ជាតិ
លោក ហ៊ុន ម៉ា​នី ឃ្នើសចិត្ត​នឹង​លោក លី សៀន​ឡុង
31, May 2019 , 11:41 pm        
រូបភាព
​នៅ​ថ្ងៃទី​៣១​ខែឧសភា​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង ក្នុង​បរិបទ​នៃ​ការរំលែក​មរណទុក្ខ បានបង្ហាញ​អារម្មណ៍​កោតសរសើរ​ភាពជា​អ្នកដឹកនាំ​របស់លោក ព្រេ​ម ទីន​ស៊ូ​ឡា​នុ​ន​ដា អតីត​នាយករដ្ឋមន្ត្រី​ថៃ​ក្នុង​ទសវត្សរ៍​១៩៨០ និង​ជា​អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​ថៃ ដែល​ទើបបាន​ទទួលមរណភាព​កាលពី​ថ្ងៃទី​២៦​ខែឧសភា​ថ្មីៗ​នេះ​។ លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​ស្ញប់ស្ញែង​ការដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​ក្នុង​ទសវត្សរ៍​១៩៨០​នោះ ប៉ុន្តែ​បាន​ប្រើពាក្យ​ពេចន៍​គង​លើ​កម្ពុជា ដែល​ធ្វើឱ្យ​តំណាងរាស្ត្រ ហ៊ុន ម៉ា​នី រង្កៀស​ចិត្ត​។​

 
​លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បានសរសេរថា​៖«​ក្នុងអំឡុង​ពេលដែល​លោក ព្រេ​ម ទីន​ស៊ូ​ឡា​នុ​ន​ដា ធ្វើជា​នាយករដ្ឋមន្ត្រី​ថៃ​នោះ វា​ក៏​ជា​ពេលដែល​សមាជិក​អាស៊ាន​ទាំង​៥​នៅពេលនោះ បាន​ប្រឆាំងនឹង​ការឈ្លានពាន​របស់​វៀត​ណា​ម​មកលើ​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា (​ពេលនោះ​) ដែល​មក​ជំនួស​របប​ខ្មែរក្រហម​»​។ លោក លី សៀន​ឡុង សរសេរ​បន្តទៀតថា​៖«​ប្រទេស​ថៃ​បាន​ប្រឈម​នឹង​កងទ័ព​វៀតណាម​នៅតាម​បណ្តោយ​ព្រំដែន​របស់ខ្លួន​ជាមួយ​កម្ពុជា​។ លោក​ឧ​ត្ត​ម​សេនីយ៍ ព្រេ​ម បានសម្រេច​ចិត្ត​យ៉ាង​មុតមាំ​ដោយ​មិន​ទទួលយក​អ្វីដែល​កំពុង​កើតឡើង​នោះ ហើយ​បានធ្វើការ​ជាមួយ​ដៃគូ​ក្នុង​អាស៊ាន​ដើម្បី​ប្រឆាំង​វៀតណាម​នៅតាម​វេទិកា​អន្តរជាតិ​នានា​»​។​
 
​ឃ្លា​ទាំងនេះ ទំនងជា​បានធ្វើឱ្យ​លោក ហ៊ុន ម៉ា​នី ហួសចិត្ត ហើយ​ត្រូវ​សរសេរ​ប្រតិកម្ម​ជា​ភាសា​អង់គ្លេស​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយមាន​ភ្ជាប់​សារ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​សិង្ហ​បុរី​ផង​។​
 
«​ខ្ញុំ​មាន​អារម្មណ៍​ហួស​ពី​ការភ្ញាក់ផ្អើល នៅពេល​បានឃើញ​សារ​របស់​នាយករដ្ឋមន្ត្រី លី សៀន​ឡុង នេះ​»​។ នេះ​ជា​ពាក្យ​របស់លោក ហ៊ុន ម៉ា​នី ដែលជា​កូនប្រុស​ម្នាក់​របស់​សម្តេច​នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ផ្តួលរំលំ​របប​ខ្មែរក្រហម ដោយមាន​ជំនួយ​ពី​យោធា​វៀតណាម ហើយ​ដែល​ចាប់តាំងពី​ឆ្នាំ​១៩៨៥​មក លោក​ក្លាយជា​នាយករដ្ឋមន្ត្រីរ​បស់​កម្ពុជា​រហូតដល់​បច្ចុប្បន្ននេះ​។​
 
​សម្រាប់​លោក ហ៊ុន ម៉ា​នី ដែល​បញ្ចេញ​គំនិត​ក្នុងនាម​ផ្ទាល់ខ្លួន​នោះ លោក ម៉ា​នី យល់​អាច​យល់បាន​អំពី​ជំហរ​នយោបាយ​ដែល​តំណាងឱ្យ​ជ្រុង​មួយ​នៃ​ស្ថានភាព​របស់​សមាជិក​ខ្លះ​នៃ​អាស៊ាន​។ ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ ចំពោះ​លោក ហ៊ុន ម៉ា​នី គេ​មិនត្រូវ​បំភ្លេច​ភាព​សាហាវយង់ឃ្នង​ប្រឆាំង​មនុស្សជាតិ​ឡើយ​។​
 
​លោក ហ៊ុន ម៉ា​នី ដែលជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​បាន​សរសេរ​យ៉ាង​ដូច្នេះ​៖«​បើទោះជា​វា​ជា​ការណ៍​ពិត​នៃ​ភូមិសាស្ត្រ​នយោបាយ ឬ​ជាការ​ធ្វើឡើង​ដើម្បី​ប្រយោជន៍​ជាតិ​របស់ខ្លួន​ក៏ដោយ គេ​មិនគួរ​មើលរំលង ឬ​បំភ្លេច​អំពើ​ឃោរឃៅ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​ប្រព្រឹត្ត​ដោយ​ពួក​ខ្មែរក្រហម​នោះទេ​»​។ កូនប្រុស​របស់​សម្តេច ហ៊ុន សែន ដែល​តែង​ដឹកនាំ​ក្រុមយុវជន​រំឭក​វិញាណក្ខន្ធ​អ្នកស្លាប់​ក្នុង​របប​ខ្មែរក្រហម​រៀងរាល់ថ្ងៃ​១៧​មេសា បាន​បន្តទៀតថា នៅពេលដែល​គ្រប់គ្នា​កំពុង​លេង​នយោបាយ ប្រជាជន​កម្ពុជា​កំពុងតែ​បន់ស្រន់​រក​អ្នកណា​ក៏បាន មកពី​ទីណា​ក៏បាន ឱ្យតែ​មកជួយ​សង្គ្រោះ​ជីវិត​របស់​ពួកគេ​ពី​របប​ខ្មែរក្រហម​។​
 
«​ការជួយ​សង្គ្រោះ​[​ពលរដ្ឋ​កម្ពុជា​] គឺ​បានមកពី​គណបក្ស​ប្រជាជន​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​ប្រទេស​វៀតណាម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន ម៉ា​នី ដែលជា​សមាជិក​គណៈកម្មាកា​រ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com