កីឡាអន្តរជាតិ
អន្តរជាតិ
សោកស្តាយ​! Reyes អតីត​កីឡាករ Arsenal ស្លាប់​ដោយ​គ្រោះ​ចរាចរណ៍​ក្នុង​អាយុ​៣៥​ឆ្នាំ​
01, Jun 2019 , 11:06 pm        
រូបភាព
ដោយ: ថ្មីៗ
ខ្សែបម្រើ​ស្លាប Jose Antonio Reyes អតីត​កីឡាករ​ដែល​ជួយ​ឲ្យ Arsenal លើក​ពាន Premier League ជាមួយនឹង​កំណត់ត្រា​មិន​ស្គាល់​បរាជ័យ​នោះ បានទទួល​មរណភាព​ក្នុង​អាយុ​៣៥​ឆ្នាំ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។ Sevilla ដែលជា​អតីត​ក្លិប​របស់ Reyes ផងដែរ​នោះ បានប្រកាស​ពី​ដំណឹង​ដ៏​សោកសៅ​នេះ​មុនគេ​។​




Reyes ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ចន្លោះ​ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០០៦​។ ខ្សែបម្រើ​ស្លាប​រូបនេះ បាន​ជោគជ័យ​យ៉ាង​ធំធេង​ចាប់ពី​ប្រឡូក​ក្នុង​បាល់ទាត់​អាជីព​ពី​ឆ្នាំ​១៩៩៩​មក ដោយ​ធ្លាប់​លើក​ពាន Europa League ៣​លើក​ជាមួយ Sevilla និង​២​លើក​ជាមួយ Atletico Madrid​។


នៅ​រដូវ​កាល​ឆ្នាំ​២០០៣-២០០៤ Reyes ជា​សមាជិក​ម្នាក់​ដែល​បាន​ជួយ​ឲ្យ Arsenal លើក​ពាន Premier League ដោយ​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់ (The Invincibles)​។ ក្រៅពី​ពាន​ដ៏​ច្រើន​ទៀត Reyes ក៏​ធ្លាប់​លើក​ពាន La Liga ជាមួយ Real Madrid កាលពី​រដូវ​កាល ២០០៦-២០០៧  និង​ពាន Taca da Liga ជាមួយ Benfica រដូវ​កាល​២០០៨-២០០៩ ផងដែរ​។​

​កាលពី​រដូវ​កាល​មុន Reyes លេង​ឲ្យ​ក្លិប Xinjiang Tianshan Leopard របស់​ចិន មុននឹង​ផ្ទេរ​ទៅលេង​នៅ​ក្លិប Extremadura នៃ​ក្របខណ្ឌ Segunda División របស់​អេ​ស្ប៉ា​ញ នា​ឆ្នាំ​២០១៩ នេះ​។​
Reyes មាន​ភរិយា​ឈ្មោះ Noelia Lopez ដែល​បាន​រៀបការ​កាលពី​ឆ្នាំ​២០១៧ ដោយមាន​កូន​៣​នាក់​។​

​បណ្តា​ក្លិប​ដែល Reyes ធ្លាប់​លេង​ឲ្យ​សុទ្ធតែ​សរសេរ​សារ​រំលែក​ទុក្ខ​ទាក់ទង​នឹង​ការស្លាប់​អតីត​កីឡាករ​របស់ខ្លួន​។ កីឡាករ​ល្បីៗ​លើ​ពិភពលោក ជាពិសេស​អតីត​មិត្ត​រួម​ក្រុម​របស់ Reyes ដូចជា Thierry Henry, Cesc Fabregas, Freddie Ljungberg, Sergio Aguero ជាដើម សុទ្ធតែ​សំដែង​ការសោកស្តាយ​។​


លោក Arsene Wenger ដែល​បាន​នាំ Reyes ទៅកាន់ Arsenal និង​លោក Unai Emery គ្រូ Arsenal បច្ចុប្បន្ន ដែល​ធ្លាប់​បង្វឹក​កីឡាករ​រូបនេះ នៅ Sevilla រួមទាំង​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប បានចាត់ទុក​មរណភាព​របស់ Reyes ជាការ​បាត់បង់​ដ៏​ធំធេង​បំផុត​៕


© រក្សាសិទ្ធិដោយ thmeythmey.com