ជាតិ
សង្គមជាតិ
ខេ​លឹប ជនជាតិ​អូស្ដ្រាលី​ធ្វើ​ប្រជា​ការពារ​ភូមិនៅសៀមរាប ដោយសារ​ចង់​ជួយ​រក្សា​សណ្ដាប់ធ្នាប់​មូលដ្ឋាន​
02, Jun 2019 , 11:44 am        
រូបភាព
​សៀមរាប​៖ ជា​រឿង​ដ៏​កម្រ​មួយ​ដែល​ជនជាតិ​បរទេស​ម្នាក់ ធ្វើ​ប្រជា​ការពារ​ភូមិ​។ ម៉ា​ដុក ខេ​លឹប ជា​ជនជាតិ​អូស្ដ្រាលី ដែល​បានធ្វើ​ប្រជា​ការពារ​ភូមិ​នៅ​ភូមិ​កន្ដ្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ ខេ​លឹប មាន​ឪពុកម្ដាយ​បងប្អូន​រស់នៅ​និង​ធ្វើការ​នៅ​ស្រុក​ខ្មែរ ហើយ​គេ​ក៏មាន​ភរិយា​ជា​ជនជាតិខ្មែរ​ផងដែរ​។​

 
​ខេ​លឹប មាន​អាយុ​៣០​ឆ្នាំ និង​បានមក​រស់នៅ​ប្រទេស​កម្ពុជា​ប្រមាណ​២០​ឆ្នាំ​មកហើយ​។ ឪពុកម្ដាយ​យុវជន​រូបនេះ បានមក​រស់នៅ​និង​ធ្វើការ​នៅ​ស្រុក​ខ្មែរ​តាំងពី​ឆ្នាំ​១៩៩២ តាមរយៈ​អង្គការ​មួយ​ដែល​ជួយ​ពលរដ្ឋ​ខ្មែរ​ទៅលើ​វិស័យ​កសិកម្ម​។ ក្រោយ​ចប់​ការងារ​នេះ គ្រួសារ​របស់ ខេ​លឹប បានមក​រស់នៅ​ក្នុងភូមិ​កន្ដ្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដោយ​ធ្វើការ​ជាមួយ​អង្គ​ការជួយ​កុមារកំព្រា និង​ផ្តល់​ការអប់រំ​ដល់​ក្មេងៗ​។ នេះ​ជាការ​រៀបរាប់​របស់​យុវជន ខេ​លឹប ក្នុង​ឯកសណ្ឋាន​ជា​ប្រជា​ការពារ​ភូមិ​។​
 
​ខេ​លឹប បាន​ប្រាប់ថា មូលហេតុ​ដែល​ខ្លួន​ស្ម័គ្រចិត្ត​ធ្វើជា​ប្រជា​ការពារ​ភូមិ​នេះ ដោយសារ​ចង់​ជួយ​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​នៅក្នុង​សង្កាត់​ដែល​គេ​រស់នៅ ក៏ដូចជា​ចង់​រួម​ការងារ​ជាមួយ​មិត្តភក្ដិ​ដែលជា​ជនជាតិខ្មែរ​ផងដែរ​។ និយាយ​ខ្មែរ​ច្បាស់ៗ ខេ​លឹប ប្រាប់ថា​បាន​ចូលធ្វើ​ប្រជា​ការពារ​នេះ​ប្រមាណ​កន្លះ​ឆ្នាំ​មកហើយ ហើយ​ក្នុង​ការងារ​នេះ​ខ្លួន​មិនទាន់​ជួប​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ ដោយបាន​ជួយ​សម្រួល​ចរាចរណ៍​នៅ​កន្លែង​រោងការ​មួយចំនួន​ក្នុងភូមិ​។​
 
​ក្រៅពី​ចេះ​និយាយ​ហើយ ខេ​លឹប ក៏​ចេះ​អាន​អក្សរ​ខ្មែរ​បាន​ខ្លះៗ​ដែរ​ដោយ​គេ​ធ្លា​ប់រៀន​នៅ​សាលាបឋមសិក្សា​វត្ត​ចក​។ តាម​ការលើកឡើង​រប​ស់​យុវជន​ជនជាតិ​អូស្ដ្រាលី​រូបនេះ ឪពុកម្ដាយ​និង​ប្អូនប្រុស​ខ្លួន​សុទ្ធតែ​ចេះ​និយាយ​ខ្មែរ ហើយ​គេ​និង​ប្អូនប្រុស​ក៏មាន​ភរិយា​ជា​ជនជាតិខ្មែរ​ផង​។ ភរិយា ខេ​លឹប ជា​គ្រូ​បណ្ណាល័យ​នៅក្នុង​មណ្ឌល​ដែល​គេ​ធ្វើការ​តែម្ដង​។ 
 
​ទាក់ទង​នឹង​សន្ដិសុខ​សុវត្ថិភាព​នៅ​កម្ពុជា ខេ​លឹប មើលឃើញថា​ប្រទេស​កម្ពុ​ជាមាន​សន្ដិសុខ​និង​សុវត្ថិ​ភាពល្អ ក្នុងនោះ​ក៏បានផ្តល់​សេរីភាព​ផ្នែក​សាសនា​យ៉ាង​ទូលំទូលាយ​ផងដែរ​។ ខេ​លឹប ចង់ឱ្យ​រដ្ឋាភិបាល​បន្ត​ផ្តល់​សេចក្ដីសុខ​ដល់​ពលរដ្ឋ​គ្រប់គ្នា ហើយ​បើ​អាចជួយ​ផ្គត់ផ្គង់​ប្រជា​ការពារ​ភូមិ​នានា​រួម​និង​ភូមិ​កន្ដ្រក​ផង អាចជា​ថវិកា​ឬ​ឯកសណ្ឋាន​ដើម្បីឱ្យ​ពួកគេ​បន្តការងារ​នេះ​ត​ទៅមុខទៀត​៕
 
 

Tag:
 ប្រជា​ការពារ​
  ខេ​លឹប​
© រក្សាសិទ្ធិដោយ thmeythmey.com