ជាតិ
វីដេអូ
សេដ្ឋកិច្ច
​ក្រោយ​ពុល​ថ្នាំពុល​គីមី កសិករ ឈិ​ត ឈៀង ងាក​មក​ប្រើ «​ថ្នាំពុល​ធម្មជាតិ​» លើ​បន្លែ
02, Jun 2019 , 9:19 pm        
រូបភាព
លោក ឈិត ឈៀង  កសិករដែលប្រើប្រាស់ថ្នាំពុលធម្មជាតិលើបន្លែ នៅខេត្តសៀមរាប
លោក ឈិត ឈៀង កសិករដែលប្រើប្រាស់ថ្នាំពុលធម្មជាតិលើបន្លែ នៅខេត្តសៀមរាប
ភ្នំពេញ​៖ ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ មកនេះ លោក ឈិ​ត ឈៀង បាន​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ធម្មជាតិ និង​ជីកំប៉ុស លើ​ការដាំដុះ​បន្លែ ក្នុង​ទំហំ​ផ្ទៃដី​ជិត​កន្លះ​ហិកតា នៅ​ខេត្តសៀមរាប​។  បានជា​កសិករ​វ័យ​៥១​ឆ្នាំនេះ សម្រេចចិត្ត​ប្រើប្រាស់​ថ្នាំពុល​ធម្មជាតិ សម្រាប់​ការពារ និង​កម្ចាត់​សត្វល្អិត​ចង្រៃ ព្រោះ​លោក​ធ្លាប់​ពុល​ថ្នាំពុល​គីមី ដែល​បាញ់សម្លាប់​សត្វល្អិត​ចង្រៃ​នៅក្នុង​ចម្ការ​បន្លែ​។ លោក ឈិ​ត ឈៀង បាន​និយាយថា សារធាតុ​នៃ​ថ្នាំពុល​គីមី​ទាំងនេះ បាន​ជ្រាប​ចូលក្នុង​ខ្លួន​តាម​រន្ធ​ញើស និង​តាមផ្លូវ​ដង្ហើម ក្នុងអំឡុងពេល​ថ្នាំពុល​គីមី ធ្វើ​ឲ្យ​ងងឹតមុខ​ភ្លាមៗ និង​ដួលសន្លប់​ផងដែរ​។​

 
​លោក ឈិ​ត ឈៀង លើកឡើងថា មុននឹង​លោក​ចេះ​ធ្វើ និង​ប្រើប្រាស់​ថ្នាំពុល​ធម្មជាតិ លោក​បាន​ដាំ​បន្លែ​គ្រប់​ប្រភេទ គឺ​អាស្រ័យ​ផល​ទៅលើ​ថ្នាំពុល​គីមី​ទាំងស្រុង អស់​រយៈពេល​ជិត​៣០​ឆ្នាំ​។ កសិករ​នៅ​ខេត្តសៀមរាប​រូបនេះ បាន​បន្តថា ក្នុងអំឡុងពេល​ដាំ​បន្លែ​ប្រើប្រាស់​ថ្នាំពុល​គីមី លោក​ឧស្សាហ៍​ពុល​ថ្នាំ​ទាំងនេះ​ណាស់ ព្រោះ​ក្លិន និង​សារធាតុ​នៃ​ថ្នាំពុល​គីមី បានធ្វើ​ឲ្យ​លោក​ជា​អ្នកបាញ់​ថ្នាំ​ផ្ទាល់ នៅក្នុង​ចម្ការ​មាន​អារម្មណ៍មិនល្អ​ក្នុង​ខ្លួន ដូចជា​ឈឺក្បាល វិលមុខ និង​រាករូស ជាដើម​។ 
 
​លោក ឈិ​ត ឈៀង បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​ធា្ល​ប់​ពុល​ខ្លាំង​ម្តង ភ្លាមៗ​នៅក្នុង​ចម្ការ​ត្រប់ ដែល​កំពុង​ថ្នាំ​បាញ់​កម្ចាត់​មេអំបៅ​ដង្កូវ​រយ ដង្កូវ​ចោះ​ផ្លែ​។ ពេលនោះ​ខ្ញុំ​ដឹងថា ខ្ញុំ ពុល​ថ្នាំ​គីមី​ពី​ការបាញ់​កម្ចាត់​ទាំងនេះ ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ពិបាក​ក្នុង​ខ្លួន រក​អ្វី​មក​ពិពណ៌នា​មិនបាន​។ និយាយ​ទៅ​មាន​អារម្មណ៍​ថា ស្ទើរ​ស្លាប់ ស្ទើរ​រស់​តែម្តង គឺ​ពិបាក​ក្នុង​ខ្លួន​ខ្លាំងណាស់​។ ក្នុងអំឡុង​ខ្ញុំ​ពុល​នេះ ខ្ញុំ​បាន​សម្រាក​នៅ​មន្ទីរពេទ្យ និង​ចំណាយ​ប្រាក់​អស់​ជាច្រើន​លើ​ថ្លៃ​ព្យាបាល​ផងដែរ​។ ហើយ​ការពុល​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​ឈប់​ប្រើប្រាស់​ថ្នាំពុល​គីមី​ទាំងស្រុង និង​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នៃ​ការផលិត និង​ប្រើប្រាស់​ថ្នាំពុល​ធម្មជាតិ​វិញ​នៅក្នុង​ឆ្នាំ​២០១០ មកដល់ពេលនេះ​»​។ 

សូម​អញ្ជើញទស្សនាវីដេអូរបៀបធ្វើថ្នាំពុលធម្មជាតិ របស់កសិករ  ឈិត ឈៀង ដូចតទៅ៖ 


 
​ទោះបីជា​ដឹងថា​ការប្រើប្រាស់​ថ្នាំពុល​ធម្មជាតិ មិនអាច​ធ្វើ​ឲ្យ​បន្លែ ឬ​ដំណាំ​ផ្សេង​ទទួលបាន​ទិន្នផល​ច្រើន​ដូច​ការប្រើប្រាស់​ថ្នាំពុល​គីមី​ក៏ដោយ ប៉ុន្តែ លោក ឈិ​ត ឈៀង នៅតែ​បន្ត​ដាំ​បន្លែ​ដែលមាន​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ និង​ចែករំលែក​បទពិសោធ ចំណេះដឹង​ពី​ការផលិត​ថ្នាំពុល​ធម្មជាតិ ទៅដល់​កសិករ​ឯទៀត​។ ឆ្លងកាត់​ការពុល​ថ្នាំពុល​គីមី​ដោយ​ខ្លួនឯង​ផ្ទាល់ បានធ្វើ​ឲ្យ​កសិករ​រូបនេះ មើលឃើញថា ការប្រើប្រាស់​ថ្នាំពុល​គីមី​លើ​បន្លែ និង​ដំណាំ​ផ្សេងៗ អ្នក​ដែល​រងគ្រោះថ្នាក់​មុនគេ​បង្អស់ និង​ធ្ងន់ធ្ងរ​ជាងគេ គឺ​កសិករ​ដែលជា​អ្នក​ដាំ​ផ្ទាល់​តែម្តង ហើយ​អ្នក​ទទួលទាន ជា​អ្នករងគ្រោះ​បន្ទាប់ ហើយ​ធ្ងន់​ឬ​ស្រាល​គឺ​ទៅតាម​កម្រិត​សារធាតុ​ថ្នាំពុល​គីមី ដែលមាន​នៅក្នុង​បន្លែ​ទាំងនោះ​។​
 
​លោក ឈិ​ត ឈៀង បាន​អះអាងថា​៖«​ថ្វី​ដ្បិត​ការប្រើប្រាស់​ថ្នាំ​ធម្មជាតិ​លើ​បន្លែ​មិនអាច​ទទួលបាន​ទិន្នផល​ច្រើន​ដូច​ការប្រើ​ថ្នាំពុល​គីមី​ក៏ពិតមែន ប៉ុន្តែ​បន្លែ​ដែល​ប្រើ​ថ្នាំពុល​ធម្មជាតិ​នេះ មានតម្លៃ​ខ្ពស់ជាង​បន្លែ​ប្រើ​ថ្នាំពុល​គីមី ពី​៣០០ ទៅ​៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម  ឬ​មានតម្លៃ​លើសពីនេះ​។ បើ​យើង​ទូទាត់​គ្នា​ទៅ គឺ​មិន​ខុសគ្នា​ប៉ុន្មាន​ទេ ដោយ​បន្លែ​ប្រើ​ថ្នាំពុល​គីមី​ទទួលបាន​ទិន្នផល​ច្រើន ប៉ុន្តែ​លក់បាន​ថោក ហើយ​បន្លែ​ប្រើ​ថ្នាំពុល​ធម្មជាតិ​ទទួលបាន​ទិន្នផល​តិច ប៉ុន្តែ​លក់បាន​ថ្លៃ​»​។ 
 
​បើតាម​កសិករ​រូបនេះ​ដដែល វត្ថុធាតុដើម​ដែល​អាច​ផលិត​ថ្នាំពុល​ធម្មជាតិ​បាន និង​មាន​ប្រសិទ្ធភាព មានដូចជា ស្លឹក​ល្ហុង បណ្តូល​ពេជ្រ ស្លឹកគ្រៃ ជី​នាងវង ម្ទេស ស្តៅ និង​ទ​ន្ទ្រា​ង​ខែត្រ​ជាដើម​។ របៀប​ធ្វើ​ថ្នាំពុល​ធម្មជាតិ​សម្រាប់​ការពារ និង​កម្ចាត់​សត្វ​ចង្រៃ​លើ​បន្លែ មាន​ស្លឹកគ្រៃ​៦​គីឡូក្រាម ទ​ន្ទ្រា​ង​ខែត្រ​៥​គីឡូក្រាម និង​ម្ទេស​២​ក្រាម​ចិញ្ច្រាំ​ឬ​បុក លាយ​ជាមួយ​ទឹក​១០​លីត្រ ហើយ​ផ្អាប់​ទុក​ក្នុង​រយៈពេល​៧​ទៅ​១០​ថ្ងៃ ទើប​អាច​ប្រើប្រាស់​បាន​។ ដោយឡែក ជី​នាងវង អាច​បង្ការ ឬ​ការពារ​ពី​សត្វ​ចង្រៃ​ដែលមាន​ពីងពាង​ក្រហម​, ដង្កូវ​យោល​ទង​, ស្រាំងទិច​ផ្លែ​, ពពួកសត្វ​ដែល​កើតឡើង​ពី​ផ្សិត និង​ពពួក​សត្វល្អិត​ទៀក​គូ​ផងដែរ​៕ 
 
 

Tag:
 កសិកម្ម​
  បន្លែ​សុវត្ថិភាព​
  ពុល​ថ្នាំ​
  ២៥​រាជធានី​/​ខេត្ត​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com