សង្គមអន្តរជាតិ​
អន្តរជាតិ
អតីត​ភរិយា​មហាសេដ្ឋី Jeff Bezos យក​ទ្រព្យ​ពាក់កណ្តាល​ទៅ​បរិច្ចាគ​សប្បុរសធម៌
01, Jun 2019 , 9:50 pm        
រូបភាព
ដោយ: ធីតា
​អ្នកស្រី MacKenzie Bezos បានប្រកាស​ពី​គម្រោង​របស់ខ្លួន​ក្នុង​ការយក​ទ្រព្យសម្បត្តិ​ពាក់កណ្តាល​របស់ខ្លួន​ដែល​ទទួលបាន​ក្រោយ​ការលែង​លះ​ពី​លោក Jeff Bezos ទៅ​បរិច្ចាគ​ក្នុង​មូលនិធិ​សប្បុរសធម៌ តាមរយៈ​គម្រោង​ដែល​ផ្តួចផ្តើម​ដោយ​មហាសេដ្ឋី​ផ្សេងទៀត ដូចជា​លោក Warren Buffett និង​លោក Bill Gates ជាដើម​។​

 
​កាលពី​ខែមករា​កន្លងមក លោក Jeff Bezos ដែលជា​មហាសេដ្ឋី​លំដាប់​ទីមួយ​លើ​លោក និង​លោកស្រី MacKenzie បានប្រកាស​ពី​ការ​លែងលះ ក្រោយ​រួម​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​២៥​ឆ្នាំ​។ ការ​លែងលះ​ផ្លូវការ​ត្រូវបាន​សម្រេច​កាលពី​ខែមេសា ដោយ​លោកស្រី MacKenzie ទទួលបាន​ទ្រព្យ​៣៥​ពាន់លាន​ដុល្លារ​អាមេរិក​។​
 
​ជាមួយនឹង​ទ្រព្យសម្បត្តិ​មហាសាល នាំ​ឲ្យ​អតីត​ភរិយា​ម្ចាស់​ក្រុមហ៊ុន Amazon, Washington Post និង Blue Origin រូបនេះ ក្លាយជា​ស្ត្រី​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​លំដាប់​ទី​បី​លើ​ពិភពលោក​។  ប៉ុន្តែ​ក្រុម​ស្មារតី​សប្បុរសធម៌ លោកស្រី MacKenzie បានសម្រេច​ចូលរួម​ក្នុង​យុទ្ធនាការ The Giving Pledge ដែល​ផ្តួចផ្តើម​ដោយ​មហាសេដ្ឋី Warren Buffett និង Bill Gates ដើម្បី​បរិច្ចាគ​សម្រាប់​សប្បុរស​ធម៌​។​
 
 
​តាមរយៈ Twitter របស់ខ្លួន លោក Bezos បាន​សរសើរ​អតីត​ភរិយា​របស់ខ្លួន​ថា ជា​មនុស្ស​អស្ចារ្យ គិតគូរ​ខ្ពស និង​មាន​ប្រសិទ្ធភាព​លើ​ការងារ​សប្បុរសធម៌​។ «​ខ្ញុំ​មាន​មោទកភាព​ចំពោះ​គាត់​ខ្លាំងណាស់​»​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​នាយក​ក្រុមហ៊ុន Amazon​។​
 
​អ្នក​ទាំង​ពីរបាន​រៀបការ​ជាមួយគ្នា​ក្នុង​ឆ្នាំ​១៩៩៣ ក្រោយពី​មាន​ទំនាក់ទំនង​ជាមួយគ្នា​បាន​រយៈពេល​៣​ខែ​។ ក្រោយ​ក្លាយជា​ប្តី​ប្រពន្ធ​នឹង​គ្នា អ្នក​ទាំងពីរ​សព្វថ្ងៃនេះ មានកូន​ចំនួន ៤​នាក់ ក្នុងនោះ​ប្រុស​បីនាក់ និង​កូន​ច​ញ្ចឹ​ម​ស្រី​មួយ​នាក់​។​
 
​លោក Jeff Bezos វ័យ ៥៤​ឆ្នាំ បាន​បង្កើត​ក្រុមហ៊ុន  Amazon កាលពី​២៥​ឆ្នាំ​មក​។ ហើយ​ក្នុង​សបា្តហ៍​នេះ ក្រុមហ៊ុន E-commerce ដ៏​ធំ​មួយ​នេះ បាន​ផ្តួល​ក្រុមហ៊ុន Microsoft  របស់លោក ប៊ី​ល ហ្កេ​ត ក្លាយជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក​។​
 
​យោងតាម​ស​ន្ទ​ស្សន៍​កំពូល​មហាសេដ្ឋី​របស់​សារព័ត៌មាន Bloomberg លោក Jeff Bezos ជា​បុរស​ដែលមាន​ជាងគេ​បំផុត​លើ​ពិភពលោក ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៧​ពាន់​លាន​ដុល្លារ​។ ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​នេះ​គឺ​លើស​ទ្រព្យសម្បត្តិ​របស់លោក ប៊ី​ល ហ្កេ​ត ប្រមាណ​ជាង ៤៥​ពាន់​លាន​ដុល្លារ​ឯណោះ​។​
 
 
​ចំណែក​អតីត​ភរិយា​លោក លោកស្រី MacKenzie Bezos វ័យ​៤៨​ឆ្នាំ ជា​អ្នកសរសេរ​សៀវភៅ​ប្រលោមលោក​មួយរូប​។ ក្នុង​អាជីព​នេះ លោកស្រី ជា​ម្ចាស់​ស្នាដៃ​សៀវភៅ​ដ៏​ល្បីល្បាញ​ចំនួន​ពីរ ក្នុងនោះ​មាន​ចំណងជើង The Testing of Luther Albright (​ឆ្នាំ​២០០៥) និង Traps (២០១៣)​។​
 
​គួរ​រម្លឹក​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៨ ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នេះ បាន​បង្កើត​គម្រោង​មូល​និតិ​រួមគ្នា​មួយ​ឈ្មោះថា Day One Fund ដែលមាន​គោលដៅ​ជួយ​ដល់​ក្រុមគ្រួសារ​អ្នក​គ្មាន​ផ្ទះសម្បែង និង​ជួយ​សាងសង់​សាលារៀន​នៅក្នុង​សហគមន៍​ដែលមាន​ប្រាក់ចំណូល​ទាប​៕

 

 

Tag:
 ​សប្បុរសធម៌​
  មហាសេដ្ឋី​
  Jeff Bezos
© រក្សាសិទ្ធិដោយ thmeythmey.com