ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីព័ត៌មាន ស្នើឲ្យអ្នកនាំពាក្យតាមអង្គភាពទាំងអស់ ផ្ដល់ព័ត៌មានពិតដល់អ្នកកាសែត ប្រសើរជាងកុហក រូបពីហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
× សៀមរាប៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឲ្យអ្នកនាំពាក្យតាមបណ្ដាអង្គភាព និងរដ្ឋបាលខេត្តទាំងអស់ ផ្ដល់ព័ត៌មានពិត ដល់អ្នកសារព័ត៌មាន ហើយចៀសវាងការផ្ដល់ព័ត៌មានកុហកដល់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីការពារអង្គភាពខ្លួននោះ។ សម្រាប់រដ្ឋមន្ត្រីព័ត៌មាន ការផ្ដល់ព័ត៌មានត្រឹមត្រូវ ដល់ប្រព័ន្ធផ្សព្វផ្សាយនោះ វាគឺជាផ្នែកមួយនៃការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយអាចការពារសុច្ចរិតភាពរបស់ស្ថាប័នបានដោយភាពត្រឹមត្រូវទៀតផង។
«ខ្ញុំតែងតែនិយាយប្រាប់មន្ត្រីរបស់ខ្ញុំថា និយាយអ្វីគឺពិត។ ហើយមន្ត្រីមន្ទីព័ត៌មាន គឺត្រូវតែនិយាយការពិត។ ប៉ុន្តែគ្រាន់តែការពិតខ្លះ មិននិយាយ។ ប៉ុន្តែដាច់ខាតមិនកុហក» ។ នេះជាការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ ដែលបានបន្ថែមថា ការផ្ដល់ព័ត៌មានពិតដល់អង្គភាពផ្សព្វផ្សាយនេះ វាគឺជាចំណុចខ្លាំងរបស់អង្គភាពរដ្ឋាភិបាលទៅវិញទេ ក្នុងការទប់ស្កាត់និងវាយប្រហារទៅលើស្ថាប័នព័ត៌មានណា ដែលចុះផ្សាយបំប៉ោងព័ត៌មានពីរដ្ឋាភិបាល។ ត្រង់ចំណុចនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ បានសង្កត់ធ្ងន់ថា បើប្រភពព័ត៌មានពីអ្នកនាំពាក្យ ឆ្លើយសំនួររបស់អ្នកព័ត៌មានហើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនោះ ដកស្រង់ពាក្យសម្តីខុសការបកស្រាយរបស់មន្ត្រីរដ្ឋាភិបាល ក្នុងគោលបំណងអ្វីមួយរបស់ពួកគេនោះ អង្គភាពនីមួយៗអាចចេញមុខប្រតិកម្មភ្លាម ដោយមានបង្ហាញភស្តុតាងបន្ថែមទៀត។
ថ្លែងក្នុងសិក្ខាសាលាស្ដីពី តួនាទីរបស់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី១ មិថុនា ក្នុងខេត្តសៀមរាប លោក ខៀវ កាញារីទ្ធ បាននិយាយដូច្នេះថា៖«វាត្រូវការទាមទារឲ្យគ្រប់អង្គភាពរដ្ឋបាលទាំងអស់ គឺត្រូវមានទំនាក់ទំនង សំខាន់លើការផ្សព្វផ្សាយព័ត៌មាន។ ហើយសំខាន់នៅពេលដែលមានព័ត៌មានបន្លំ ព័ត៌មានក្លែងក្លាយនេះ គឺ(អ្នកនាំពាក្យ)ត្រូវឆ្លើយតបឲ្យបានលឿនមែនទែន ហើយសំខាន់កុំយកកំហឹងទល់កំហល់។ អ៊ីចឹងបានថា ត្រូវរើសអ្នកចេះទាក់ទងជាមួយអ្នកសារព័ត៌មាន សំខាន់គឺការអត់ធ្មត់ពន្យល់គេ។ ដូច្នេះមានកាសែតជាច្រើន មានអត្ថបទជាច្រើន ដែលសរសេរខុស ឬសរសេរអាក្រក់នោះ គឹយើងឆ្លើយភ្លាម ថា រឿងនេះគឺអញ្ចេះៗ ដាក់ចូលទៅយើងជួយផ្សាយគ្នាភ្លាម។ ហើយយូរៗទៅអ្នក(ចុះផ្សាយ)ដែលនិយាយកុហក អ្នកបំប៉ោងរឿងនេះ គឺញ៉ាក(ញញើត)ខ្លួនឯងហើយ ព្រោះគេឃើញឈ្មោះពីរ បីដង គេឃើញមនុស្សហ្នឹងនិយាយខុសរហូត។ សំខាន់ឆ្លើយឲ្យទាន់ពេលវេលា ព្រោះវាសំខាន់ក្នុងសម័យហ្វេសប៊ុក សម័យស្មាតហ្វូន»។
អមជាមួយការណែនាំដល់អ្នកនាំពាក្យតាមអង្គភាព និងស្ថាប័ននេះហើយ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកយកករណីអាជ្ញាធរមួយ ដែលបានប្រើប្រាស់អាវុធបាញ់ពលរដ្ឋតវ៉ារឿងដីធ្លីហើយ តែបែជាអះអាងប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរបានបាញ់ឡើងលើ ប៉ុន្តែគ្រាប់កាំភ្លើងបានធ្លាក់ត្រូវជនរងគ្រោះទៅវិញ។ បើតាមលោក ខៀវ កាញារីទ្ធ ការបកស្រាយមិនស្មោះត្រង់បែបនេះ វានឹងផ្ដល់ភាពអាម៉ាស និងការបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ។
បន្ថែមពីនេះលោក ខៀវ កាញារីទ្ធ ក៏ស្នើឲ្យអង្គភាព និងរដ្ឋបាលខេត្តនីមួយៗ មានមន្ត្រីអ្នកនាំពាក្យ ដែលមានទំនាក់ទំនងជាមួយអ្នកកាសែត ក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវ តាមរយៈការបង្ហាញភស្តុតាង និងតួលេខពិតប្រាកដ៕
Tag:
ខៀវ កាញារីទ្ធ
ព័ត៌មាន
Fake News
© រក្សាសិទ្ធិដោយ thmeythmey.com