វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
សង្គមអន្តរជាតិ​
អន្តរជាតិ
ហេតុអ្វី​បានជា​អាហារ​នៅលើ​យន្តហោះ​មាន​រសជាតិ​ប្លែក​ជាង​អាហារ​ធម្មតា​?
02, Jun 2019 , 12:30 pm        
រូបភាព
​នៅពេលដែល​អ្នក​ឡើង​ជិះ​យន្តហោះ​ទៅ​តំបន់​ផ្សេង ហើយ​អ្នក​បាន​ទិញ ឬ​ទទួល​អាហារ​ពី​សំណាក់​ក្រុមហ៊ុន​អាកាសចរណ៍​នោះ ភាគច្រើន​អ្នក​ប្រហែលជា​ធ្លាប់មាន​អារម្មណ៍​ថា អាហារ​ទាំងនោះ​មិនសូវមាន​រសជាតិ​ឆ្ងាញ់ និង​ពេលខ្លះ​វា​មាន រសជាតិ​ប្រៃ​ខ្លាំង ឯ​ពេលខ្លះទៀត​វា​មាន​រសជាតិ​ផ្អែម​ខ្លាំង​។

 
​ទូរទស្សន៍ BBC ចេញផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា «Why Does Food Taste Different on Planes» បាន​ពន្យល់ថា ពេលខ្លះ វា​អាចទាក់ទង​នឹង​កត្តា​រវាង​ខ្លួនប្រាណ​របស់​មនុស្ស​ជាមួយនឹង​បរិស្ថាន និង​បរិយាកាស​នៅ​ខាងក្នុង​រួមទាំង​ខាងក្រៅ​របស់​យន្តហោះ​ផង​។ 
 
​នៅក្នុង​រយៈកម្ពស់​ជាង ៩០០០​ម៉ែត្រ (​រយៈកម្ពស់​ស្តង់ដា​ដែល​យន្តហោះ​ដឹក​អ្នកដំណើរ​ហោះហើរ​) កោសិកា​នៅលើ​អណ្តាត (Taste Buds) បាន​បាត់បង់​សមត្ថភាព​របស់ខ្លួន​ក្នុងការ​ចាប់យក​រសជាតិ​ពី​អាហារ​។ 
 
​មូលហេតុ​គឺ​ដោយសារ​សម្ពាធ​បរិយាកាស​។ ក្នុង​កម្ពស់​ជាង​៩០០០​ម៉ែត្រ សម្ពាធ​បរិយាកាស​មិនអាច​ទ្រទ្រង់​ជីវិត​មនុស្ស​បានយូរ​នោះទេ​។ ហេតុដូចនេះ នៅក្នុង​តួ​របស់​យន្តហោះ អ្នកបើក​យន្តហោះ​ត្រូវតែ​បង្កើន​សម្ពាធ​បន្តិច​ម្តងៗ នៅពេលដែល​យន្តហោះ​ឡើងកាន់​តែ​ខ្ពស់​។ 
 
​ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី សម្ពាធ​ដែល​យន្តហោះ​បង្កើតឡើង​នេះ មិនមាន​លក្ខណៈ​ប្រសើរ​សម្រាប់​មនុស្ស ដូច​សម្ពាធ​នៅលើ​ដី​ធម្មតា​នោះទេ​។ ម្យ៉ាងវិញទៀត កម្រិត​សំណើម​បរិយាកាស (​បរិមាណ​ចំហាយ​ទឹក​ដែលមាន​ក្នុង​ខ្យល់​) ក៏​ជា​កត្តា​មួយ​ដែលមាន​ឥទ្ធិពល​ទៅកាន់​ការ​ភ្លក់ ឬ​ហូប​ចំណីអាហារ​ផងដែរ​។​
 
​ពេល​សំណើម​បរិយាកាស​មាន​មិន​គ្រប់គ្រាន់​នោះ វា​ក៏​អាចធ្វើ​ឲ្យ​បំពង់ខ្យល់​របស់​អ្នក​ស្ងួត​ជាង​ធម្មតា មានន័យថា​ការ​ស្រង់ក្លិន​ពី​អាហារ​មានការ​កាត់បន្ថយ​។ មនុស្ស​មួយចំនួន​អាច​ដឹងបាន​ថា ក្លិន​ជា​អ្នកចូលរួម​យ៉ាងសំខាន់​ក្នុងការ​បង្កើន​រសជាតិ​អាហារ​។ ពេលខ្លះទៀត​សំឡេង​រំខាន​ពី​ម៉ាស៊ីន​យន្តហោះ​ធំៗ និង​សម្លេង​ពី​អ្នក​អង្គុយ​នៅ​ជិត​ក៏​អាច​ជះឥទ្ធិពល​លើ​ការហូបចុក​របស់​អ្នក​ដែរ​។​
 
 កត្តា​ចុងក្រោយ​មួយទៀត​គឺ ការ​ចម្អិន​អាហារ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ពេលខ្លះ​សម្រាប់​មនុស្ស​រាប់រយ​នាក់​នៅលើ​យន្តហោះ​តែមួយ​។ ការ​ចម្អិន​ត្រូវបាន​គេ​ធ្វើឡើង​នៅលើ​ដី បន្ទាប់មក​ត្រូវ​វិច​ខ្ចប់​ដែល​ធ្វើ​ឲ្យ​វា​ត្រជាក់​មុនពេល​យន្តហោះ​ឡើង​។  ពេល​អ្នក​ឡើងលើ​យន្តហោះ គេ​ចាប់ផ្តើម​កម្តៅ​អាហារ​ក្នុង​ប្រអប់​ទាំងនោះ​ឲ្យ​ក្តៅ​មកវិញ​។ សកម្មភាព​ទាំងនេះ​អាច​កាត់បន្ថយ​រសជាតិ​អាហារ​ដូចគ្នា​។ ហេតុដូចនេះ​ហើយ​ទើប​ក្រុមហ៊ុន​ផលិត​អាហារ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ចាំបាច់​ត្រូវ​បន្ថែម​គ្រឿងផ្សំ​ច្រើនជាង​ធម្មតា​ទៅក្នុង​អាហារ​ដែល​គេ​ចម្អិន​សម្រាប់​អ្នកជិះ​យន្តហោះ​៕

Tag:
 អាហារ​
 ​យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com