ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគបានឈានដល់សប្តាហ៍ទី១០ ដោយនៅថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០១៩នេះ មានការប្រកួតចំនួនបីគូ ដែលធ្វើឡើងនៅទីលានផ្សេងៗគ្នា។ ក្រុមភ្នំពេញក្រោនត្រូវបើកទ្វារកីឡដ្ឋានខ្លួនស្វាគមន៍ក្រសួងការពារជាតិ(ទ័ព) ក្រោយក្រុមសូលទីឡូអង្គរប៉ះមិត្តរួមខេត្តអង្គរថាយហ្គឺរនៅកីឡដ្ឋានខេត្តសៀមរាប ខណៈអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស)ប៉ះក្រុមកំពង់ចាមនៅ EDC។
ភ្នំពេញក្រោនប៉ះក្រសួងការពារជាតិ វេលាម៉ោង៦ល្ងាចនៅកីឡដ្ឋាន Smart R.S.N
នេះអាចចាត់ទុកជាជំនួបដ៏ជក់ចិត្តសម្រាប់ទស្សនិកជនប្រចាំថ្ងៃនេះ ខណៈក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះដូចគ្នា ដើម្បីរក្សាគម្លាតក្នុងការប្រជែងដណ្តើមកំពូលតារាង។ ក្រោយចាញ់ណាហ្គាវើល ៣-០ ភ្នំពេញក្រោនហាក់បានស្តារមុខមាត់ល្អប្រសើរឡើងវិញតាមរយៈការយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-០ ចាញ់សូលទីឡូអង្គរ ១-០ និងឈ្នះគីរីវង់សុខសែនជ័យ ២-១។ បច្ចុប្បន្នក្រុមនេះស្ថិតនៅលេខរៀងទី៨មាន១២ពិន្ទុក្រោយឈ្នះ៤ និងចាញ់៥។ ចំណែកក្រសួងការពារជាតិស្ថិតនៅលេខរៀងទី៥មាន១៧ពិន្ទុជាមួយជ័យជម្នះ៥ ស្មើ២ និងចាញ់២។ ក្រោយយកឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទី ៤-៣ នៅសប្តាហ៍ទី៣ ក្រុមនេះបានរងបរាជ័យក្រោមថ្វីជើងគីរីវង់សុខសែនជ័យជាមួយលទ្ធផល ៤-១ តែយកឈ្នះវិសាខា ១-០។
សូលទីឡូអង្គរប៉ះអង្គរថាយហ្គឺរ វេលាម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋានខេត្តសៀមរាប
នេះជាជំនួបដែលគេរំពឹងថា នឹងមានអ្នកទស្សនាច្រើនជាងគេ ព្រោះក្រុមទាំងពីរសុទ្ធតែមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នា។ ហើយវាក៏ជាជំនួបដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រផងដែរ។ ក្រោយស្មើ ១-១ ជាមួយក្រសួងការពារជាតិ សូលទីឡូអង្គរបានយកឈ្នះគីរីវង់សុខសែនជ័យ ១-០ រួចបន្តយកឈ្នះភ្នំពេញក្រោន ១-០ និងយកឈ្នះអគ្គិសនីកម្ពុជា ៤-២។ បច្ចុប្បន្នក្រុមនេះ ស្ថិតនៅលេខរៀងទី៧មាន១២ពិន្ទុ ខណៈអង្គរថាយហ្គឺរស្ថិតនៅលេខ៤មាន១៨ពិន្ទុ។ ក្រោយរក្សាកំណត់ត្រាមិនស្គាល់ចាញ់បាន៧សប្តាហ៍ អង្គរថាយហ្គឺរបានចាញ់ណាហ្គាវើល ៤-០ ក្នុងសប្តាហ៍ទី៨ តែបានយកឈ្នះប៉ូលិស ៤-២ កាលពីសប្តាហ៍មុន។
អគ្គស្នងការដ្ឋាននគរបាលជាតិប៉ះកំពង់ចាម វេលាម៉ោង៣:៣០នាទីរសៀលនៅកីឡដ្ឋានអគ្គិសនីកម្ពុជា
ក្រោយចាញ់អង្គរថាយហ្គឺរ ៤-២ កាលពីសប្តាហ៍មុន អគ្គស្នងការដ្ឋាននគរបាលជាតិរំពឹងអាចរកគ្រាប់បាល់បានច្រើនពីកំពង់ចាម សម្រាប់ជំនួបសប្តាហ៍ទី១០នៅថ្ងៃនេះ ដើម្បីស្តារមុខមាត់។ មួយរយៈកន្លងមកនេះ ក្រុមក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា មួយនេះ ហាក់ទទួលបានលទ្ធផលមិនសូវគាប់ប្រសើរនោទេ។ ក្រោយស្មើ ២-២ ជាមួយសូលទីឡូអង្គរ ក្រុមនេះបានចាញ់ពីរប្រកួតជាបន្តបន្ទាប់ក្នុងនោះចាញ់គីរីវង់សុខសែនជ័យ ៣-២ ភ្នំពេញក្រោន ៣-០ យកឈ្នះ EDC ១-០ និងចាញ់អង្គរថាយហ្គឺរ ៤-២។ បច្ចុប្បន្នក្រុមនេះស្ថិតនៅលេខរៀងទី១២មាន៧ពិន្ទុជាមួយជ័យជម្នះ២លើក ស្មើ១ និងចាញ់៦។
ចំណែកកំពង់ចាមជាក្រុមដុនដាបជាងគេនៅរដូវកាលនេះ ពោលគឺតាំងពីយកឈ្នះអគ្គិសនីកម្ពុជា ១-០ ក្នុងជំនួបបើកឆាក ពួកគេបានរងបរាជ័យ៨ប្រកួតជាប់គ្នា។ អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងចំណោមបរាជ័យទាំងអស់ គឺមានជំនួបខ្លះអាចរបូតគ្រាប់បាល់រហូតជាង១០គ្រាប់។ ជាក់ស្តែងកាលពីសប្តាហ៍មុនក្រុមនេះ ត្រូវបានក្រុមកំពូលតារាងណាហ្គាវើលលត់ក្នុងលទ្ធផល ១៨-០។
សម្រាប់៩ប្រកួតកន្លងមកក្រុមចំណូលថ្មីមួយនេះបានរបូតគ្រាប់បាល់រហូត៨២គ្រាប់។ បច្ចុប្បន្ន ពួកគេ ស្ថិតនៅបាតតារាងរក្សា៣ពិន្ទុជាមួយជ័យជម្នះ១លើក និងចាញ់៨លើក៕