ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
អាកាសយានដ្ឋាន​នៅ​ខេត្តកោះកុង សង់​ជិត​រួចហើយ ដើម្បី​ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ​
01, Jun 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
កំណើន​ភ្ញៀវ​អន្តរជាតិ និង​វិនិយោគិន​ពី​បណ្តា​ប្រទេស​នានា ចូលមក​ប្រទេស​កម្ពុជា  បានធ្វើឱ្យ​ខេត្ត​ជាច្រើន ដែល​ធ្លាប់​តែមាន​ភាព​ស្ងៀមស្ងាត់ ប្រែក្លាយ​មាន​ភាព​សម្មភាព​មមាញឹក ជាមួយនឹង​ការអភិវឌ្ឍ​ជាច្រើន ទាំង​វិស័យ​អចលនទ្រព្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដូចជា ផ្លូវថ្នល់ ស្ពាន និង​អាកាសយានដ្ឋាន​ជាដើម​។​
​តួយ៉ាង ខេត្តកោះកុង​ដែល​ធ្លាប់​តែមាន​ភាពស្ងប់ស្ងាត់ ដាច់​ឆ្ងាយ​ពី​តំបន់​ផ្សេងៗ អាច​នឹង​ប្រែជា​អ៊ូអរ​មិន​ខាន នៅពេល​ខាងមុខ ដោយសារតែ​ពេលនេះ អាកាសយានដ្ឋាន​នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ជិត​បញ្ចប់​ការសាងសង់​ហើយ​។​
 
​មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង អាកាសយានដ្ឋាន​ក្នុង​ខេត្តកោះកុង​នេះ ស្ថិតក្រោម​ការវិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន Union Development Group (UDG) ។ មាន​ជនជាតិខ្មែរ និង​ចិន​រាប់សិប​នាក់ កំពុង​មមាញឹក​សាងសង់​អាកាស​យានដ្ឋាន​នេះ ឲ្យ​រួចរាល់​នៅក្នុង​ខែឧសភា ឆ្នាំ​២០២០​ខាងមុខ តាម​ផែនការ​។​
 
​ព្រលានយន្តហោះ​ខេត្តកោះកុង តម្លៃ ៣.៨ ពាន់​លាន​ដុល្លារ និង​មាន​ប្រវែង​វែង​ជាង​ព្រលានយន្តហោះ​នៅ​ភ្នំពេញ ដោយ​ផ្លូវ​យន្តហោះ​របស់​ព្រលាន​នេះ មាន​ប្រវែង​បណ្តោយ​រហូតដល់​ទៅ ៣.២​គីឡូម៉ែត្រ ជាមួយនឹង​ទទឹង ៦០​ម៉ែត្រ​។​
 
​នៅពេលដែល​ដាក់​ដំណើរការ ព្រលាន​នេះ​អាច​ទទួល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មកពី​ក្រៅប្រទេស​បានជា​ច្រើន និង​សូម្បីតែ​យន្តហោះ​ប្រភេទ​ធំៗ (​ប្រភេទ​បូ​អ៊ិ​ញ ៧៧៧ ប្រភេទ​បូ​អ៊ិ​ញ ៧៨៧ និង​ប្រភេទ Airbus A340-600) ដែល​ពិបាក​ចុះចត​នៅ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ក៏​អាច​ចុះចត​បានដែរ​។​
 
​ក្រៅពីនោះ ព្រលានយន្តហោះ​ឯ​ស្រុក​បុ​ទុម​សាគរ​នេះ ក៏​បើក​ឱ្យមាន​ការហោះហើរ​ត្រង់​ទៅមក​រវាង ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផងដែរ​។ ក្រុមហ៊ុន​សាងសង់ បាន​ព្យាករណ៍​ថា នៅ​ឆ្នាំ​២០៣០​អ្នកដំណើរ​ឆ្លងកាត់​តំបន់​នេះ មាន​ចំនួន ៧៥ ម៉ឺន​នាក់ ហើយ​ការដឹក​ទំនិញ​ប្រចាំ​ឆ្នាំមាន​ចំនួន ៩​លាន​តោន​។ ចំណែក​ក្នុង​ឆ្នាំ​២០៥០ អ្នកដំណើរ​ឆ្លងកាត់ មាន​ចំនួន ៤៤​លាន​នាក់ ហើយ​ការដឹកជញ្ជូន​ប្រចាំ​ឆ្នាំមាន​ចំនួន ៣៦​លាន​តោន​។​
 
​វត្តមាន​របស់​គម្រោង​ព្រលានយន្តហោះ​នេះ បាន​ជំរុញ​តម្លៃ​ដីធ្លី​នៅ​ខេត្តកោះកុង ឲ្យ​ហក់​ឡើងថ្លៃ​ជាមុន ក្នុងនោះ​គម្រោង​វិនិយោគ​នានា​បាន​បន្ត​ចូលទៅ​ទីនេះ ជាពិសេស​វិនិយោគិន​ចិន​។ 
​គួរបញ្ជាក់​ផងដែរ​ថា គម្រោង​វិនិយោគ​លើ​ព្រលានយន្តហោះ​ក្នុង​ខេត្តកោះកុង​នេះ គឺជា​ដី    សម្បទាន​ពី​រដ្ឋាភិបាល​កម្ពុជា ដែលមាន​ទំហំ​សរុប​ជាង ៤​ម៉ឺន ៥ ពាន់​ហិកតា គ្រប​បណ្ត​ប់​លើ​ស្រុក​ចំនួន​២ គឺ​ស្រុក​បុ​ទុម​សាគរ និង​ស្រុក​គិរីសាគរ​។ សព្វថ្ងៃ ខេត្តកោះកុង​នេះ​អាច​នាំ​វិនិយោគិន​បរទេស​ជាច្រើន ឲ្យ​ងាក​មក​វិនិយោគ​នៅ​តំបន់​ទាំងនេះ ក្នុងនោះ​មានការ​វិនិយោគ​បាន​ផ្តោត​សំខាន់​លើ​អាជីវកម្ម​ប្រភេទ​សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ទីលាន​វាយកូនគោល តំបន់​កម្សាន្ត​តាម​ឆ្នេរសមុទ្រ និង​កំពង់ផែ​ក​សមុទ្រ​ទឹក​ជ្រៅ​ស ម្រា​ប់​នាវា​ដឹកទំនិញ​ខ្នាត​យក្ស​ជាដើម​៕
 
 
 
 

Tag:
 កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com