ជាតិ
សង្គមជាតិ
អចលនទ្រព្យ
រដ្ឋបាល​ខេត្តសៀមរាប​រកឃើញ​គម្រោង​បុរី​ផ្ទះល្វែង​៥​ទីតាំង​ពុំមាន​ច្បាប់​អនុញ្ញាត​
02, Jun 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​សៀមរាប​៖ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​សៀមរាប បាន​រកឃើញ​គម្រោង​សំណង់​បុរី​ផ្ទះល្វែង​ចំនួន​៥​ទីតាំង ដែល​ស្ថិតនៅ​ស្រុក​បន្ទាយស្រី​និង​ស្រុក​ប្រាសាទបាគង ដែល​ពុំទាន់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ ទីតាំង​ទាំងនោះ ត្រូវបាន​គេ​មើលឃើញថា​បាន​ដំណើរការ​គម្រោង​យូរ​មកហើយ ទើបតែ​ថ្មីៗ​នេះ​មាន​ការចុះពិនិត្យ​ច្បាប់​សាងសង់​។​
 
​ក្រុមការងារ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក ហែ​ន ពុ​ទ្ធី នាយករង​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​ត្រួតពិនិត្យ​នៅតាម​ការដ្ឋាន​សាងសង់​គម្រោង​បុរី​និង​ផ្ទះល្វែង​នានា​ក្នុងស្រុក​បន្ទាយស្រី​និង​ស្រុក​ប្រាសាទបាគង ដោយ​រកឃើញថា​គម្រោង​មួយចំនួន​ក្នុង​តំបន់​ទាំងពីរ​ពុំទាន់​មានច្បាប់​ត្រឹមត្រូវ​នៅឡើយ​។​
 
 
​ប្រតិបត្តិ​ការដែល​ធ្វើ​នៅ​ថ្ងៃទី​២៧​ដល់​ថ្ងៃទី​២៨ ខែឧសភា បាន​រកឃើញ​ទីតាំង​ចំនួន​៥ ក្នុងស្រុក​បន្ទាយស្រី និង​ស្រុក​ប្រាសាទបាគង មិនទាន់​មានច្បាប់​ត្រឹមត្រូវ ដែល​ក្នុងនោះ​រួមមាន គម្រោង​មហា​មន្ទីរ គម្រោង​បុរី​អង្គរ​លែ​ន ស្ថិតនៅ​ស្រុក​បន្ទាយស្រី​, គម្រោង​ភូមិដ្ឋាន​សំណាង ក្នុងស្រុក​ប្រាសាទបាគង និង​២​ទីតាំង​ទៀត​មិនមាន​ឈ្មោះ និង​មិនបាន​ជួប​ម្ចាស់​ដែល​ស្ថិតក្នុង​ភូមិសាស្ដ្រ​ស្រុក​បន្ទាយស្រី​។​
 
​យោងតាម​ខ្លឹមសារ​ព័ត៌មាន​ដែល​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋបាលខេត្ត​សៀមរាប ការចុះពិនិត្យ​នោះដែរ ក្រុមការងារ​ចម្រុះ​បាន​ណែនាំ​ឱ្យ​ម្ចាស់​គម្រោង​ទាំងអស់​បញ្ឈប់​សកម្មភាព​ទាំងឡាយ ដូចជា​សកម្មភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​រូបភាព បញ្ឈប់​ការសាងសង់​សំណង់​នានា​ក្នុង​ទីតាំង​គម្រោង និង​តម្រូវឱ្យ​ម្ចាស់​គម្រោង​ទាំងនោះ ត្រូវ​សុំច្បាប់​ត្រឹមត្រូវ​មុននឹង​ដំណើរ​ការធ្វើ​អាជីវកម្ម​របស់ខ្លួន​។ ក្រុមការងារ​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ដើម្បី​ណែនាំ​ដល់​ម្ចាស់​គម្រោង​ទាំងអស់​គោរព​តាម​នីតិវិធី​នានា​ឱ្យ​ស្របតាម​គោលការណ៍​ដែល​ចង់បាន ជៀសវាង​ប៉ះពាល់​ដល់​ប្រយោជន៍​ប្រជាពលរដ្ឋ​រងគ្រោះ​៕
 
 
 
  

Tag:
 បុរី​ផ្ទះល្វែង​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com