អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក ប្រាប់​ចិន​ឲ្យ​ឈប់​ធ្វើ​សកម្មភាព​ប៉ះពាល់​អធិបតេយ្យ​អ្នកជិតខាង​ខ្លួន​
01, Jun 2019 , 7:39 pm        
រូបភាព
​ប្រមុខ​ការពារជាតិ​អាមេរិក ផា​ទ្រី​ក សា​ណា​ហាន់ នៅ​ថ្ងៃទី​១ ខែមិថុនា បាន​រិះគន់​ចិន​ខ្លាំងៗ​ចំពោះ​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ពី​វេទិកា​សន្តិសុខ​នៅ​សិង្ហ​បុរី លោក សា​ណា​ហាន់ និយាយថា សកម្មភាព​ចិន បង្ក​ការគំរាមកំហែង​ដល់​ស្ថិរភាព​តំបន់​អាស៊ី ហើយ​ប៉ះពាល់​ដល់​អ្នកជិតខាង​របស់ខ្លួន​ទៀតផង​។ មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ រូបនេះ​ក៏​ឆ្លៀត​បង្ហើប​ថា អាមេរិក​កំពុង​វិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មី​ដើម្បី​ជួយ​អាស៊ី​។​

 
​ល្បែង​ប្រជែង​ឥទ្ធិពល​រវាង​អាមេរិក និង​ចិន បាន​លេចឡើង​ជាថ្មី​នៅ​ចុង​សប្ដាហ៍​នេះ​នៅ​កិច្ចសន្ទនា Shangri-La ក្នុងប្រទេស​សិង្ហ​បុរី​។ វេទិកា​នេះ ប្រមូលផ្ដុំ​ដោយ​ប្រមុខ​ការពារជាតិ និង​មេទ័ព​ប្រទេស​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ដើម្បី​ជជែក​ពី​បញ្ហា​សន្តិសុខ​តំបន់​។ ដូច​ជំនួប​ឆ្នាំមុនៗ​ដែរ អាមេរិក បាន​និយាយ​វាយប្រហារ​ចិន​ដែលមាន​ឥទ្ធិពល​ខ្លាំង​ក្នុង​តំបន់​។ សមុទ្រ​ចិន​ខាងត្បូង ស្ថិតក្នុង​ចំណោម​បញ្ហា​ជាច្រើន​ដែល​អាមេរិក​យកទៅ​វាយប្រហារ​ចិន​។​
 
​ចំពោះ​មន្ត្រី​ការពារជាតិ​មកពី​ប្រទេស​ជាច្រើន លោក ផា​ទ្រី​ក សា​ណា​ហាន់ រដ្ឋមន្ត្រី​ស្តីទី​ក្រសួងការពារជាតិ​អាមេរិក និយាយថា ចិន អាច​និង​គួរ​មាន​ទំនាក់ទំនង​ល្អជា​មួយផ្នែក​ផ្សេងទៀត​ក្នុង​តំបន់​។ លើសពីនោះ លោក សា​ណា​ហាន់ ក៏បាន​ប្រាប់​ឲ្យ​ទីក្រុង​ប៉េកាំង​បញ្ឈប់​អាកប្បកិរិយា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​អធិបតេយ្យ​អ្នក​ខាង​ខ្លួន ហើយ​ឈប់​បាចសាច​ការមិនទុកចិត្ត​គ្នា​ក្នុង​ជំហរ​របស់​ចិន​ទៅលើ​ប្រទេស​ក្នុង​តំបន់​តទៅទៀត​។ 
 
​ប្រមុខ​មន្ទីរ​បញ្ច​កោណ​រូបនេះ និយាយទៀតថា សហរដ្ឋអាមេរិក​បាន​វិនិយោគ​យ៉ាងច្រើន​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដើម្បី​រក្សា​អនុភាព​យោធា​របស់ខ្លួន ក៏ដូចជា​ការពង្រឹង​សមត្ថភាព​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​តំបន់​អាស៊ី​ផង​។ សម្រាប់​លោក សា​ណា​ហាន់ អាមេរិក​ចាត់ទុកជា​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ជា​តំបន់​អាទិភាព​របស់ខ្លួន និង​ជាទី​ដែល​អាមេរិក​ឈរជើង​ផង​។ 
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ពាក្យរិះគន់​ចិន​របស់លោក សា​ណា​ហាន់ ធ្វើឡើង​បន្ទាប់ពី​បាន​ជួបគ្នា​ជាមួយ​សម​ភាគី​ចិន វៃ ហ្វឹ​ង​ហេ ហើយ​ជំនួប​នោះ ត្រូវបាន​លោក សា​ណា​ហាន់ ផ្ទាល់​អះអាងថា ប្រកបដោយ​ការយល់​ចិត្ត​។ យ៉ាងណាមិញ នា​សុន្ទរកថា​មួយថ្ងៃ​បន្ទាប់ រដ្ឋមន្ត្រី​ស្ដីទី​រូបនេះ​បញ្ជាក់ថា អ្វីដែល​អាមេរិក គឺ​ធានាថា គ្មាន​សត្រូវ​អាមេរិក​ណា​អាច​ជឿជាក់​ពី​សមត្ថភាព​ខ្លួន​ដែល​អាច​សម្រេច​គោលដៅ​តាមរយៈ​យោធា​ឡើយ​។​
 
​លោក វៃ ហ្វឹ​ង​ហឺ ដែលជា​រដ្ឋមន្ត្រី​ការពារ​ជាតិចិន​ទីមួយ​ចូលរួម​ក្នុង​វេទិកា​នេះ​ចាប់តាំងពី​ឆ្នាំ​២០១១ មក​នោះ នឹង​ឡើង​ថ្លែង​នៅ​ថ្ងៃទី​២ ខែមិថុនា​។ ច្បាស់​ណាស់​ថា រដ្ឋមន្ត្រី​ការពារ​ជាតិចិន​រូបនេះ នឹង​វាយបក​ទៅកាន់​សម​ភាគី​អាមេរិក​វិញ​លើ​ប្រធានបទ​ជាច្រើន ពិសេស​បញ្ហា​តៃវ៉ាន់​ដែល​អាមេរិក​ជួយ​គាំទ្រ​ពីក្រោយ តែ​ចិន​នៅតែ​ចាត់ទុកជា​អាណាខេត្ត​របស់ខ្លួន​៕ 
 
 
 
 

Tag:
 អាមេរិក​
  ចិន​
  ផា​ទ្រី​ក សា​ណា​ហាន់​
© រក្សាសិទ្ធិដោយ thmeythmey.com