លោក ឆាំង ពិសិដ្ឋ ប្រាប់​មូលហេតុ​មិន​ផ្អាក​ការប្រកួត​លី​គ ដើម្បី​ទុកពេល​ត្រៀម​វគ្គ​ជម្រុះ World Cup
កីឡាជាតិ
ជាតិ
លោក ឆាំង ពិសិដ្ឋ ប្រាប់​មូលហេតុ​មិន​ផ្អាក​ការប្រកួត​លី​គ ដើម្បី​ទុកពេល​ត្រៀម​វគ្គ​ជម្រុះ World Cup
01, Jun 2019 , 8:19 pm        
រូបភាព
លោក ឆាំង ពិសិដ្ឋ ពេលចាប់ឆ្នោតការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
លោក ឆាំង ពិសិដ្ឋ ពេលចាប់ឆ្នោតការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ដំណើរ​ធម្មតា​សប្តាហ៍​នេះ ទោះបី​កីឡាករ​ត្រូវ​ប្រមូលផ្តុំ​ជម្រើសជាតិ​សម្រាប់​ត្រៀម​វគ្គ​ជម្រុះ World Cup 2022 សប្តាហ៍​ក្រោយ​។ ការមិន​ផ្អាក​លី​គ ក៏​ដោយសារតែ​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ ធ្វើឡើង​ក្រោយ​ការប្រកួត​សប្តាហ៍​ទី​១០ ហើយ​កត្តា​គុណភាព​គ្រូបង្វឹក​តាម​ក្លិប ក៏​ជា​ហេតុផល​មួយ​ផងដែរ​។ ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ប៉ា​គី​ស្ថាន​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​។

 
​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​(CNCC)​បាន​បញ្ជាក់ថា គ្មាន​ការផ្អាក​ការប្រកួត​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ ដើម្បី​ទុកពេល​ឲ្យ​កីឡាករ​ប្រមូលផ្តុំ​ជម្រើសជាតិ​ឡើយ​។ មូលហេតុ​ដែល CNCC មិន​ការប្រកួត​ដូច​រាល់ដង ក្រោម​ហេតុផល​ការប្រកួត​វគ្គ​ជម្រុះ World Cup ជាមួយ​ក្រុម​ប៉ា​គី​ស្ថាន​ធ្វើឡើង​ក្រោយ​៣​ថ្ងៃ​បន្ទាប់ពី​ការប្រកួត​លី​គ​សប្តាហ៍​ទី​១០​។ ពោលគឺ​ការប្រកួត​លី​គ​សប្តាហ៍​នេះ នឹង​បញ្ចប់​ត្រឹម​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៩ ខណៈ​ក្រុម​ជម្រើសជាតិ​ប្រកួត​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​។ ប៉ុន្តែ​មក​ទាល់​ពេលនេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មិនទាន់​បង្ហាញ​បញ្ជី​ឈ្មោះ និង​កាលបរិច្ឆេទ​នៃ​ការប្រកួត​ផ្តុំ​ក្រុម​ជម្រើសជាតិ​នៅឡើយ​ទេ​។​
 
​ហេតុផល​មួយទៀត គឺ​ដោយសារ​ការប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​អាចធ្វើ​ឡើង​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ពាក់ព័ន្ធ​បញ្ហា​នេះ លោក ឆាំង ពិសិដ្ឋ អះអាងថា ដោយសារ​គ្រូបង្វឹក​នៅតាម​ក្លិប​នៃ​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​មាន​សញ្ញាបត្រ​គ្រូបង្វឹក​កម្រិត A-License ស្ទើរ​គ្រប់​ក្លិប​។ ដូច្នេះ​កីឡាករ​មិនចាំបាច់​ត្រូវការ​ពេលវេលា​ច្រើន​ក្នុងការ​ប្រមូលផ្តុំ​នោះឡើយ​។ ពោលគឺ​ពួកគេ ត្រូវការ​ការ​បង្វឹក​ពី​បច្ចេកទេស​តិចតួច និង​បន្ស៊ាំ​ក្រុម​ពី​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​តែប៉ុណ្ណោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឆាំង ពិសិដ្ឋ​។​
 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ប៉ា​គី​ស្ថាន សម្រាប់​ជំនួប​វគ្គ​ជម្រុះ World Cup 2022 នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​។ លោក Keisuke Honda អតីត​សមាជិក​ក្លិប Melbourne Victory ក្របខណ្ឌ​កំពូល​អូស្ត្រាលី នឹង​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុងជំនួប​នេះ​។ បើតាម​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក Honda នឹង​មក​កម្ពុជា​ក្នុងអំឡុង​ថ្ងៃ FIFA Day ចន្លោះ​ពីថ្ងៃ​ទី​៣-១១ មិថុនា ខាងមុខនេះ​៕   
  
 
 
 
 

Tag:
 Cambodia League 2019
  ឆាំង ពិសិដ្ឋ​
  ក្រុម​ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com