Kun Khmer ULTRA រួមចំណែក​អភិវឌ្ឍ​កីឡាករ​គុន​ខ្មែរ​ដើម្បី​ប្រកួត​នៅ​សង្វៀន ONE
ONE Championship
កីឡាជាតិ
ជាតិ
Kun Khmer ULTRA រួមចំណែក​អភិវឌ្ឍ​កីឡាករ​គុន​ខ្មែរ​ដើម្បី​ប្រកួត​នៅ​សង្វៀន ONE
02, Jun 2019 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​
​លោក Matias Andrés ជា​អ្នកគ្រប់គ្រង​ទូទៅ​នៅ «​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​» ឬ «Ek Phnom Kun Khmer Arena» ដែលជា​អ្នក​ផ្ដួចផ្ដើម​កម្មវិធី Kun Khmer ULTRA ដែលមាន​ការគាំទ្រ​ពី ឧកញ៉ា ហេង តុលា ក្នុង​គោលបំណង​ផលិត​ធនធាន​កីឡាករ​ឲ្យ​មានគុណ​ភាព ដើម្បី​ប្រកួត​នៅ​សង្វៀន ONE Championship និង​ការប្រកួត​អន្តរជាតិ​ផ្សេងទៀត​។​



​ឧកញ៉ា ហេង តុលា ជា​អ្នកជំនួញ​ជោគជ័យ​ម្នាក់ ហើយ កំពុងតែ​វិនិយោគ​ពេលវេលា និង ប្រាក់កាស​ជាច្រើន​ដើម្បី​ក្ដី​ស្រមៃ ជួយ​ក្បាច់គុន​ខ្មែរ​។ នា​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩ ឧកញ៉ា ហេង តុលា បាន​បើក​សង្វៀន​ឯក​ភ្នំ​គុន​ខ្មែរ​ក្នុង​គោលបំណង​រួមចំណែក និង អភិវឌ្ឍ​គុន​ខ្មែរ​ក្នុង​ខេត្តបាត់ដំបង និង ផ្ដល់ឱកាស​ឲ្យ​កីឡាករ​ក្នុង​ខេត្ត​មួយ​នេះ​បាន​ប្រកួត​កម្រិត​ថ្នាក់ជាតិ និង ពង្រឹង​ខ្លួន​រហូតដល់​កម្រិត​អន្តរជាតិ​។ 
 
​ពេល​បង្ហើប​អំពី​គម្រោង Kun Khmer ULTRA អ្នកគាំទ្រ​ជាច្រើន​បានបង្ហាញ​ការពេញចិត្ត​ពេញ​ថ្លើម ពីព្រោះ​លទ្ធផល​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស ឬ នៅ​សង្វៀន ONE ជារឿយៗ​មិនទាន់​ទទួលបាន​លទ្ធផល​ល្អ​នៅឡើយ​ទេ​ដោយសារ​លទ្ធផល​ចាញ់ ច្រើនជាង​ឈ្នះ​។ 
  
 
​លោក Matias Andrés បាន​រៀបរាប់ថា ៖«​បច្ចុប្បន្ននេះ​យើង​រវល់​នៅ​សង្វៀន Ek Phnom Kun Khmer Arena ដែល​យើង​មានការ​ប្រកួត​មិត្តភាព​អន្តរជាតិ ស្ទើរតែ​រាល់​សប្ដាហ៍ ប៉ុន្តែ​ឆាប់ៗ​នេះ ខ្ញុំ​នឹង​យក​ពេលទំនេរ​ដើម្បី​ជជែក​ជាមួយ​ដៃគូ​មាន​សក្ដានុពល និង អ្នក​ឧបត្ថម្ភ​។ ក្នុងនោះ​មានការ​ចាប់អារម្មណ៍​ពី​ស្ថានីយទូរទស្សន៍ ផងដែរ ហើយ ខ្ញុំ​សប្បាយចិត្ត​ចំពោះ​រឿងនេះ​សម្រាប់​អ្នក​ដែល​ចង់​វិនិយោគ​លើ​គុន​ខ្មែរ​ទៅ​ថ្ងៃ​អនាគត​។ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ យើង​ត្រូវតែ​ជឿជាក់​លើ​ទស្សនវិស័យ​របស់​យើង​។ យើង​មិនមែន​រៀបចំ​ធ្វើ​តែឯង​ឡើយ ប៉ុន្តែ​យើង​ធ្វើ​ជាមួយ​មនុស្ស ឬ ដៃគូ​មាន​សក្ដានុពល ដែល​នាំ​ឲ្យ​សុបិន និង បំណង​របស់​យើង​ក្លាយជា​ការពិត​។ ពេល​ទទួលបាន​លទ្ធផល​ល្អ គឺ​យើង​ច្បាស់​ជា​បង្ហាញ​កម្ពុជា និង គុន​ខ្មែរ ទៅកាន់​ពិភពលោក​ដ៏​ល្អ​បំផុត​តាមរយៈ គុណភាព​ប្រកួត ទេពកោសល្យ​, ការកម្សាន្ត​, និង ការ​ឲ្យ​តម្លៃ​គ្នា​ទៅវិញទៅមក​លើស​ង្វៀន​»​។
 
​ការផ្ដួចផ្ដើម Kun Khmer ULTRA ទទួល​ការគាំទ្រ​ពី​សំណាក់​កីឡាករ​ល្បីៗ​មួយចំនួន​ដូចជា កែវ រំ​ចង់ និង តារា​ប្រចាំ​សង្វៀន ONE កីឡាករ Emmanuel Onyedikachi ជាដើម ដែល​ពួក​ពូក​សុទ្ធតែ​បង្ហាញ​ឆន្ទៈ​ខ្ពស់​ដើម្បី​ចូលរួម​។ លើសពីនេះទៅទៀត​មាន​កីឡាករ​មាន​ទេពកោសល្យ​ក្មេងៗ​ជាច្រើន ក៏​នឹង​ចង់​រួមចំណែក​ក្នុង​កម្មវិធី​ដើម្បី​គុន​ខ្មែរ​នេះ​ផងដែរ​។ នេះ​ជាការ​បោះជំហាន​មួយ​ទៅមុខ​សម្រាប់​មជ្ឈដ្ឋាន​គុន​ខ្មែរ​។​
  
 
​អ្នកគ្រប់គ្រង​ដដែល​នេះ​បាន​គូសបញ្ជាក់ថា ៖«Kun Khmer ULTRA ជា​កម្មវិធី​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញថា ព្រះរាជាណាចក្រ​កម្ពុ​ជាស​ម្បូ​រ​ដោយ​ធនធាន​កីឡាករ និង បង្កើត​ឲ្យ​បាន​ស៊ុប​ពើ​ស្តារ​ទៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាងមុខ​។ ជាមួយគ្នានេះ ខ្ញុំ​គិតថា​បើ​អត់​មានការ​គាំទ្រ​ពី​សំណាក់​អ្នកពាក់ព័ន្ធ កម្ពុជា​មិនអាច​ផលិត​បាន​កីឡាករ​លំដាប់​កំពូល​បានទេ ហើយ ប្រទេស​នានា​ក្នុង​លោក​ក៏​ដូចគ្នា​ដែរ​។ ពី​កម្មវិធី Kun Khmer ULTRA យើង​នឹង​ទទួលបាន​រជ្ជកាល​គុន​ខ្មែរ​ថ្មី​មួយ​នាពេលខាងមុខ »​។​
 
«​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​» បានចាប់ផ្ដើម​ប្រកួត​នា​ដើមខែ កុម្ភៈ ឆ្នាំ ២០១៩​។ សង្វៀន​ប្រដាល់​មួយ​នេះ​បាន​នាំយក​កីឡាករ​ល្បី​ជាច្រើន​នាក់​ទៅ​ប្រកួត​លំដាប់​អន្តរជាតិ ដូចជា ឡុង សុ​ភី​, កែវ រំ​ចង់​, ខុន ស៊ី​ចាន់​, និង ឈុត សេរី​វណ្ណ​ថង ជាដើម​។ សង្វៀន​ថ្មី​នេះ​ជាការ​ផ្ដួចផ្ដើម​របស់ ឧកញ៉ា ហេង តុលា ដែល​ចូលចិត្ត​និង​ស្រលាញ់​គុន​ខ្មែរ​។ លោក​បានធ្វើ​សកម្មភាព​ចុះទៅ​ជួប​កីឡាករ និង គ្រូបង្វឹក​ជាប្រចាំ​នៅ​ក្លិប​ប្រដាល់​ជាច្រើន​នៅ​ខេត្តបាត់ដំបង និង បាន​ឧបត្ថម្ភ​សម្ភារ​ហ្វឹកហាត់​ជា​ហូរហែ​។ នេះ​ជា​ឆ្នាំ​ថ្មី និង ទំព័រ​ដើម្បី​បំផុស​ចលនា​ប្រដាល់​ក្នុង​ខេត្ត​ទិស​ពាយព្យ​នៃ​ប្រទេស​កម្ពុ​ជាមួយនេះ​។ ដោយសារ​តែមាន «​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​» ដែល​ទទួលបាន​ប្រជាប្រិយភាព ទើប​ធ្វើ​ឲ្យ​អ្នករៀបចំ​កម្មវិធី និង ឧកញ៉ា ម្ចាស់​សង្វៀន​ឈាន​មួយ​ជំហាន​ទៀត​ដើម្បី​រៀបចំ​កម្មវិធី Kun Khmer ULTRA៕ 
  

 

© រក្សាសិទ្ធិដោយ thmeythmey.com