អន្តរជាតិ
​បច្ចេកវិទ្យា
តើ​យន្តហោះ​ដឹក​អ្នកដំណើរ​ត្រូវ​ប្រើប្រាស់​សោ​បញ្ឆេះ​ដូច​រថយន្ត​ឬទេ​?
01, Jun 2019 , 10:39 pm        
រូបភាព
​មុននឹង​ឆ្លើយ​ទៅនឹង​សំណួរ​ខាងលើ គេ​ត្រូវ​យល់​ពី​ប្រភេទ​យន្តហោះ​មួយចំនួន​ខ្លះៗ​ជាមុន​សិន​។ យន្តហោះ​តូចៗ ប្រភេទ​ជិះ​លេង​កំសាន្ត​ជិតៗ ដែល​ភាគច្រើន​ជា​របស់​ឯកជន ឬ​របស់​ពលរដ្ឋ​ម្នាក់ៗ​តាម​ផ្ទះ ក្នុងនោះ​មានដូចជា​ម៉ាក Cessna (​ប្រើប្រាស់​ម៉ាស៊ីន​ពី​ស្តុ​ង​) ជាដើម​ពិតជា​ត្រូវការ​សោ​ចាក់​ទ្វារ​ចេញចូល និង​សម្រាប់​ការចាប់ផ្តើម​បញ្ឆេះ​ម៉ាស៊ីន​។

 
​គេហទំព័រ Howstuffworks.com បាន​ពន្យល់​ពី​មូល​ហេតុថា ពពួក​យន្តហោះ Cessna ជា​ប្រភេទ​យន្តហោះ​តូចៗ អាច​ចត​ចោល​នៅតាម​ទីតាំង​ធម្មតា មានដូចជា​ដី​នៅ​ខាងក្រោយ​ផ្ទះ​ជាដើម​។ ហេតុនេះ វា​មាន​ភាពងាយស្រួល​សម្រាប់​ចោរ​នៅពេល​ដែលមាន​គេ​ចង់​លួច​។ ប្រភេទ​យន្តហោះ​តូចៗ​នេះ ប្រៀបបាន​ទៅនឹង​រថយន្ត​ធម្មតា​ដែរ​។ 
 
​ចុះ​ពពួក Jetliners ធំៗ​ដូចជា Boeing 787 ឬ Airbus A330 វិញ តើ​ប្រភេទ​យន្តហោះ​ទាំងនោះ​មាន​សោ​សម្រាប់​បញ្ឆេះ​ម៉ាស៊ីន​ដែរឬទេ​? ចម្លើយ​គឺ វា​គ្មានទេ​។ សូម្បីតែ​ទ្វារ​ក៏​គេ​មិនត្រូវ​ការ​សោ​ដើម្បី​ចាក់​ដែរ​។ វា​គ្រាន់តែ​ត្រូវការ​គន្លឹះ​មួយ​សម្រាប់​ទាញ​បើក ឬ​បិទ​ប៉ុណ្ណោះ​។ នេះ​ពេលដែល​អ្នកបើក​ចង់​ឲ្យ​ម៉ាស៊ីន​ចាប់ផ្តើម​ដំណើរ គាត់​គ្រាន់តែ​កាច់​កុងតាក់​បញ្ឆេះ​តែប៉ុណ្ណោះ​ឯង​។​
 
​មូលហេតុ​មកពី​អ្វី​? យន្តហោះ​ធំៗ​ដែល​គេ​ឃើញ​ទាំងនោះ មិនមែន​ចត​នៅតាម​ទីវាល​ធម្មតា​នោះទេ​។ អាកាស​យាន្ត​ដ្ឋា​ន​គឺជា​កន្លែង​មួយ​ដែល​មានការ​យាម​ត្បា​ត និង​ការការពារ សណ្តាប់ធ្នាប់​យ៉ាង​តឹងរ៉ឹង​។ ភ្នាក់ងារ​សន្តិសុខ និង​ប៉ូលីស​មាននៅ​គ្រប់​ទីកន្លែង ថែមទាំង​កាមេរ៉ា​សុវត្ថិភាព​ផងដែរ​។​
 
 យន្តហោះ​ធំៗ​ទាំងនោះ​មិនមែន​ងាយស្រួល​ក្នុងការ​ជិះ​ចេញ​ដោយ​មិន​ឲ្យ អ្នកណាម្នាក់​ដឹង​នោះឡើយ​។ បើ​មាន​ជនណាម្នាក់​មានបំណង​ចង់​លួច​យន្តហោះ​មួយគ្រឿង​ពី​អាកាស​យន្ត​ដ្ឋា​ន ជន​ម្នាក់​នោះ​ប្រហែលជា​រត់​មិន​រួច​ដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com