អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌា​៖ ពិភពលោក​ត្រូវការ​ឥណ្ឌា​ជា​សមាជិក​អ​ន្ត្រៃ​យ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​
02, Jun 2019 , 10:30 pm        
រូបភាព
ដោយ:
​លោក​អនុ​ប្រធានាធិបតី​ឥណ្ឌា បាន​ថ្លែង​ជា​ចំហ​ថា ពិភពលោក​ត្រូវការ​ឥណ្ឌា​ជា​សមាជិក​អ​ន្ត្រៃ​យ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ខណៈ​ឥណ្ឌា​និង​បណ្តា​ប្រទេស​មាន​ឥទ្ធិពល​លើ​ពិភពលោក​មួយចំនួន​ផ្សេងទៀត កំពុងតែ​ចរចា​លើ​កំណែទម្រង់​របស់​អង្គការសហប្រជាជាតិ​។ មេដឹកនាំ​ឥណ្ឌា​រូបនេះ អះអាងថា ឥណ្ឌា បាន​ចូលរួមចំណែក​ជាច្រើន​នៅក្នុង​វិស័យ​សន្តិសុខ​ពិភពលោក​។​

 
​ក្នុង​វេទិកា​សំណេះសំណាល​ជាមួយនឹង​មន្ត្រី​ការបរទេស​ថ្មី​ដើម​សប្តាហ៍​នេះ អនុប្រធាន​ធិបតី​ឥណ្ឌា M. Venkaiah បាន​ទទូច​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​របស់​ឥណ្ឌា​ខិតខំ​ប្រឹងប្រែង​ជាថ្មី​ដើម្បី​ទទួលបាន​កៅអី​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ឥណ្ឌា​។ 
​លោក​អនុ​ប្រធានាធិបតី បាន​បន្តទៀតថា ឥទ្ធិពល​របស់​ឥណ្ឌា​កំពុងតែបន្ត​រីក​លូត​លាត់ និង​គ្របដណ្តប់​នៅក្នុង​វេទិកា​របស់​ពិភពលោក ហើយ ឥណ្ឌា ក៏​ត្រូវការ​ការគាំទ្រ​ពី​បណ្តា​ប្រទេស​របស់​ពិភពលោក​ដើម្បី​ជា​មូលដ្ឋាន​មួយ​សម្រាប់​កិច្ចចរចា​លើ​កំណែទម្រង់​សមាជិកភាព​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ 
 
​លោក​អនុ​ប្រធានាធិបតី បាន​សម្អាងថា សហគមន៍​អន្តរជាតិ ត្រូវការ​ការចូលរួម​ពី​ឥណ្ឌា ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ ព្រោះ​បញ្ហា​ដែល​ផែនដី​បច្ចុប្បន្នកំពុង​ប្រឈម​ត្រូវការ​អ្នក​ដែលមាន​ចក្ខុវិស័យ​ខ្ពស់ ដែល​ចំណុច​នេះហើយ ដែល​ពិភពលោក ត្រូវបាន​ឥណ្ឌា​។ ឥណ្ឌា ក៏​ជា​រដ្ឋ​មួយ ដែល​នាំមុខគេ ក្នុង​ការកសាង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ផងដែរ​។ 
 
​តាមរយៈ​វេទិកា​ដដែល​នោះ លោក​អនុ​ប្រធានាធិបតី ក៏បាន​ដាស់តឿន​ដល់​មន្ត្រី​វ័យក្មេង​ដែល​ទើបតែ​ចូល​បម្រើការ​ក្នុង​វិស័យ​ការបរទេស ដែល​លោក​ចាត់ទុក​ពួកគេ ដូចជា​អ្នកនាំពាក្យ​, អ្នកបកប្រែ និង​រៀបរាប់​ពី​ឥណ្ឌា​ទៅកាន់​ពិភពលោក ឲ្យ​ត្រៀមខ្លួន​ក្នុងការ​ក្លាយខ្លួនជា​ស្ពាន​ត​ភ្ជាប់​រវាង​ឥណ្ឌា ជាមួយនឹង​បណ្តា​ប្រទេស​របស់​ពិភពលោក​។ លោក បាន​ថ្លែង​លើកទឹកចិត្ត​ដល់​មន្ត្រី​វ័យ​ក្មេងជំនាន់ក្រោយ​ថា​ពួកគេ ពិតជា​ដើរតួនាទី​សំខាន់​ណាស់​ក្នុងការ​កំណត់​អនាគត​ភូមិសាស្ត្រ​នយោបាយ និង​កំណត់​សណ្តាប់ធ្នាប់​ថ្មី​របស់​ពិភពលោក​។ 
 
​គួរ​រម្លឹក​បន្តិច​ថា បច្ចុប្បន្ន​អង្គការសហប្រជាជាតិ កំពុងស្ថិត​នៅក្នុង​របៀប​វារៈ​កំណែទម្រង់ ដែល​រាប់បញ្ចូល​ទាំង​ការបន្ថែម​សមាជិក​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ផង​។ ឥណ្ឌា ប្រេ​ស៊ី​ល អាល្លឺម៉ង់ និង​ជប៉ុន សុទ្ធសឹងតែ​ជា​ប្រទេស​ដែល​កំពុងតែ​ខ្នះខ្នែង​ខ្លាំង​ក្នុងការ​ស្វែងរក​ការគាំទ្រ​ដើម្បី​បាន​តំណែង​ដ៏​មាន​ឥទ្ធិពល​របស់​ពិភពលោក​មួយ​នេះ​៕ 
 

Tag:
 ឥណ្ឌា​
  អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com