ភ្នំពេញ៖ លោក ណូន សុខ ដែលបច្ចុប្បន្នជាតន្ត្រីករ និងជាគ្រូភ្លេងបុរាណខ្មែរ កាលពីអតីត ជាកុមារសូមទាននៅអង្គរវត្តនាខេត្តសៀមរាប។ ចេះឧបករណ៍ភ្លេងបុរាណខ្មែរ១៦ប្រភេទ ចេះស្មូត ចេះច្រៀងភ្លេងការ ព្រមទាំងច្រៀងមហោរីក្នុងពិធីបុណ្យផង តន្ត្រីកររូបនេះ បានគេចផុតពីការសូមទានគេ ក្រោយមករៀននៅអង្គការគ្រួសារថ្មី។ “គ្រួសារថ្មី” ជាអង្គការដែលផ្ដល់ការអប់រំទាំងចំណេះដឹងទូទៅ និងចំណេះជំនាញ ជាពិសេសឧបករណ៍ភ្លេងដល់ជនមានពិការភាព។
ដើម្បីដឹងពីជីវិតរបស់តន្ត្រីករ ណូន សុខ យ៉ាងណានោះ សូមស្ដាប់ជីវព័ត៌មានដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ ៖
ឧបករណ៍គែន ស្នែងតូច អង្គួច ភ្លយ ប៉ីពក ខ្លុយ រនាតឯង រនាតធុង គងវង់តូច គងវង់ធំ ស្គរ សម្ភោរ ស្រឡៃ ទ្រអ៊ូ ទ្រសោ និងចាប៉ី ជាឧបករណ៍ភ្លេងទាំង១៦ប្រភេទ ដែលលោក ណូន សុខ ចេះចាំស្ទាត់។
ខ្ញុំសូមរំឭកទៅក្រោយបន្តិចពីដំណើររឿងនាំឱ្យតន្ត្រីករវ័យ៣៦ឆ្នាំរូបនេះចេះឧបករណ៍ភ្លេង។ ខ្លុយជាឧបករណ៍ភ្លេងដំបូងគេដែលលោកចេះ។ តាមការរៀបរាប់ពីគ្រូភ្លេងពិការភ្នែករូបនេះ លោកបានសុំឧបករណ៍ខ្លុយពីក្មេងម្នាក់ ខណៈពេលដែលគាត់កំពុងសូមទានគេកាលនៅកុមារ។
លោករំឭក ៖«ឧបករណ៍ដែលចេះមុនគេគឺខ្លុយ។ ខ្ញុំទៅសូមទានអង្ករគេ ក៏ឮគេផ្លុំខ្លុយនៅតូបលក់ទឹកកកឈូស ខ្ញុំក៏សុំគេ។ គេមិនចង់ឱ្យទេ តែអ្នកលក់ទឹកកកឈូសជួយអង្វរក្មេងនោះជំនួសខ្ញុំ។ គាត់ថាឱ្យគ្នាទៅ គ្នាយកទៅផ្លុំសូមទានចិញ្ចឹមឪពុកម្ដាយ»។
លោករំឭកប្រាប់ខ្ញុំបន្ត ៖«ខ្ញុំពឹងអ៊ំប្រុសលក់អេតចាយ ដែលផ្ទះគាត់នៅជិតផ្ទះខ្ញុំ ឱ្យជួយបង្រៀនដល់ខ្ញុំ។ គាត់ចេះបទតិចតួច។ គាត់ចាប់ម្រាមដៃខ្ញុំដាក់នៅលើរន្ធសំនៀងខ្លុយ ហើយខ្ញុំចេះតែបើកបិទៗគ្រប់រន្ធ។ ក្រោយមកខ្ញុំខំស្ដាប់ការសែតស្រាវជ្រាវខ្លួនឯងបន្ថែម ក៏ចេះបទស្វាយចន្ទី»។
អាចនិយាយបានថាបុណ្យមកដល់ សម្រាប់កុមារាពិការភ្នែកពីកំណើររូបនេះ។ ថ្ងៃមួយក្នុងពេលកំពុងអង្គុយសូមទានគេនៅមុខប្រាសាទអង្គវត្ត កុមារ សុខ បានជួបជាមួយលោក ប៊ីណ័រ ប៊ីស្យាទ័រ អាម៉ាំងស្យុង អគ្គស្ថាបនឹកអង្គការគ្រួសារថ្មី ដែលជាជនជាតិបារាំង រួមទាំងលោកឆាំ ដែលជាអ្នកបកប្រែ ក្នុងពេលដែលពួកគាត់ទៅទស្សនាអង្គរ។
មិនដឹងអ្នកណាជាអ្នកណាឡើយ ឱ្យតែឮសំឡេងដឹងតែពីហាមាត់សុំប្រាក់ កុមារ សុខ បានក្ដីអាណិតពីអគ្គស្ថាបនឹកអង្គការគ្រួសារថ្មី ដើម្បីយកមករៀននៅភ្នំពេញ។ ព្រោះតែភ្នែកមើលមិនឃើញ កុមារដែលស្ថិតក្នុងគ្រួសារក្រីក្រតោកយ៉ាក មិនមានទាំងការអប់រំផងនោះ មិនអាចស្រមៃបានឡើយ ថាតើអ្នកពិការត្រូវរៀនដោយរបៀបណា។
ក្រោយពីម្ដាយអនុញ្ញាតឱ្យមកភ្នំពេញ បុរសមានដើមកំណើតក្នុងស្រុកសៀមរាប ខេត្តសៀមរាបរូបនេះ ក៏បានមករៀនអក្សរស្ទាប ឬ (អក្សរប្រេល) សម្រាប់អ្នកពិការភ្នែក និងរៀនឧបករណ៍ភ្លេង នៅក្នុងអង្គការគ្រួសារថ្មី។ កុមារ សុខ មានឧបនិស្ស័យខាងភ្លេងច្រើន តែបែរជាខ្សោយផ្នែកចំណេះដឹងទូទៅ ទៅវិញ។ «បើរៀនភ្លេងមិនសូវពិបាកទេ តែរៀនអក្សរខ្ញុំមិនសូវចាំ។ ជួនកាលសរសេរត្រូវហើយ តែស្ទាបមិនត្រូវ ដល់តែលោកគ្រូគាត់ចាប់ម្រាមដៃឱ្យស្ទាបអក្សរនៅលើក្រដាសហ្នឹង។ ហើយខ្ញុំចេះស្ទាបតាំងពីពេលនោះ។ បន្ទាប់មកទៅថ្នាក់បន្តៗទៀត ពិបាកជាងគេគឺគណិតវិទ្យា»។ នេះជាការបញ្ជាក់បន្ថែមរបស់តន្ត្រីករ ណូន សុខ។
ធុញថប់នឹងការរៀនគណិតវិទ្យាខ្លាំងពេក ស្របពេលមើលមិនឃើញពីប្រយោជន៍នៃការរៀនមុខវិទ្យាមួយនេះផង កុមារចំណាកស្រុករូបនេះ បានសុំគ្រូឈប់រៀននៅថ្នាក់ទី៣ ៖«ខ្ញុំចាំបានកាលនៅថ្នាក់ទី៣ ខ្ញុំធ្លាប់ទៅសុំអ្នកគ្រូនាយិកាឈប់រៀនអក្សរ ខ្ញុំចង់រៀនតែភ្លេងទេ។ ពេលនោះខ្ញុំមានអារម្មណ៍មួយបន្ទោស។ ហេតុអ្វីបានជាឱ្យរៀនមុខវិទ្យាដែលគេមិនចេះ? តែអ្នកគ្រូគាត់ពន្យល់ថា មនុស្សគ្រប់គ្នាមានសិទ្ធិទទួលបានការអប់រំ។ គាត់ថារៀនឱ្យដឹង មិនមែនរៀនមួយថ្ងៃចេះទេ គឺត្រូវការពេលយូរណាស់»។
ទោះជាគ្រូបានពន្យល់យ៉ាងណាក៏ដោយ តែការរៀនគ្មានគោលដៅ នឹងរៀនដោយមិនពេញចិត្ត បានបង្ខំឱ្យលោក សុខ សុំគ្រូឈប់ជាលើកទី២នៅថ្នាក់ទី៨ ៖«ដល់ថ្នាក់ទី៨ខ្ញុំសុំអ្នកគ្រូឈប់មែនទែនហើយ ខ្ញុំចង់ទៅផ្ទះវិញ។ អ្នកគ្រូថា ចង់ទៅផ្ទះហ្នឹងទៅស៊ីស្លឹកអម្ពិលឬ? ចង់ទៅសូមទានគេទៀតឬអី? ម៉ែក្រតើអី? ឥឡូវកុំទាន់ចង់ឈប់ រៀនឱ្យចប់ថ្នាក់ទី៨សិនទៅ។ ឆ្នាំក្រោយឱ្យទៅបង្រៀនសាកល្បងនៅកំពង់ចាម៣ខែ បើបង្រៀនគេកើតនៅតទៀត តែបើបង្រៀនគេមិនកើតទេ មករៀនវិញមិនឱ្យទៅផ្ទះទេ។ គេយកមកហ្នឹង ដើម្បីបណ្ដុះដាំឱ្យកើតជាសសរទ្រូងរបស់ជាតិ»។
ទោះជាយ៉ាងណាលោកទ្រាំរៀនរហូតចប់ថ្នាក់ទី៨។ ពេលមួយលោក សុខ មានឱកាសមកលេងស្រុកកំណើត។ មន្ត្រីនៃអង្គការគ្រួសារថ្មី បានគំរាមរួចជាស្រេច ថាមិនឱ្យលោកទៅសូមទានគេជាថ្មីឡើយ។ លោកបញ្ជាក់ដូច្នេះ ៖«គាត់មិនឱ្យសូមទានគេទៀតទេ។ គាត់ថាបើដើរទៅឃើញ គឺមានរឿងហើយ។ ខ្ញុំធ្លាប់សូមទានគេនៅអង្គរវត្ត។ អ្នកភ្នែកភ្លឺគេរត់ចេញអស់ទៅ អ្នកពិការដៃ ពិការជើងគេកកិលចេញទៅអស់ទៅ គេមិនប្រាប់ខ្ញុំផងថាសមត្ថកិច្ចដើរកាត់។ ខ្ញុំឮសំឡេងដើរមកជិតខ្ញុំ ហើយគេក៏ឈូសចំភ្លៅខ្ញុំ។ ពេលគេដើរទៅបាត់ ក៏មានអ្នកសូមទានដូចគ្នាឡើងមក។ គេសួរថា តើខ្ញុំដឹងថាអ្នកណាឈូសខ្ញុំអម្បាញ់មិញទេ? ខ្ញុំថាមិនដឹងទេ។ គេថាជាសមត្ថកិច្ច»។
លោក សុខ បន្ថែមទាំងអស់សំណើចពីអារម្មណ៍ភ័យខ្លាចរបស់ខ្លួននៅពេលនោះ ៖«ដូច្នេះខ្ញុំចាំបានពាក្យថារករឿងហ្នឹង ប្រហែលជាខ្ញុំកំពុងតែអង្គុយសូមទាន ហើយគេមកឈូសខ្ញុំដូចពេលមុនទៀតក៏មិនដឹង? ខ្ញុំសុំម្ដាយថាកុំឱ្យខ្ញុំទៅសូមទានគេទៀតអី។ ម្ដាយខ្ញុំថាខ្ញុំហ្នឹងមិនអាណិតបងប្អូនទេ។ គាត់ថាខ្ញុំមកពីភ្នំពេញមិនបានប្រាក់ច្រើនទេ។ ខ្ញុំប្រាប់គាត់ថាខ្ញុំអាណិត តែខ្ញុំខ្លាចគេរករឿង»។
ទ្រឹស្ដីមួយតែងលើកទឹកចិត្តមនុស្សគ្រប់រូប ថាមនុស្សរស់នៅត្រូវមានក្ដីស្រមៃទៅថ្ងៃអនាគត់ តែកុមារាដែលមានបងប្អូន៥នាក់រូបនេះ មិនដឹងថាក្ដីស្រមៃនោះជាអ្វីផង។ ដ្បិតតែពិបាកក្នុងការហាមាត់សុំប្រាក់គេ តែក្នុងចិត្តគំនិតរបស់ក្មេងប្រុសដែលខ្វះការលើកទឹកចិត្តពីគ្រួសារ រួមទាំងរស់ក្នុងអំពើរហឹង្សាផងនោះ គឹតតែម្យ៉ាងថា ជនពិការមិនអាចធ្វើអ្វីបានក្រៅពីការងារនេះឡើយ។
លោកបញ្ជាក់ពីការគិតរបស់ខ្លួន៖«ខ្ញុំចេះតែគិតថា ពេលធំឡើងប្រហែលជាខ្ញុំត្រូវសូមទានគេទៀតហើយមើលទៅ? ចុះដល់ពេលខ្ញុំធំទៅ តើគេឱ្យខ្ញុំទៀតឬអត់? ដល់ពេលមករៀននៅអង្គការគ្រួសារថ្មីនេះហើយ ខ្ញុំរៀនភ្លេងពូកែជាងគេ រហូតដល់លោកគ្រូចំណេះដឹងទូទៅក៏សរសើរ លោកគ្រូភ្លេងក៏សរសើរ។ ពេលនោះខ្ញុំចាប់ផ្ដើមចង់ធ្វើជាគ្រូភ្លេង»។
ត្រឡប់មកបច្ចុប្បន្នភាពវិញ។ មានជំនាញពេញខ្លួនហើយក៏ពិតមែន តែបុរសសម្បុរសរូបនេះនៅតែមានឧបសគ្គ ពេលទៅលេងភ្លេងម្ដងៗ ព្រោះតែពិការភាពរបស់ខ្លួន ៖«ជួនកាលពេលខ្ញុំទៅលេងភ្លេងនៅកន្លែងឆ្ងាយ ខ្ញុំចង់ចូលបន្ទប់ទឹកយប់អី ដាស់កូនសិស្ស គេមិនងើបជូនខ្ញុំទៅទេ។ ដាស់គេយ៉ាងណាក៏គេមិនក្រោក ខ្ញុំបានត្រឹមតែតូចចិត្តខ្លួនឯង ហើយកកិលចុះទៅខ្លួនឯងទៅ។ ប៉ុន្តែមកដល់ពេលនេះគេមិនថាអ្វីទេ បន្តែពិបាកកន្លែងសម្រាក។ បើទៅលេងឆ្ងាយ តែគេមិនអាចជូនមកវត្តឧណ្ណាលោមវិញ ខ្ញុំមិនទៅទេ»។
អង្គុយលើកៅអីក្នុងកុដិលេខ៧នាវត្តឧណ្ណាលោម គ្រូបង្រៀនឧបករណ៍ភ្លេងខ្មែរ ដែលមិនគិតប្រាក់ពីសិស្ស តែទទួលតែសិស្សណាដែលលោកបានឃើញថា ជាអ្នកប្រឹងប្រែងរៀនពិតប្រាកដរូបនេះ អាចនិយាយបានថាជាមនុស្សមិនសូវទទួលបានការស្វាគមន៍។ គេមិនសូវចូលចិត្តក៏ព្រោះតែការមិនសម្របតាមសង្គមនៅចំណុចខ្លះ។
លោករៀបរាប់ទាំងហួសចិត្ត ៖«ខ្ញុំធ្លាប់ទៅបុណ្យនៅផ្ទះរបស់លោកពូម្នាក់ដែលស្គាល់គ្នា។ ប៉ុន្តែពេលធ្វើបុណ្យហ្នឹង គាត់មិនបានមករកភ្លេងខ្ញុំផ្ទាល់ទេ គាត់ពឹងអ្នកផ្សេង។ ភ្លេងលេងមួយព្រឹករហូតដល់ថ្ងៃត្រង់ខ្ញុំយកតែ ៧៥ដុល្លារទេ។ ប៉ុន្តែអ្នកនោះទៅប្រាប់ម្ចាស់បុណ្យថា ១៥០ដុល្លារ។ ពេលហូបបាយថ្ងៃត្រង់ខ្ញុំសួរម្ចាស់បុណ្យ។ តើគេប្រាប់លោកពូថាយកថ្លៃភ្លេងប៉ុន្មាន? គាត់ថា១៥០ដុល្លារ។ ខ្ញុំប្រាប់គាត់វិញ ថាខ្ញុំប្រាប់គេតែ៧៥ដុល្លារទេ។ គាត់ថានេះស៊ីលើគ្នាគុណនឹង២។ បែបនេះហើយ ទើបខ្ញុំស្អប់»។
របរជាអ្នកភ្លេងចំណូលមិនទៀតឡើយ។ សម្រាប់លោក សុខ ដែលមិនទទួលលេងភ្លេង ក្នុងកម្មវិធីណាដែលលោកបានមើលឃើញថាមានអំពើកឹបកេងទៀតនោះ ប្រាក់ចំណូលរិតតែខើចទៅទៀតហើយ ៖«របរនេះមិនទៀងតែម្ដង។ មួយរយៈកាលចុងក្រោយ គឺនៅខែ៤ខែ៥នេះ ខាងលេងភ្លេងមិនសូវបានប្រាក់ទេ។ ច្រើនតែបានប្រាក់ខាងចាប៉ី និងស្មូត។ បើច្រៀងតែចាប៉ី បាន២០ម៉ឺន ឬ៣០ម៉ឺន ជួនកាលក៏បាន១០ម៉ឺនដែរ។ តែខ្ញុំមិនដែលដាក់តម្លៃទេ»។
ដ្បិតតែពិការភ្នែកមែនពិតតែលោក សុខ នាពេលបច្ចុប្បន្ននេះ បានព្យាយាមសិក្សារៀនសូត្រតាមប្រព័ន្ធផ្សព្វផ្សាយនានា ដូចជាវិទ្យុ ទូរទស្សន៍ យូធូប ហ្វេសប៊ុក និងតាមរយៈឯកសារជាសំឡេងផ្សេងៗទៀត ដែលកូនសិស្សទាញយកឱ្យ។
ទោះបីមិនមានការស្រាវជ្រាវច្បាស់លាស់យ៉ាងណាក្ដី តែគេក៏អានសន្និដ្ឋានបានថា មកដល់ពេលបច្ចុប្បន្ននេះ ជនមានពិការភាពមួយចំនួនមានចំណេះដឹង និងជំនាញអាចចិញ្ចឹមជីវិតខ្លួនឯងបាន និងចិញ្ចឹមគ្រួសារ រស់ដោយសមរម្យ។ ពួកគេជាធន់ធានមនុស្សពេញសមត្ថភាព សម្រាប់សង្គមជាតិ ដែលមិនអាចប្រកែកបាន៕