាន់​ក្បាល​ពី​ប្រទេស​ថៃ​ក្នុង​មួយថ្ងៃ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ ក្រោយពី​ជ្រូក​វៀតណាម កំពុង​ជួប​បញ្ហា​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។​
 
​បើ​គិត​ត្រឹម​ខែឧសភា​នេះ អាជ្ញាធរ​វៀតណាម​បានសម្លាប់​ជ្រូក​ជិត​២​លាន​ក្បាល​ដែល​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ហើយ ដើម្បី​រារាំង​កុំ​ឲ្យ​ជំងឺ​នេះ​រាតត្បាត​ឲ្យ​កាន់តែខ្លាំង​ឡើង ខណៈពេលដែល​ជំងឺ​នេះ​កំពុង​រាលដាល​ដល់​ខេត្ត​ចំនួន​៤២​ក្នុងចំណោម​ខេត្ត​ទាំង​៦៣​របស់​ប្រទេស​វៀតណាម​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងកសិកម្ម​វៀតណាម​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែឧសភា​។ 
 
​គួរ​បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​លើកដំបូង​នៅ​ឆ្នាំ​១៩០៧ នៅ​ប្រទេស​កេ​ន​ញ៉ា ហើយ​វា​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​ទៅតាម​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក និង​ចុងក្រោយ ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ក្នុង​ឆ្នាំ​២០១៨ រួច​បន្ត​រាល​ឆ្លង​ចូលក្នុង​ប្រទេស​ចិន​។ បច្ចុប្បន្ន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ កំពុង​បន្ត​រាលដាល​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ប៉ែក​ខាងជើង និង​កណ្តាល​នៃ​ប្រទេស​វៀតណាម​៕

Tag:
 កសិករ​
  ជំងឺប៉េស្ត​អាហ្វ្រិក​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com