ប្រមុខ​ការពារជាតិ​សិង្ហ​បុរី​៖ ចិន​មិន​ចង់​ប្រឈមមុខ​ជាមួយ​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​ការពារជាតិ​សិង្ហ​បុរី​៖ ចិន​មិន​ចង់​ប្រឈមមុខ​ជាមួយ​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​
02, Jun 2019 , 10:41 am        
រូបភាព
​រដ្ឋមន្ត្រី​ការពារ​ជាតិចិន​ឧ​ត្ត​ម​សេនីយ៍ Wei Fenghe (ស្តាំ) និង​សម​ភាគី​សិង្ហ​បុរី លោក​រដ្ឋមន្ត្រី Ng Eng Hen
​រដ្ឋមន្ត្រី​ការពារ​ជាតិចិន​ឧ​ត្ត​ម​សេនីយ៍ Wei Fenghe (ស្តាំ) និង​សម​ភាគី​សិង្ហ​បុរី លោក​រដ្ឋមន្ត្រី Ng Eng Hen
​រដ្ឋមន្ត្រី​ការពារ​ជាតិចិន​ឧ​ត្ត​ម​សេនីយ៍  Wei Fenghe បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ជាថ្មី​ជាមួយនឹង​សម​ភាគី​សិង្ហ​បុរី លោក​រដ្ឋមន្ត្រី Ng Eng Hen ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ជាពិសេស​នោះ​លើ​បញ្ហា​សន្តិសុខ ដែល​រាប់បញ្ចូល​ទាំង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផង​។ ភាគី​ទាំងពីរ ចង់ឃើញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ដែល​កសាង​អស់​រយៈពេល​ច្រើន​ទសវត្ស​រ៍ហើយ​នោះ បន្ត​ទៅមុខ​។​

 
​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ក្នុង​រយៈពេល​៨​ឆ្នាំ​នៅ​សិង្ហ​បុរី លោក​រដ្ឋមន្ត្រី​ការពារ និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន Wei Fenghe បាន​ប្រាប់​សម​ភាគី​សិង្ហ​បុរី លោក​រដ្ឋមន្ត្រី Ng Eng Hen ថា ចិន និង​កងទ័ព​រំដោះប្រជាជន​របស់ខ្លួន ពិតជា​ចង់​ផ្សារភ្ជាប់​ខ្លួន​ទៅនឹង​តំបន់ និង​ពិភពលោក ខណៈដែល​ស្ថានភាព​សន្តិសុខ​សកល​បច្ចុប្បន្ន កំពុងតែ​ស្ថិតនៅក្នុង​ភាពមិនប្រាកដប្រជា និង​មិនអាច​ព្យាករ​បាន​នោះ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​សិង្ហ​បុរី នៅ​ថ្ងៃ​២៩ ឧសភា ប្រមុខ​ការពារជាតិ​សិង្ហ​បុរី បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​គ្នា រួមទាំង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែលជា​បញ្ហា​ដ៏​រសើប​រវាង​ចិន និង​អាស៊ាន​។ លោក បន្តថា ភាគី​ចិន បាន​អះអាងថា ខ្លួន​មិន​ត្រឹមតែ​ចង់បាន​សន្តិភាព​នៅក្នុង​តំបន់​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​ក៏​មិន​ចង់​ប្រឈម​ជាមួយនឹង​ភាគី​ណាមួយ រួម​អាមេរិក នៅក្នុង​តំបន់​នេះឡើយ​។ 
 
​នៅពេលដែល អ្នកសារព័ត៌មាន សាកសួរ​ពី​ជំហរ​របស់​សិង្ហ​បុរី ចំពោះ​ស្ថានភាព​តានតឹង​របស់​អាមេរិក និង​ចិន លើ​បញ្ហា​ពាណិជ្ជកម្ម ថា​តើ​បើ​វិវាទ​នេះ នៅតែ​អភិវឌ្ឍ​ទៅ​ធ្ងន់ធ្ងរ​ទៅ សិង្ហ​បុរី នឹង​ជ្រើស​យក​ភាគី​ចិន ឬ​អាមេរិក លោក បាន​គូសបញ្ជាក់ថា សូម្បីតែ​ភាគី​វិវាទ ក៏បាន​ប្រាប់​ហើយ​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​មិនចាំបាច់​ជ្រើសរើស​នៅ​ខាង​ណាមួយ​នោះទេ​។ 
 
​លោក​រដ្ឋមន្ត្រី បាន​ពន្យល់​បន្ថែមថា ជម្រើស​នេះ គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត ហើយ វា ក៏​ជា​ឆ្លុះបញ្ចាំង​ផងដែរ​ថា សិង្ហ​បុរី មិនបាន​រស់នៅក្នុង​ពិភពលោក ប៉ូល​មួយ ឬ​ប៉ូ​លពីរ​នោះទេ​។ លោក​រដ្ឋមន្ត្រី អះអាងថា សិង្ហ​បុរី និង​ចិន បាន​ចង់ឃើញ​ដូចគ្នា​ថា វា ជា​រឿង​ដែល​មិន​សម​ហេតុផល​នោះទេ ដែល​ត្រូវ​បំផ្លាញ​ដំណើរការ​អភិវឌ្ឍ​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង​សន្តិសុខ  ដែល​ពិភពលោក បាន​បង្កើតឡើង​អស់​រយៈ​៧​ទសវត្សរ៍​ហើយ​នោះ​៕ 

Tag:
 ចិន​
  សិង្ហ​បុរី​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម