ជាតិ
សង្គមជាតិ
ស្ថាប័នផ្នែកកុមារ តឿនអាណាព្យាបាល កុំឲ្យទុកក្មេងចោល ចៀសវាងការរំលោភសម្លាប់ រូបពីក្រុមប្រឹក្សាជាតិដើម្បីកុមារ
× ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអំពាវនាវឲ្យឪពុកម្ដាយគ្រប់រូប យកចិត្តទុកដាក់ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសមិនត្រូវទុកកូនឲ្យនៅម្នាក់ឯងគ្មានមនុស្សពេញវ័យមើលថែទេ។ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អំពាវនាវបែបនេះ ក៏ព្រោះតែបារម្ភពីការកើតឡើងនូវករណីរំលោភសម្លាប់លើកុមារីឬក្មេងស្រីតូចៗ។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានថ្កោលទោសយ៉ាងដាច់អហង្សារ ចំពោះករណីរំលោភសម្លាប់លើកុមារីម្នាក់អាយុ១០ឆ្នាំ ហើយប្អូនប្រុសរបស់នាង ដែលមានអាយុទើបតែ២ឆ្នាំ ក៏ត្រូវបានសម្លាប់ដែរ កាលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។ តាមសេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃទី៣០ ខែឧសភា ស្ថាប័នជាតិផ្នែកកុមារមួយនេះ ចាត់ទុកករណីខាងលើ ថាជាអំពើឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ សេចក្ដីថ្លៃថ្នូរ ប្រយោជន៍របស់កុមារ និងធនធានមនុស្សសម្រាប់អនាគតរបស់ប្រទេស។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានយកករណីដ៏គួរតក់ស្លត់នេះ ទៅដាស់តឿនដល់ឪពុកម្ដាយគ្រប់រូប ឲ្យមានស្មារតីទទួលខុសត្រូវ ហើយពុំត្រូវទុកកូនឲ្យនៅម្នាក់ឡើយ។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអំពាវនាវឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រសួង ស្ថានប័នពាក់ព័ន្ធទាំងអស់ ចាត់វិធានការតាមច្បាប់លើឧក្រិដ្ឋជន ដែលបង្កប្រព្រឹត្តបទល្មើសខាងលើ ឲ្យសមនឹងស្ថានទម្ងន់ទោស។ ការធ្វើបែបនេះ ដើម្បីកុំឲ្យមានអំពើឃោរឃៅដូចខាងលើកើតមានបន្តទៀត។
មកដល់ពេលនេះ សមត្ថកិច្ច មិនទាន់ចាប់បានឃាតក ដែលសម្លាបក្មេងប្រុស-ស្រីទាំងពីរនាក់ បាននៅឡើយទេ។ ប៉ុន្តែ លោក ជួន ណារិន្ទ ប្រាប់ថា សមត្ថកិច្ច កំណត់មុខសញ្ញាជនល្មើសនោះបានហើយ៕
Tag:
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
ឃាតកម្ម
រំលោភសម្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com