កីឡាជាតិ
ជាតិ
ស្វាយរៀង​ប៉ះ​វិសាខា ណាហ្គា​ជួប​បឹ​កកេ​ត ក្រោយ​អាស៊ី​អឺរ៉ុប​និង​គីរីវង់​ទទួលភ្ញៀវ​រៀងៗ​ខ្លួន​
02, Jun 2019 , 10:22 am        
រូបភាព
ដោយ:
 ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​១០​ថ្ងៃអាទិត្យ​នេះ មានការ​ប្រកួត​ចំនួន​៤​គូ ដែល​រៀបចំ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ថ្ងៃនេះ អាច​ចាត់ទុកជា​ការប្រកួត​ដ៏​ទាក់ទាញ​ប្រចាំ​សប្តាហ៍ ដោយ​ក្រុម​ខ្លាំងៗ​ចំនួន​៤​ត្រូវ​ប្រឈមមុខ​ដាក់គ្នា ក្នុងនោះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​តទល់​ជាមួយ​វិសាខា ខណៈ​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​លត​តាំង​ជាមួយ​បឹងកេត​។ ជាមួយគ្នានេះ​អាស៊ី​អឺរ៉ុប​ស្វាគមន៍​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ហើយ​គីរីវង់​សុខ​សែន​ជ័យ​ទទួលភ្ញៀវ​អគ្គិសនី​កម្ពុជា​។

 
​ព្រះខ័ន​រាជ​ស្វាយរៀង ប៉ះ វិសាខា វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង 
 
​នេះ​ជា​ជំនួប​ដ៏​ទាក់ទាញ​មួយ​លើ​ទឹកដី​ខេត្តស្វាយរៀង ដ្បិត​ក្រុម​ទាំងពីរ​ដែល​សម្បូរ​ដោយ​កីឡាករ​មាន​សមត្ថភាព សុទ្ធតែ​ត្រូវការ​ឈ្នះ​រៀងៗ​ខ្លួន ដើម្បី​រក្សា​គម្លាត​ប្រជែង​ដណ្តើម​កំពូល​តារាង​។ ម្ចាស់ផ្ទះ​ព្រះខ័ន​ស្វាយរៀង​ស្ថិតនៅ​លេខ​រៀង​ទី​២ កំពុង​ឈរលើ​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់ ជាមួយ​ជ័យជម្នះ​៧​លើក និង​ស្មើ​២​។ ដូច្នេះ​ព្រះខ័ន​ស្វាយរៀង​ត្រូវការ​វិសាខា​នៅ​ល្ងាច​នេះ ដើម្បី​រក្សា​កំណត់ត្រា និង​ប្រជែង​ដណ្តើម​កំពូល​តារាង​។ ក្រោយ​លត់​កំពង់ចាម ១៣-០ ពួកគេ​បានបញ្ចប់​លទ្ធផល​ស្មើ ២-២ ជាមួយ​បឹងកេត និង​យកឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ៣-០ កាលពី​សប្តាហ៍​មុន​។​
 
​ទោះបី​ជ័យជម្នះ​ថ្ងៃនេះ​មិនអាច​ជួយ​ឲ្យ​វិសាខា​ឈានទៅ​គ្រង​កំពូល​តារាង ឬ​លេខ​រៀង​ទី​២​ក៏ដោយ តែ​ពួកគេ​ត្រូវការ​ឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ដើម្បី​ពង្រឹង​ទីតាំង​ដែល​ខ្លួន​កំពុង​ឈរ ក៏ដូចជា​បង្កើន​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​កំ​ពូ​ង​តារាង​។ វិសាខា​ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​១៩​ពិន្ទុ ក្រោយ​ឈ្នះ​៦ ស្មើ​១ និង​ចាញ់​២​។ ក្រោយ​ស្មើ ១-១ ជាមួយ​សូល​ទី​ឡូ​អង្គរ ពួកគេ​យកឈ្នះ U18 បាទី ៤-៣ ចាញ់​គីរីវង់​សុខ​សែន​ជ័យ ៤-១ និង​ឈ្នះ​វិសាខា ១-០​។ 
 
​ណាហ្គា​វើ​ល ប៉ះ បឹងកេត វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​
 
​នេះ​ក៏​ជា​ជំនួប​ដ៏​ទាក់ទាញ​សម្រាប់​ទស្សនិកជន​ផងដែរ ដ្បិត​ណាហ្គា​វើ​ល​ត្រូវការ​ឈ្នះ​បឹងកេត​ជាដាច់ខាត ដើម្បី​បន្ត​ឈរ​កំពូល​តារាង ខណៈ​បឹងកេត ក៏ត្រូវ​ការ​ឈ្នះ​ណាហ្គា​ដូចគ្នា ដើម្បី​បង្កើន​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើម​កំពូល​តារាង​។ បច្ចុប្បន្ន​ណាហ្គា​ស្ថិតនៅ​កំពូល​តារាង​មាន​២៤​ពិន្ទុ​ជាមួយ​កំណត់ត្រា​ឈ្នះ​៨ និង​ចាញ់​១ រីឯ​បឹងកេត​ស្ថិតនៅ​លេខ​៦​មាន​១៧​ពិន្ទុ​ក្រោយ​ឈ្នះ​៥ ស្មើ​២ និង​ចាញ់​២​។ បើ​មើ​លពី​៣​ប្រកួត​ចុងក្រោយ​របស់​ក្រុម​ទាំងពីរ គឺ​ណាហ្គា​វើ​ល​មានកំណត់​ត្រា​ល្អ​ជាង ដោយ​យកឈ្នះ​អគ្គិសនី​កម្ពុជា ៣-០ ឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៤-០ និង​លត់​កំពង់ចាម ១៨-០ ខណៈ​បឹងកេត​ចាញ់​វិសាខា ៣-២ ស្មើ ២-២ ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង និង​ឈ្នះ​អាស៊ី​អឺរ៉ុប ៣-២​។ 
 
​អាស៊ី​អឺរ៉ុប ប៉ះ យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី វេលា​ម៉ោង​៣:៣០​នាទី​រសៀល នៅ​កីឡដ្ឋាន A.E.U Sport Park 
 
​ក្រោយ​ចាញ់​បឹងកេត ៣-២ នៅ​សប្តាហ៍​មុន អាស៊ី​អឺរ៉ុប​រំពឹង​យកឈ្នះ​ក្រុម​ប្រើប្រាស់​ធនធាន​កីឡាករ​ខ្មែរ​សុទ្ធ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ដើម្បី​ស្គាល់​ជ័យជម្នះ​ជា​លើក​ទី​៤ និង​ស្តារ​មុខមាត់​។ ចំ​ណែ​យុវជន​បាទី ក៏​រំពឹង​អាច​យកឈ្នះ​អាស៊ី​អឺរ៉ុប​ក្នុង​ការស្តារ​ស្ថានភាព​ឲ្យ​ប្រសើរឡើង​ផងដែ​ឬ បន្ទាប់ពី​ពួកគេ​បាន​ចាញ់​៥​ប្រកួត​ជាប់​គ្នា​។ ក្រោយ​យកឈ្នះ​កំពង់ចាម ៣-០ យុវជន​បាទី​បាន​រង​បរាជ័យ​ជា​បន្តបន្ទាប់ ដោយ​ចាញ់​បឹងកេត ៣-១ ក្រសួងការពារជាតិ ៤-៣ វិសាខា ៥-១ និង​ព្រះខ័ន​រាជ​ស្វាយរៀង ៣-០​។ 
 
​ចំណែក​៣​ប្រកួត​ចុងក្រោយ​របស់​អាស៊ី​អឺរ៉ុប គឺ​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ ៦-១ បឹងកេត ៣-២ និង​ឈ្នះ​កំពង់ចាម ៥-០​។ បច្ចុប្បន្ន​ក្រុម​នេះ​ស្ថិតនៅ​លេខ​រៀង​ទី​៩​មាន​១០​ពិន្ទុ ខណៈ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ស្ថិតនៅ​លេខ​១៣​មាន​៣​ពិន្ទុ​។ 
 
​គីរីវង់​សុខ​សែន​ជ័យ ប៉ះ អគ្គិសនី​កម្ពុជា វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​គីរីវង់​
 
​ក្រោយ​ចាញ់​ភ្នំពេញ​ក្រោ​ន​យ៉ាង​ប្រផិតប្រផើយ ២-១ កាលពី​សប្តាហ៍​មុន គីរីវង់​សុខ​សែន​ជ័យ រំពឹង​អាច​យកឈ្នះ​លើ​ក្រុម​អគ្គិសនី​កម្ពុជា​ដែល​ចាញ់​សូល​ទី​ឡូ​អង្គរ ៤-២ ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ ដែល​ពួកគេ​ធ្វើ​ឲ្យ​ខកចិត្ត​លើទឹក​ដី R.S.N​។ បច្ចុប្បន្ន​គីរីវង់​សុខ​សែន​ជ័យ​ស្ថិតនៅ​លេខ​រៀង​ទី​១០​មាន​៩​ពិន្ទុ ខណៈ​អគ្គិសនី​កម្ពុជា​នៅ​លេខ​៩​មាន​៧​ពិន្ទុ​។ បី​ប្រកួត​ចុងក្រោយ គីរីវង់​សុខ​សែន​ជ័យ​យកឈ្នះ​ក្រសួងការពារជាតិ ៤-១ តែ​ចាញ់​សូល​ទី​ឡូ​អង្គរ ១-០ និង​ចាញ់​ភ្នំពេញ​ក្រោ​ន ២-១ ខណៈ​អគ្គិសនី​កម្ពុជា​ចាញ់​ណាហ្គា​វើ​ល ៣-០ ប៉ូលិស ១-០ និង​ចាញ់​សូល​ទី​ឡូ​អង្គរ ៤-២៕    
 
 

Tag:
 Cambodia League 2019
  វិសាខា​
  ណាហ្គា​វើ​ល​
  បឹងកេត​
  ព្រះខ័ន​រាជ​ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com