ជាតិ
សង្គមជាតិ
អភិបាលខេត្ត​សៀមរាប​សុំទោស​រឿង​ប្រើពាក្យ​ជជុះ​និង​ថា​មិនបាន​ចាត់ទុក​អ្នកកាសែត​ជាស​ត្រូវ​ឡើយ​
01, Jun 2019 , 7:17 pm        
រូបភាព
អភិបាលខេត្តសៀមរាប លោក ទៀ សីហា ថ្លែងក្នុងសិក្ខាសាលាស្ដីពី តួនាទីអ្នកសារព័ត៌មាន។ រូបភាព៖ ខេង ឧត្តម
អភិបាលខេត្តសៀមរាប លោក ទៀ សីហា ថ្លែងក្នុងសិក្ខាសាលាស្ដីពី តួនាទីអ្នកសារព័ត៌មាន។ រូបភាព៖ ខេង ឧត្តម
សៀមរាប​៖ ជា​រឿង​មួយ​ដែល​អភិបាល​ខេត្តសៀមរាប​ចង់​បកស្រាយ​យូរ​មកហើយ ទៅនឹង​អ្វីដែល​លោក​បាន​ហៅ​អ្នកសារព័ត៌មាន​ជជុះ និង​ត្រូវបាន​អ្នកសារព័ត៌មាន​មួយចំនួន​យកទៅ​វាយប្រហារ​ថា​លោក​មើលងាយ​ពួកគេ​។ ជា​ឳ​កាស​មួយ​ដ៏​ល្អ ក្នុង​សិក្ខាសាលា​ស្ដីពី តួនាទី​អ្នកសារព័ត៌មាន​ដែល​រៀបចំឡើង​ដោយ​ក្រសួង​ព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​១ មិថុនា លោក ទៀ សីហា បាន​បំភ្លឺ​ចំពោះ​ពាក្យសំដី​របស់លោក ដោយ​ថា ពាក្យ​ដែល​លោក​ហៅ​ជជុះ​នោះ​មិន​សំដៅលើ​អ្នកសារព័ត៌មាន​ទូទៅ​ទេ តែ​សំដៅលើ​អ្នកសារព័ត៌មាន​ដែល​ខ្វះ​វិជ្ជាជីវៈ រិះគន់​មិនត្រូវ​រឿង​តែប៉ុណ្ណោះ​។ លោក​អភិបាលខេត្ត​ប្រាប់ថា លោក​មិនបាន​ចាត់ទុក​អ្នកកាសែត​ជាស​ត្រូវ​ឡើយ ផ្ទុយទៅវិញ​លោក​បានចាត់ទុក​អ្នកសារព័ត៌មាន​ជា​ពលរដ្ឋ​មួយ​ដែល​លោក​មាន​តួនាទី​ការពារ​ទៅវិញ​។​


 
​ការប្រើ​ពាក្យ​ជជុះ ធ្វើឱ្យ​អភិបាលខេត្ត​សៀមរាបរ​ង​នូវ​ការប្រមាថ​ទាំង​កិ​ត្ដិ​យស​ផ្ទាល់ខ្លួន គ្រួសារ និង​ស្ថាប័ន​នាពេល​កន្លងមក​។ ព្រោះ​មាន​អ្នកសារព័ត៌មាន​ខ្លះ​ដែល​មិន​ពេញចិត្ត​ចំពោះ​ពាក្យ​នេះ​និង​បាន​លើកដាក់​ខ្លួន វាយបក​ទៅ​អភិបាលខេត្ត​ថា​មើល​ងាយសមត្ថភាព​និង​កិ​តិ្ដ​យស​របស់ខ្លួន​។ 
 
​អភិបាលខេត្ត​សៀមរាប​បាន​ប្រើពាក្យ​សោកស្ដាយ​និង​សុំទោស​នៅ​ចំពោះ​អ្នកសារព័ត៌មាន​ជិត​២០០​នាក់​ដែល​មកពី​តាម​អង្គភាព​ជុំវិញ​ខេត្ត និង​បាន​បកស្រាយ​ទៅនឹង​អ្វីដែល​លោក​ហៅ ជជុះ​នេះ​។ លោក ទៀ សីហា ពន្យល់ថា លោក​គ្មាន​បំណង​ប្រើពាក្យ​នេះ​ទៅលើ​អ្នកសារព័ត៌មាន​ទូទៅ​ទេ គឺ​ចំពោះតែ​អ្នកសារព័ត៌មាន​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតតែ​ប៉ុណ្ណោះ​។ យ៉ាងណា​លោក​អភិបាលខេត្ត​ប្រាប់ថា គាំទ្រ​ឱ្យមាន​ព័ត៌មាន​រិះគន់​នេះ ព្រោះថា​ក្នុងនាម​លោក​ជា​អភិបាលខេត្ត​មិនអាច​អភិវឌ្ឍន៍​ខេត្តសៀមរាប​មួយ​ឡើយ​គឺ​ត្រូវមាន​ការចូលរួម​គ្រប់ស្ថាប័ន​ពាក់ព័ន្ធ តែ​ថា​មន្ត្រី​របស់លោក​បាន​ប្រឹងប្រែង​លើ​ការងារ​ទាំងនោះ​ហើយ តែ​ក៏មាន​មួយចំនួន​នៅមាន​ភាព​អសកម្ម​ដែរ​។ លោក ទៀ សីហា ចង់ឱ្យ​អ្នកសារព័ត៌មាន​សរសេ​រទាំង​ចំណុច​អវិជ្ជមាន​និង​វិជ្ជមាន ហើយ​ព័ត៌មាន​ក្នុងន័យ​ស្ថាបនា​លោក​ព្រម​ទទួល តែបើ​រិះគន់​ដើម្បី​វាយប្រហារ លោក​នៅតែ​សុំ​ប្រើពាក្យ​អ្នកសារព័ត៌មាន​ជជុះ​ដដែល​។​
 
​គួរ​បញ្ជាក់ថា ក្រសួង​ព័ត៌មាន​បានរៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី​តួនាទី​អ្នកសារព័ត៌មាន ក្រោម​វត្តមាន​រដ្ឋមន្ត្រី លោក ខៀវ កាញារីទ្ធ ដែលមាន​អ្នកសារព័ត៌មាន​ព្រមទាំង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រមាណ​២០០​នាក់​ចូលរួមនៅ​សណ្ឋាគារ ខេមរា​អង្គរ ក្នុង​បំណង​ដើម្បី​បញ្ជៀប​ការយល់ដឹង​ផ្នែក​សារព័ត៌មាន ការចែករំលែក​បទពិសោធ​ន៍ និង​បញ្ហា​ប្រឈម​របស់​អ្នកសារព័ត៌មាន​៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com