កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ឬ Spurs ដែល​លើក​ពាន Champions League រដូវ​កាល​នេះ​?
01, Jun 2019 , 2:49 pm        
រូបភាព
​ក្រុម​ពី Premier League ហង្ស​ក្រហម Liverpool និង​មាន់​ខ្នាយ​មាស Tottenham Hotspur ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ពានរង្វាន់ UEFA Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​កីឡដ្ឋាន Wanda Metropolitano ទីក្រុង​ម៉ា​ឌ្រី​ដ នៅ​រាត្រី​ថ្ងៃទី​១ ខែឧសភា វេលា​ម៉ោង ២:០០​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។ Liverpool កំពុងសម្លឹងរកពានកំពូលអឺរ៉ុបជាលើកទី២ ខណៈ Spurs ចង់បំបែកកំណត់ត្រាលើកដំបួងរបស់ខ្លួន។ 

 
​ជំនួប Liverpool និង Spurs ជាការ​ប៉ះគ្នា​រវាង​ក្លិប​ពី​ក្របខណ្ឌ​អង់គ្លេស​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​អឺរ៉ុប​ជា​លើក​ទី​២ បន្ទាប់ពី Manchester United យកឈ្នះ Chelsea ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ កាលពី​ឆ្នាំ​២០០៨​។ 
 
​ក្រោម​ការដឹកនាំ​របស់​លោក Jurken Kloop ហង្ស​ក្រហម​ដែលជា​ម្ចាស់​ពាន​អឺរ៉ុប​៥​សម័យ បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​២​ឆ្នាំ​ជាប់​គ្នា​ក្នុង​រយៈពេល​ចុងក្រោយ ដោយ​កាលពី​រដូវ​កាល​មុន​ពួកគេ​ទទួលបាន​ត្រឹម​រងជើង​ឯក​បន្ទាប់ពី​ចាញ់ Real Madrid ក្នុង​លទ្ធផល ៣-១​។​
  
 
​សម្រាប់ Spurs ដែលមាន​លោក Mauricio Pochettino ជា​អ្នកចាត់ការ​ទូទៅ​បាន​នាំ​ក្រុម​នេះ​បង្ហាញខ្លួន​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​លំដាប់​កំពូល​អឺរ៉ុប​នេះ​។ Spurs បាន​ទម្លាក់ Ajax ដោយ​គ្រាប់​បាល់​វាយបក​ដ៏​អស្ចារ្យ​ក្នុង​លទ្ធផល ៣-៣ តែ​ឈ្នះ​តាម​រូបមន្ត​គ្រាប់​ស៊ុត​បញ្ចូល​ទី​ក្រៅ​ដី​។​
 
​ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ​នេះ​ត្រូវបាន​គេ​ជឿជាក់ថា​នឹងមាន​អ្នកគាំទ្រ​ពី​ចក្រភព​អង់គ្លេស​ដល់​ទៅ​៧០០០០​នាក់​ទៅកាន់​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់ពី​មានការ​កើនឡើង​នៃ​ជើងហោះហើរ​រាប់រយ​ដង​ឯណោះ​។ តាមពិតទៅ ក្រុម​ទាំងពី​ទទួលបាន​សំបុត្រ​ចំនួន ១៦៦១៣​សន្លឹក​ប៉ុណ្ណោះ​សម្រាប់​ផ្តល់ជូន​ឲ្យ​អ្នកគាំទ្រ​ពួកគេ​រៀងខ្លួន ខណៈ​កីឡដ្ឋាន Wanda Metropolitano ផ្ទុក​ទស្សនិកជន​បាន ៦៨០០០​កៅអី​៕
 
 
 

 

Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com