ជាតិ
សង្គមជាតិ
ខេលឹប ជនជាតិអូស្ដ្រាលីធ្វើប្រជាការពារភូមិនៅសៀមរាប ដោយសារចង់ជួយរក្សាសណ្ដាប់ធ្នាប់មូលដ្ឋាន
× សៀមរាប៖ ជារឿងដ៏កម្រមួយដែលជនជាតិបរទេសម្នាក់ ធ្វើប្រជាការពារភូមិ។ ម៉ាដុក ខេលឹប ជាជនជាតិអូស្ដ្រាលី ដែលបានធ្វើប្រជាការពារភូមិនៅភូមិកន្ដ្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ខេលឹប មានឪពុកម្ដាយបងប្អូនរស់នៅនិងធ្វើការនៅស្រុកខ្មែរ ហើយគេក៏មានភរិយាជាជនជាតិខ្មែរផងដែរ។
ខេលឹប មានអាយុ៣០ឆ្នាំ និងបានមករស់នៅប្រទេសកម្ពុជាប្រមាណ២០ឆ្នាំមកហើយ។ ឪពុកម្ដាយយុវជនរូបនេះ បានមករស់នៅនិងធ្វើការនៅស្រុកខ្មែរតាំងពីឆ្នាំ១៩៩២ តាមរយៈអង្គការមួយដែលជួយពលរដ្ឋខ្មែរទៅលើវិស័យកសិកម្ម។ ក្រោយចប់ការងារនេះ គ្រួសាររបស់ ខេលឹប បានមករស់នៅក្នុងភូមិកន្ដ្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយធ្វើការជាមួយអង្គការជួយកុមារកំព្រា និងផ្តល់ការអប់រំដល់ក្មេងៗ។ នេះជាការរៀបរាប់របស់យុវជន ខេលឹប ក្នុងឯកសណ្ឋានជាប្រជាការពារភូមិ។
ខេលឹប បានប្រាប់ថា មូលហេតុដែលខ្លួនស្ម័គ្រចិត្តធ្វើជាប្រជាការពារភូមិនេះ ដោយសារចង់ជួយរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់នៅក្នុងសង្កាត់ដែលគេរស់នៅ ក៏ដូចជាចង់រួមការងារជាមួយមិត្តភក្ដិដែលជាជនជាតិខ្មែរផងដែរ។ និយាយខ្មែរច្បាស់ៗ ខេលឹប ប្រាប់ថាបានចូលធ្វើប្រជាការពារនេះប្រមាណកន្លះឆ្នាំមកហើយ ហើយក្នុងការងារនេះខ្លួនមិនទាន់ជួបបញ្ហាអ្វីធ្ងន់ធ្ងរទេ ដោយបានជួយសម្រួលចរាចរណ៍នៅកន្លែងរោងការមួយចំនួនក្នុងភូមិ។
ក្រៅពីចេះនិយាយហើយ ខេលឹប ក៏ចេះអានអក្សរខ្មែរបានខ្លះៗដែរដោយគេធ្លាប់រៀននៅសាលាបឋមសិក្សាវត្តចក។ តាមការលើកឡើងរបស់យុវជនជនជាតិអូស្ដ្រាលីរូបនេះ ឪពុកម្ដាយនិងប្អូនប្រុសខ្លួនសុទ្ធតែចេះនិយាយខ្មែរ ហើយគេនិងប្អូនប្រុសក៏មានភរិយាជាជនជាតិខ្មែរផង។ ភរិយា ខេលឹប ជាគ្រូបណ្ណាល័យនៅក្នុងមណ្ឌលដែលគេធ្វើការតែម្ដង។
ទាក់ទងនឹងសន្ដិសុខសុវត្ថិភាពនៅកម្ពុជា ខេលឹប មើលឃើញថាប្រទេសកម្ពុជាមានសន្ដិសុខនិងសុវត្ថិភាពល្អ ក្នុងនោះក៏បានផ្តល់សេរីភាពផ្នែកសាសនាយ៉ាងទូលំទូលាយផងដែរ។ ខេលឹប ចង់ឱ្យរដ្ឋាភិបាលបន្តផ្តល់សេចក្ដីសុខដល់ពលរដ្ឋគ្រប់គ្នា ហើយបើអាចជួយផ្គត់ផ្គង់ប្រជាការពារភូមិនានារួមនិងភូមិកន្ដ្រកផង អាចជាថវិកាឬឯកសណ្ឋានដើម្បីឱ្យពួកគេបន្តការងារនេះតទៅមុខទៀត៕
Tag:
ប្រជាការពារ
ខេលឹប
© រក្សាសិទ្ធិដោយ thmeythmey.com