ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ដាក់​ផែនការ​លុបបំបាត់​ឲ្យ​អស់​នូវ​អំពើហិង្សា​លើ​កុមារ ត្រឹម​ឆ្នាំ​២០២១
01, Jun 2019 , 10:19 pm        
រូបភាព
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អះអាងថា ត្រឹម​ឆ្នាំ​២០២១ នឹង​លុបបំបាត់​អំពើហិង្សា​លើ​កុមារ​គ្រប់​ទម្រង់ ដោយបាន​បង្កើត​ក្រុមការងារ​អន្តរ​ស្ថាប័ន ដើម្បី​ធ្វើ​ការងារ​នេះ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ក្រសួង​ព័ត៌មាន​។

 
​ក្រសួង​ព័ត៌មាន បាន​ស្រង់​សម្តី​របស់លោក តូច ចាន់នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​របស់​ក្រសួង​សង្គមកិច្ច ទៅ​ចុះផ្សាយ​ថា «​ក្រុមការងារ​អន្តរ​ស្ថាប័ន​លុបបំបាត់​អំពើហិង្សា​លើ​កុមារ បាន​បង្កើតឡើង​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ​។ ក្រុមការងារ​នេះ នឹង​ធានា​ការដោះស្រាយ ចាត់វិធានការ​ទប់ស្កាត់​អំពើហិង្សា​លើ​កុមារ តាមរយៈ​ការសម្របសម្រួល កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​ពហុ​វិស័យ​ចំពោះ​កិច្ចការពារ​កុមារ​។ លើសពីនេះ បង្កើត​និង​ធ្វើ​វិ​សិ​ធន​កម្ម​ច្បាប់ ហើយ​ការពារ​តាមដាន​វាយតម្លៃ​ពី​វឌ្ឍនភាព​នៃ​អំពើហិង្សា​លើ​កុមារ​»​។ 
 
​ការ​ថ្លែង​របស់លោក តូច ចាន់នី គឺធ្វើឡើង​ក្នុង​សន្និសីទ​ស្ដីពី​កុមារ​និង​យុវជន ដែល​ផ្ដោតលើ​ប្រធានបទ​បញ្ចប់​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា​។ ក្នុង​សន្និសីទ​នេះ មានការ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ព្រមទាំង​កុមារ និង​យុវជន មកពី​បណ្តា​ខេត្ត​ចំនួន​១៣ កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩​។ 
 
​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​សង្គមកិច្ច​ខាងលើ បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល បាន​ខិតខំ​លុបបំបាត់​អំពើហិង្សា​លើ​កុមារ តាមរយៈ​ការចុះ​ផ្សព្វផ្សាយ​អប់រំ​តាម​វេទិកា​នានា ដើម្បី​សម្រេច​ផែនការ​សកម្មភាព​ស្តីពី​ការទប់ស្កាត់​និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ​២០១៧-២០២១ របស់​កម្ពុជា​និង​ជា​អង្គការសហប្រជាជាតិ​។ 
 
​ទន្ទឹមនឹងនេះ លោក សុន ពេញ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​កុមារ​កម្ពុជា បាន​លើក​ថា ការលុបបំបាត់​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា មានការ​លំបាក ដោយសារតែ​ផ្នត់គំនិត​ប្រជាពលរដ្ឋ​គិតថា ជា​រឿង​សាមញ្ញ និង​មិនបាន​ចូលរួម​សហការ​ក្នុងការ​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ សហគមន៍ និង​សង្គម​។ 
 
​សូមបញ្ជាក់ថា កម្ពុជា មានការ​អង្កេត​ថ្នាក់ជាតិ​ស្តីពី​អំពើហិង្សា​លើ​កុមារ ក្រោម​ភាពជា​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​សម្រាប់​ការត្រួតពិនិត្យ និង​បង្ការ​ជំងឺ របស់​សហរដ្ឋអាមេរិក និង​អង្គការ​យូ​នី​សេ​ហ្វ កាលពី​ឆ្នាំ​២០១៣​។ ការអង្កេត​សិក្សា​ស្រាវជ្រាវ​នេះ បានកំណត់​ពី​ទំហំ វិសាលភាព ការផ្តល់​ភស្តុតាង​ជាក់លាក់​នៃ​អំពើហិង្សា​លើ​កុមា​រទាំង​ផ្លូវភេទ ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​កុមារ​បាន​ជួបប្រទះ និង​កំពុង​ប្រឈម ដើម្បី​ឈានទៅ​បញ្ចប់​អំពើហិង្សា​គ្រប់​ទម្រង់​លើ​កុមារ​ឲ្យ​បាន​ជោគជ័យ​នៅត្រឹម​ឆ្នាំ​២០២១​។ 
 
​ការសិក្សា​មុន​គម្រោង​ឆ្នាំ​២០១៨ របស់​អង្គការ​ទស្សន​ពិភពលោក បាន​រកឃើញថា ប្រហែល​៤៩,៣​ភាគរយ ឬ​ស្មើ​ជិត​ពាក់កណ្តាល​នៃ​កុមារ មាន​អាយុ​១២ ដល់ ១៨ ឆ្នាំ បាន​រងគ្រោះ​ដោយ​អំពើហិង្សា​លើ​រាងកាយ​៕

Tag:
 ជាតិ​
  ក្រសួង​សង្គមកិច្ច​
  អំពើហិង្សា​
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com