ជាតិ
សង្គមជាតិ
បកស្រាយម្តងទៀត៖ ប៉ូលិសដែលយក Ipad របស់គេ សង្ស័យថាមាន «បញ្ហាខួរក្បាល»
31, May 2019 , 8:03 pm        
រូបភាព
អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីបំភ្លឺមួយ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ជុំវិញករណីនគរបាលនៃអង្គភាពជើងទឹកមួយរូប ដែលមានឋានន្តរស័ក្តិជាអនុសេនីយ៍ឯក (ស័ក្តិ៣) បានយក Ipad ចេញពីកន្លែងវេរលុយមួយ នៅខណ្ឌទួលគោក នាពេលថ្មីៗនេះ។



អ្នកនាំពាក្យ បានសរសេរក្នុងសេចក្តីបំភ្លឺរបស់ខ្លួនថា «ការបញ្ជាក់របស់ម្តាយនគរបាលនោះ បានឲ្យដឹងថា ក្នុងអំឡុងពេលប្រមាណមួយខែចុងក្រោយនេះ កូនរបស់គាត់ ហាក់ដូចជាមានអាកប្បករិយា និងសកម្មភាពចម្លែកៗជាច្រើន ដែលសង្ស័យថាអាចមានបញ្ហាខួរក្បាល»។

អ្នកនាំពាក្យ បន្តថា ដោយអាស្រ័យលើហេតុផលខាងលើ អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់សាមីអង្គភាពឲ្យទទួលយកនគរបាលនោះ ទៅអប់រំឡើងវិញ និងប្រគល់ជូនឪពុកម្តាយ ដើម្បីយកទៅពិនិត្យព្យាបាលជំងឺ។

លើសពីនេះ អ្នកនាំពាក្យ ក៏បានលើកឡើងអំពីជីវភាពរបស់នគរបាលនោះផងដែរ។ អ្នកនាំពាក្យ អធិប្បាយថា «ផ្អែកតាមការពិនិត្យលើស្ថានភាពគ្រួសាររបស់នគរបាលនោះ ឃើញថា មានជីវភាពធូរធា ដែលពុំមានហេតុផលណាបញ្ជាក់ថា គាត់មានការខ្វះខាត រហូតដល់ប្រព្រឹត្តអំពើចោរកម្មឡើយ។ សូមបញ្ជាក់ថា ពេលនគរបាលនោះ ទៅដកប្រាក់ពីផ្ទះវេរលុយ និងយក Ipad ពីផ្ទះនោះមក គឺរូបគេ ជិះរថយន្តផ្ទាល់ខ្លួនម៉ាក Range Rover»។

សេចក្តីបំភ្លឺនេះ គឺធ្វើឡើងបន្ទាប់ពី សាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នាសើចចំអក ចំពោះការបកស្រាយលើកមុនថា នគរបាលរូបនោះ ច្រឡំដៃយក Ipad របស់គេ ពោលគឺមិនមែនលួចឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com