ជាតិ
សង្គមជាតិ
កម្ពុជា នឹង​ចូល​ជា​សមាជិក​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី​និង​ផ្ដៅ
01, Jun 2019 , 9:43 am        
រូបភាព
ក្រសួងកសិកម្ម នឹង​ចូល​ជា​សមាជិក​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី​និង​ផ្ដៅ នៅ​ឆ្នាំ​២០១៩​នេះ ដែល​អាច​ឲ្យ​កម្ពុជា​ទទួលបាន​ផលប្រយោជន៍ តាម​ការបណ្ដុះបណ្ដាល កែច្នៃ ផ្ដល់​ប្រឹក្សា​ជំនាញ និង​គ្រប់គ្រង​ប្រកបដោយ​និរន្ត​ភាព​។ នេះ​បើតាម​លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម ដែល​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២៩​ឧសភា​នេះ​។

 
​លោក វេ​ង សាខុន រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម បាន​ចូលរួម​ការពារ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការបង្កើត​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី​និង​ផ្ដៅ ជាមួយ​គណៈកម្មការ​ជំនាញ​ទី​៣ និង​គណៈកម្មការ​ជំនាញ​ទី​៥ នៃ​រដ្ឋសភា នៅ​ថ្ងៃទី​២៧​ឧសភា​នេះ​។ កម្ពុជា នឹង​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន តាមរយៈ​ការផ្ដល់​ជំនួយ​គម្រោង​បច្ចេកទេស អភិវឌ្ឍ​ឫស្សី​និង​ផ្ដៅ​ប្រកបដោយ​និរន្ត​ភាព សេដ្ឋកិច្ច​បៃតង និង​រួមចំណែក​ការប្រែប្រួល​អាកាសធាតុ​។ 
 
​តាម​ការ​ឲ្យ​ដឹង​ពីរ​ដ្ឋ​ម​ន្រី​ក្រសួងកសិកម្ម​ថា បច្ចុប្បន្ន មាន​សហគមន៍​ព្រៃឈើ​ចំនួន​៦១៤​សហគមន៍ លើ​ផ្ទៃដី​ជាង​៥០០​ពាន់​ហិកតា​។ លោក ជឿជាក់ថា សហគមន៍​ទាំងអស់នោះ នឹង​អាច​ទទួលបាន​ការគាំទ្រ និង​ផលប្រយោជន៍​ជាច្រើន​ពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ផងដែរ​។ 
 
​ថ្ងៃទី​២៩ ខែឧសភា នៅ​ទីស្តីការ​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​ជួប​លោកស្រី Jiang Zehui សហប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​អន្តរជាតិ​ឫស្សី​និង​ផ្តៅ​ហៅ​កាត់​ថា​អ៊ី​ន​បា (INBAR: International Network for Bamboo and Rattan) និង​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ INBAR អំពី​ការចូល​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី​និង​ផ្ដៅ​នៅ​កម្ពុជា​។ លោកស្រី Jiang Zehui បាន​លើកឡើងថា កម្ពុជា គឺជា​ប្រទេស​ដែលមាន​សក្តានុពល និង​អំណោយផល​ទាំង​ធនធាន​ដី និង​អាកាសធាតុ​សម្រាប់​ការដាំដុះ​ឫស្សី​។ 
​អង្គការ INBAR នឹងមាន​លទ្ធភាព​ច្រើន​ក្នុងការ​ជួយឧបត្ថម្ភ គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​។ ជាមួយគ្នា​ដែរ លោកស្រី Jiang Zehui ក៏បាន​លើក​ឡើងលើ​ការអភិវឌ្ឍ​រុក្ខជាតិ​ផ្កា​នៅ​កម្ពុជា ដែល​ប្រទេស​ចិន​មាន​សក្តានុពល​ខ្ពស់​ទាំង​បច្ចេកទេស​នៃ​ការដាំដុះ និង​ទីផ្សារ​ផងដែរ​។ 
 
​ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏បាន​ស្នើ​ដល់​ភាគី​ចិន ឲ្យ​ជួយផ្តល់​ការគាំទ្រ​ដល់​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ និង​ពិសោធន៍​ពូជ​ឫស្សី និង​ជាពិសេស​ពូជ​រុក្ខជាតិ​ផ្កា រួមជាមួយ​ការរៀបចំ​គម្រោង​សួនច្បារ​គំរូ​មិត្តភាព​កម្ពុជា​-​ចិន ដើម្បី​អភិវឌ្ឍ​វិស័យ​ព្រៃឈើ និង​អាច​បង្កើតជា​តំបន់​ទេសចរណ៍ធម្មជាតិ​។ 
 
​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី​និង​ផ្ដៅ ហៅ​កាត់​ថា​អ៊ី​ន​បា បង្កើតឡើង​ឆ្នាំ​១៩៩៧ ដោយ​សន្ធិសញ្ញា​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​។ គោ​លន​យោ​បាល និង​ផែនការ​យុទ្ធសាស្ត្រ​អង្គការ​នេះ គឺ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​កែប្រែ​ទម្លាប់​ពលរដ្ឋ​ពី​ការប្រើប្រាស់​ឈើ​មកប្រើប្រាស់​ឫស្សី​និង​ផ្ដៅ តាមរយៈ​ការអភិវឌ្ឍ​ការដាំដុះ តាម​គោលការណ៍​អភិវឌ្ឍន៍​បៃតង​៕ 
 
 

Tag:
 ឫស្សី​និង​ផ្ដៅ​
  ក្រ​សួ​កសិកម្ម​
  INBAR
© រក្សាសិទ្ធិដោយ thmeythmey.com