ជាតិ
សង្គមជាតិ
ADB គ្រោងផ្តល់ថវិកាជិត១ពាន់លានដុល្លារដល់កម្ពុជា លោកស្រី Sunniya Durrani-Jamal នាយិកាតំណាងADB ប្រចាំកម្ពុជា នៅក្នុងកិច្ចប្រជុំបូកសរុបស្តីពី ការរៀបចំកម្មវិធីអភិវឌ្ឃ និងជំនួយបច្ចេកទេស)(Country Operation Business Plan)ឆ្នាំ២០២០-២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច
× ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) នឹងផ្តល់ប្រាក់ ៩២១,៥ លានដុល្លារដល់កម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍ និងជំនួយបច្ចេកទេស (COBP) ឆ្នាំ២០២០-២០២២ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចការអភិវឌ្ឍរបស់កម្ពុជា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)ដដែល បានបញ្ជាក់ថា ប្រាក់ជិត១ពាន់លានដុល្លារនេះ ត្រូវបែកចែកដាច់ដោយឡែកពីគ្នា សម្រាប់អភិវឌ្ឍន៍លើវិស័យផ្សេងក្នុងប្រទេស។ ក្នុងនោះមានទឹកប្រាក់ចំនួន២៥០,៤លានដុល្លារ សម្រាប់អភិវឌ្ឍវិស័យកសិកម្ម ធនធានធម្មជាតិ និងអភិវឌ្ឍជនបទ។ ទឹកប្រាក់១០០លានដុល្លារ សម្រាប់អភិវឌ្ឍវិស័យអប់រំ។
ចំណែកការអភិវឌ្ឍវិស័យថាមពល មានទំហំទឹកប្រាក់១០០លានដុល្លារ។ រីឯវិស័យដឹកជញ្ជូន និងគមនាគមន៍ មានចំនួន ៨០លានដុល្លារ, វិស័យសាធារណៈ មានទឹកប្រាក់ ១១០លានដុល្លារ, វិស័យហិរញ្ញវត្ថុ មានទំហំ ៨០ លានដុល្លារ និង វិស័យផ្គត់ផ្គង់ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសេវាកម្ម មានទឹកប្រាក់ប្រមាណ២៣០,២ លានដុល្លារ។ ទំហំទឹកប្រាក់ទាំងនេះ គឺដើម្បីជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅកា្លយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះបើតាមប្រភពដដែល។
ទឹកប្រាក់ជិត១ពាន់លានដុល្លារ ដែលADBគ្រោងផ្ដល់មកកម្ពុជានេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក វង្សី វិស្សុត រដ្ឋលេខាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Sunniya Durrani-Jamal តំណាង ADB ប្រចាំកម្ពុជា កាលពីថ្ងៃទី២៨ ឧសភា នៅក្នុងកិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេស (Country Operation Business Plan-COBP) ឆ្នាំ២០២០-២០២២ ។
លោក វង្សី វិស្សុត ចាត់ទុកសកម្មភាពរបស់ADB ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍនៅកម្ពុជា គឺជាការចូលរួមយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ADB បានផ្តល់ប្រាក់សហប្រតិបត្តិការ ដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍនានា មានទំហំទឹកប្រាក់ សរុប ៣,១៩៤លានដុល្លារ។ ក្នុងនោះឥណទានសម្បទានចំនួន ២,៧០៤ លានដុល្លារ និងហិរញ្ញប្បទានឥតសំណង ចំនួន៤៩០លាន៕
© រក្សាសិទ្ធិដោយ thmeythmey.com