កីឡាជាតិ
ជាតិ
លោក ឆាំង ពិសិដ្ឋ ប្រាប់មូលហេតុមិនផ្អាកការប្រកួតលីគ ដើម្បីទុកពេលត្រៀមវគ្គជម្រុះ World Cup លោក ឆាំង ពិសិដ្ឋ ពេលចាប់ឆ្នោតការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
× ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគដំណើរធម្មតាសប្តាហ៍នេះ ទោះបីកីឡាករត្រូវប្រមូលផ្តុំជម្រើសជាតិសម្រាប់ត្រៀមវគ្គជម្រុះ World Cup 2022 សប្តាហ៍ក្រោយ។ ការមិនផ្អាកលីគ ក៏ដោយសារតែការប្រកួតរបស់ក្រុមជម្រើសជាតិ ធ្វើឡើងក្រោយការប្រកួតសប្តាហ៍ទី១០ ហើយកត្តាគុណភាពគ្រូបង្វឹកតាមក្លិប ក៏ជាហេតុផលមួយផងដែរ។ ក្រុមជម្រើសជាតិកម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមប៉ាគីស្ថាននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។
លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)បានបញ្ជាក់ថា គ្មានការផ្អាកការប្រកួតក្របខណ្ឌខេមបូឌានលីគ ដើម្បីទុកពេលឲ្យកីឡាករប្រមូលផ្តុំជម្រើសជាតិឡើយ។ មូលហេតុដែល CNCC មិនការប្រកួតដូចរាល់ដង ក្រោមហេតុផលការប្រកួតវគ្គជម្រុះ World Cup ជាមួយក្រុមប៉ាគីស្ថានធ្វើឡើងក្រោយ៣ថ្ងៃបន្ទាប់ពីការប្រកួតលីគសប្តាហ៍ទី១០។ ពោលគឺការប្រកួតលីគសប្តាហ៍នេះ នឹងបញ្ចប់ត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ខណៈក្រុមជម្រើសជាតិប្រកួតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។ ប៉ុន្តែមកទាល់ពេលនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមិនទាន់បង្ហាញបញ្ជីឈ្មោះ និងកាលបរិច្ឆេទនៃការប្រកួតផ្តុំក្រុមជម្រើសជាតិនៅឡើយទេ។
ហេតុផលមួយទៀត គឺដោយសារការប្រមូលផ្តុំក្រុមជម្រើសជាតិអាចធ្វើឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ពាក់ព័ន្ធបញ្ហានេះ លោក ឆាំង ពិសិដ្ឋ អះអាងថា ដោយសារគ្រូបង្វឹកនៅតាមក្លិបនៃក្របខណ្ឌខេមបូឌានលីគមានសញ្ញាបត្រគ្រូបង្វឹកកម្រិត A-License ស្ទើរគ្រប់ក្លិប។ ដូច្នេះកីឡាករមិនចាំបាច់ត្រូវការពេលវេលាច្រើនក្នុងការប្រមូលផ្តុំនោះឡើយ។ ពោលគឺពួកគេ ត្រូវការការបង្វឹកពីបច្ចេកទេសតិចតួច និងបន្ស៊ាំក្រុមពីគ្រូបង្វឹកក្រុមជម្រើសជាតិតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក ឆាំង ពិសិដ្ឋ។
ក្រុមជម្រើសជាតិកម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមប៉ាគីស្ថាន សម្រាប់ជំនួបវគ្គជម្រុះ World Cup 2022 នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។ លោក Keisuke Honda អតីតសមាជិកក្លិប Melbourne Victory ក្របខណ្ឌកំពូលអូស្ត្រាលី នឹងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងជំនួបនេះ។ បើតាមលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Honda នឹងមកកម្ពុជាក្នុងអំឡុងថ្ងៃ FIFA Day ចន្លោះពីថ្ងៃទី៣-១១ មិថុនា ខាងមុខនេះ៕
Tag:
Cambodia League 2019
ឆាំង ពិសិដ្ឋ
ក្រុមជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com