ជាតិ
សង្គមជាតិ
សមត្ថកិច្ចចុះបិទទីតាំងផលិតនំកូនក្មេងក្លែងបន្លំម៉ាកមួយកន្លែងនៅក្រុងសៀមរាប
× សៀមរាប៖ ក្រុមសមត្ថកិច្ចកិច្ចជំនាញដែលមកពីចម្រុះស្ថាប័ន បានចុះត្រួតពិនិត្យនិងឃាត់ទីតាំងមួយកន្លែង ដែលសំងំលួចផលិតនំប្រភេទកូនក្មេងក្លែងម៉ាករំលោភកម្មសិទ្ធិបញ្ញា។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣០ ឧសភា ស្ថិតនៅផ្ទះល្វែងបុរីសៀងណាំង១ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
កម្លាំងជំនាញដែលមាននគរបាលសេដ្ឋកិច្ច មន្ដ្រីសាលាខេត្ត កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កាំកុងត្រូល មន្ទីររ៉ែនិងថាមពល កម្លាំងនគរបាល ដែលដឹកនាំសម្របសម្រួលដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះពិនិត្យនិងឈានដល់ការបិទទីតាំងអាជីវកម្មមួយកន្លែងដែលលួចផលិតនំកូនក្មេងក្លែងម៉ាក។ ប្រតិបត្តិការនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុនដើម ដែលទទួលសិទ្ធិផ្ដាច់មុខនៅរាជធានីភ្នំពេញ។
យោងតាមការចុះផ្សាយក្នុងទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប ក្រោយចុះឆែកឆេរ សមត្ថកិច្ចបានរកឃើញនូវមុខទំនិញ នំក្លែងម៉ាក និងសម្ភារវេចខ្ចប់មួយចំនួន រួមនិងមុខទំនិញធ្វើនំពាក់កណ្ដាលផលិតផលជាច្រើន។ ទំនិញដែលអាជ្ញាធរបានរកឃើញរួមមាន ទី១ នំStick Biscuit កញ្ចប់ពណ៌ក្រហម លឿង ចំនួន ៤ពាន់៤៨០កញ្ចប់ ,ទី២ សំបកវេចខ្ចប់ Good Taste (លឿង ខៀវ) ចំនួន០៨គីឡូក្រាម ,ទី៣ សំបកវេចខ្ចប់ Good Taste (លឿង បៃតង) ចំនួន១៨គីឡូក្រាម ,ទី៤ នំសរសៃមឹក (មិនទាន់វេចខ្ចប់) ១១គីឡូក្រាម ,ទី៥ មីសេះក្រហម ៤៨កេស ស្មើ២ពាន់៤០០កញ្ចប់គ្មានការបរិច្ឆេត ,ទី៦ នំពាក់កណ្តាលការផលិត ស្មើ ៥៧៨គីឡូក្រាម ,ទី៧ សំបកវេចខ្ចប់ Showka ពណ៌លឿង ១៤គីឡូក្រាម និងទី៨ នំកងបំពង់មឹករួច ដែលមិនទាន់វេចខ្ចប់ ចំនួន ២៣ការុងធំ ។
សមត្ថកិច្ចជំនាញបានចោទម្ចាស់អាជីវកម្មខាងលើដែលមានលោក ផុក ឆៃ ភេទប្រុស អាយុ ៤៨ឆ្នាំ ពីបទល្មើសកម្មសិទ្ធិបញ្ញា និងត្រូវបានយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត រីឯទីតាំងត្រូវបិទជាបណ្ដោះអាសន្ន៕
Tag:
នំកូនក្មេង
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com