លោកតា នូ លាត ជាង​ដំ​ដែក​ល្បីឈ្មោះ​នៅ​ស្រុក​ប្រាសាទបាគង​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
លោកតា នូ លាត ជាង​ដំ​ដែក​ល្បីឈ្មោះ​នៅ​ស្រុក​ប្រាសាទបាគង​
02, Jun 2019 , 2:59 pm        
រូបភាព
​សៀមរាប​៖ នាពេល​បច្ចុប្បន្ននេះ របរ​ដំ​ដែក​កាន់តែ​ខ្សត់​អ្នកចេះ ដ្បិត​ការ​នាំចូល​សម្ភារ​ពី​បរទេស​ដែលមាន​តម្លៃថោក​ជាង កាន់តែ​កើនឡើង​។ ជាងដែក​ដែល​ធ្លាប់​ប្រក​បរបរ​នេះ ខ្លះ​នៅ​បន្តធ្វើ​ដល់​សព្វថ្ងៃ ឯ​ខ្លះទៀត​ក៏​បោះបង់​ទៅវិញ ដោយសារ​គ្មាន​ទីផ្សារ​និង​ដោយ​សារភាព​ចាស់ជរា ខ្សោយកម្លាំង​ផង​។ លោកតា នូ លាត ជា​ចាស់​ព្រឹទ្ធិ​ចា​រ្យ​មួយរូប​ដែល​នៅ​បន្តរ​បរដំ​ដែក​នេះ ហើយ​ស្នាដៃ​របស់លោក​ត្រូវបានគេទទួលស្គាល់​ជា​ទូទាំង និង​ល្បីឈ្មោះ​ទូទាំង​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​
 


​មាន​អាយុ​ជាង​៨០​ឆ្នាំ​ទៅហើយ តែ​មើលទៅ​លោកតា នូ លាត ហាក់​នៅមាន​កម្លាំង​មាំ​។ លោកតា​បានបង្ហាញ​កម្លាំង​តាមរយៈ​ការលើក​ញញួរ​វាយ​ដែក​ក្រាស់ៗ តូចធំ ច្នៃ​ជា​កាំបិតប៉័ងតោ​និង​សម្ភារ​ប្រើប្រាស់​ច្រើនសន្ធឹក​នៅ​រោង​ជាង​របស់ខ្លួន​នៅមុខ​ផ្ទះ​ឈើ​មួយ​ខ្នង ស្ថិតនៅ​ភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង​។​
 
​មាន​វ័យ​៨៦​ឆ្នាំ លោកតា នូ លាត បាន​ប្រកប​របរ​ជាជាង​ដំ​ដែក​នេះ​ជាង​៣០​ឆ្នាំ​មកហើយ គឺ​ចាប់តាំងពី​ឆ្នាំ ១៩៨៥​មក​។ លោកតា​រម្លឹកថា លោក​ចេះ​ដំ​ដែក​នេះ​ពី​ឪពុក​មិត្តភក្ដិ​របស់លោក​ដែល​នៅក្នុង​ភូមិ​ជាមួយ តែ​ភ្លាមៗ​លោក​មិនបាន​យក​ធ្វើជា​របរ​នោះទេ​។ មុន​ចាប់​ជំនាញ​នេះ លោកតា នូ លាត ជាជាង​ឈើ ដោយ​លោក​ចេះ​ធ្វើ​រទេះគោ ធ្វើ​ផ្ទះ និង​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ ហើយក៏​ប្រសព្វ​នឹង​ការធ្វើ​ខ្លែងឯក​ផងដែរ​។​
 
 
​ស្នាដៃ​របស់​លោកតា នូ លាត ត្រូវបានគេទទួលស្គាល់​ថា​ល្អ និង​មានការ​គាំទ្រ​ទាំង​ជនជាតិខ្មែរ​និង​បរទេស​។ បរទេស​ដែល​ស្គាល់​ស្នាដៃ​លោកតា នូ លាត និយម​ទិញ​ដាវ​និង​កាំបិត​ស្នៀត សម្រាប់​យកទៅ​តាំង​លម្អ​និង​ទុកជា​វត្ថុ​អនុស្សាវរីយ៍​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោ​កតា នូ លាត​។ ដាវ​មួយ​លោកតា អាច​លក់បាន​តម្លៃ​ខ្ពស់​រហូតដល់​១៥០​ដុល្លារ រីឯ​កាំបិត​ស្នៀត​លក់បាន​តម្លៃ​តាម​ទំហំ​តូចធំ​។​
 
​យ៉ាងណាក៏ដោយ លោកតា នូ លាត ពន្យល់ថា បច្ចុប្បន្ន​ការងារ​ដំ​ដែក​របស់លោក​ធ្វើ​មិនបាន​ច្រើន​ដូច​ពីមុន​ឡើយ ដោយសារ​កត្តា​២​យ៉ាង ទីមួយ​លំហូរ​សម្ភារ​ពី​បរទេស និង​ទី​ពីរ​ដោយសារ​វ័យ​ជរា ធ្វើឱ្យ​លោកតា​គ្មាន​កម្លាំង​នឹងធ្វើ​យូរ​។ លោកតា​រម្លឹកថា បើ​ធ្វើ​ជាប់លាប់​ដូច​មុនៗ ក្នុង​មួយខែ​អាច​រកចំណូលបាន​ពី​១៥០​ទៅ​២០០​ដុល្លារ​ក៏មាន​។​
 
​ពិតណាស់ថា ការងារ​ជាជាង​ដំ​ដែក ជាការ​ងារ​ធ្ងន់​និង​ហត់នឿយ​ដោយ​ប្រើ​កម្លាំង​ខ្លាំង​។ ការងារ​នេះ​ក៏​ប្រឈម​នឹង​គ្រោះថ្នាក់​ដែរ​ដូចជា​នៅពេល​ឆាប​ដែក​អាច​មុត​ដៃ និង​ផ្លែ​ភ្លើង​ខ្ទាត​ប៉ះ​សាច់​និង​សំលៀកបំពាក់​ជាដើម​។ ដ្បិត​ហត់នឿយ​ក៏ពិតមែន តែ​លោកតា នូ លាត ដែលជា​ព្រឹទ្ធិ​ចា​រ្យ​ជាងដែក​ហាក់​មាន​អារម្មណ៍​សោកស្ដាយ​បន្ដិច នៅពេល​ការងារ​នេះ​ពុំ​មានកូន​ណា​ម្នាក់​ស្នង​ពី​លោក​។ លោកតា ប្រាប់ថា​កូនចៅ​លោក​ហាក់​មិនមាន​ភាព​វៃឆ្លាត​ឬ​យល់​ការងារ​ដែក​នេះ​ដូច​លោក​ទេ អាច​ថា​ជា​របរ​នឿយ​ខ្លាំង ទើប​ពួកគេ​មិនបាន​ចាប់​ជា​របរ​ក៏​ថា​បាន​។ លោកតា នូ លាត មានកូន​៨​នាក់ ក្នុងនោះ​មាន​ប្រុស​៤ ស្រី​៤​។​
 
 
​ជាជាង​ដំ​ដែក មិនមែន​ត្រឹមតែ​កាន់​ញញួរ​វាយ​ដែក​ចុះឡើងៗ​នោះទេ​។ សម្រាប់​លោកតា នូ លាត ដែលមាន​ជំនាញ​នេះ​ជាង​៣០​ឆ្នាំ​មកហើយ​នោះ បាន​ប្រាប់ថា ជាងដែក​ត្រូវមាន​ភាពវាងវៃ ត្រូវធ្វើ​ឱ្យ​ល្អ​និង​ត្រូវ​រិះរក​គំនិត​ច្នៃ​យ៉ាងណា​ឱ្យ​អ្នកទិញ​ពេញចិត្ត ប្រើ​បាន​ស្រួល​។ 
 
​សព្វថ្ងៃនេះ គេ​សង្កេតឃើញ​មាន​ជនជាតិ​ចាម​ភាគច្រើន ដែល​នៅ​បន្ត​អាជីព​ជាជាង​ដំ​ដែក​នេះ​។ យ៉ាងណាក៏ដោយ លោកតា នូ លាត ប្រាប់ថា ពី​ដើម​ជនជាតិខ្មែរ​ក៏​ប្រកប​របរ​នេះ​ច្រើន​ដែរ តែ​សព្វថ្ងៃ​នៅមាន​តិចតួច​ប៉ុណ្ណោះ​។ នៅ​ភូមិ​ដូនទាវ មានតែ​ជាងដែក​៣​នាក់​ប៉ុណ្ណោះ ក្នុងនោះ​មាន​លោកតា នូ លាត​ម្នាក់​ផង​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកតា​។​
 
​ទោះ​មាន​វ័យ​ចំណាស់​ទៅហើយ​ក៏ពិតមែន តែ​លោកតា នូ លាត នៅតែមាន​កម្លាំង​លើក​ញញួរ​បាន​យ៉ាង​ស្រួល​។ សព្វថ្ងៃ អតិថិជន​បានក​ម្ម៉​ង់​ទិញ​ផ្គាក់​គាត់​ច្រើន ខ្លះ​ទិញ​ទៅប្រើ​ប្រាស់ និង​ខ្លះទៀត​ទិញ​យកទៅ​តាំង​លម្អ​។ សម្រាប់​លោកតា ផ្គាក់​ដែល​លោក​ធ្វើ​ប្រើ​ជាប់​ល្អ មុត តែ​ពិបាក​រក​ដង​ធ្វើ​បន្ដិច​សព្វថ្ងៃ ព្រោះ​ត្រូវ​រក​ទិញ​ពី​អ្នករក​នៅតាម​ស្រុក​ព្រៃ​ឆ្ងាយៗ​៕
 










Tag:
 នូ លាត​
  ជាង​ដំ​ដែក​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម