ភ្នំពេញ៖ «ការ៉ុត» ជាប្រភេទបន្លែនាំចូលពីបរទេស ហើយមានប្រជាកសិករតិចណាស់ ដែលដាំបន្លែប្រភេទនេះ។ ដោយមើលឃើញពីភាពខ្វះចន្លោះនៃការដាំបន្លែប្រភេទមើមពីបរទេសទាំងនេះហើយ ទើបប្រជាកសិករនៅខេត្តមណ្ឌលគិរីមួយចំនួន នាំគ្នាងាកមកដាំការ៉ុត និងដំឡូងបារាំងជាដើម ដើម្បីបំពេញតម្រូវការទីផ្សារ។ ជាពិសេសប្រជាកសិករទាំងនោះ ចង់បង្កើតប្រភពបន្លែអត្តសញ្ញាណមួយប្រចាំតំបន់។
លោក គ្រី ម៉េងឈាង ជាម្ចាស់ចម្ការការ៉ុតទំហំ៤០ម៉ែត្របួនជ្រុង ក្នុងខេត្តមណ្ឌលគិរី ដែលប្រមូលផលបានជាមធ្យម៦០០គីឡូក្រាម ក្នុងរយៈពេល៣ខែ នៃការដាំដុះ។ កសិករវ័យជិត៤០ឆ្នាំរូបនេះ បានប្រកបរបរដាំការ៉ុត និងដំឡូងបារាំង អស់រយៈពេលជិត២ឆ្នាំមកហើយ។ ការ៉ុតដែលលោកដាំបាន គឺផ្គត់ផ្គង់ឱ្យផ្សារទំនើបនានានៅរាជធានីភ្នំពេញ ជាមួយនឹងតម្លៃបោះដុំ៦០០០រៀលក្នុងមួយគីឡូក្រាម។
«ការប្រមូលផលការ៉ុតនៅលើដី៤០ម៉ែត្រនេះ ប្រសិនបើខ្ញុំដាំ៤ដងក្នុងមួយឆ្នាំ ខ្ញុំអាចទទួលចំណូលបានជាង៣០០០ដុល្លារ ហើយអាចចំណេញបានយ៉ាងហោចណាស់ ៥០ភាគរយនៃប្រាក់ចំណូល។ ឆ្នាំក្រោយ ខ្ញុំនឹងពង្រីកដីដាំការ៉ុតនេះបន្ថែមទៀត។ ព្រោះបច្ចុប្បន្នខ្ញុំដាំដុះជាទម្រង់តូច និងសាកល្បងប៉ុណ្ណោះ។ គោលបំណងរបស់ខ្ញុំ គឺពង្រីកការដាំឱ្យបានធំ និងនាំចេញទៅទីផ្សារឱ្យបានច្រើន ពិសេសនាំទៅភ្នំពេញ ដើម្បីឱ្យអ្នកប្រើប្រាស់ស្គាល់ពីប្រភពបន្លែច្បាស់ ថាបន្លែប្រភេទមើមដែលមានតម្លៃថ្លៃ ក៏កសិករខ្មែរយើងអាចដាំបានដែរ»។ នេះជាឆន្ទៈរបស់ លោក គ្រី ម៉េងឈាង។
បច្ចុប្បន្នក្រៅពីដាំការ៉ុត លោកក៏មានដាំដំឡូងបារាំង នៅលើផ្ទៃដីមួយហិកតាផងដែរ។ កាលឆ្នាំ២០១៨ ចម្ការដំឡូងមួយហិកតារបស់កសិករខេត្តមណ្ឌលគិរីរូបនេះ ផ្តល់ទិន្នផលបានប្រមាណ១៧តោន ដែលទទួលប្រាក់ចំណូលបាន១៧,០០០ដុល្លារ។ បើតាមលោក ម៉េងឈាង ដំឡូងបារាំងមានតម្លៃ៥០០០ទៅ៦០០០រៀលក្នុងមួយគីឡូក្រាម។
ស្ថិតនៅក្នុងភូមិស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កសិករ កៅ ប៊ុនសេង កំពុងមមាញឹកនឹងការដាំការ៉ុត ដែលផ្ដល់ទិន្នផលបាន៨០០ទៅ១០០០គីឡូក្រាមជាប្រចាំនៃការប្រមូលម្តងៗ។ កសិករដែលដាំបន្លែប្រភេទមើមរយៈពេល៧ឆ្នាំរូបនេះ បាននិយាយថា ការដាំការ៉ុតនៅរដូវប្រាំង គឺទទួលបានល្អនិងច្រើនជាងរដូវរស្សា ព្រោះការ៉ុតជាបន្លែ ដូចមើមឆៃថៅដែរ ពោលគឺឱ្យតែមានភ្លៀងធា្លក់ជោគជាំ ឬស្រាចទឹកច្រើនជ្រុល វានឹងរលួយហើយ។ និយាយជារួមលក្ខណៈថែទាំការ៉ុត ដូចជាការដាំឆៃថាវដែរ ប៉ុន្តែគ្រាន់តែការ៉ុត ត្រូវការអាកាសធាតុត្រជាក់ និងមានរយៈពេលដាំដុះយូរជាងមើមឆៃថាវ។
កសិករវ័យ៦២ឆ្នាំរូបនេះ បាននិយាយដូច្នេះ៖« ខ្ញុំដាំការ៉ុតនេះ ព្រោះមើលឃើញថាបន្លែនេះតម្លៃខ្ពស់នៅលើទីផ្សារ ហើយកសិករយើងអត់នាំគ្នាដាំទេ។ ប៉ុន្តែយើងទិញគេហូប និងនាំការ៉ុតចូលពីប្រទេសជិតខាងរាប់តោន។ ខ្ញុំគិតថាគេដាំបានផ្គត់ផ្គង់ឱ្យប្រទេសគេ និងនាំចូលប្រទេសយើងទៀត គេដាំបាន រឿងអ្វីដែលយើងដាំមិនបាន ដូច្នេះក៏សម្រេចដាំតាំងពីពេលនោះមក។ មួយទៀតខ្ញុំចង់ចូលរួមកាត់បន្ថយការនាំបន្លែចូលពីបរទេសតាមលទ្ធភាពដែលអាចទៅរួច និងចង់ដាំឱ្យប្រជាពលក្នុងស្រុក ភេទបន្លែបរទេសតែដាំដុះនៅក្នុងស្រុកយើង ពិសេសដាំក្នុងខេត្តមណ្ឌលគិរី»។
បច្ចុប្បន្នទីផ្សារបន្លែការ៉ុត ដែលអាចឲ្យកសិករនាំចូលទីផ្សារបាន ទើបតែរយៈពេល៣ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ក្រោយពីអ្នកប្រើប្រាស់ព្រមជឿនិងទទួលស្គាល់ថា ការ៉ុតអាចដាំនៅមណ្ឌលគិរី។ លោក កៅ ប៊ុនសេង បានអះអាងថា ៖«បច្ចុប្បន្ន ខ្ញុំដាំការ៉ុតមិនទាន់អ្នកហូបដែលគេបញ្ជាទិញជាប្រចាំនោះទេ ព្រោះខ្ញុំមានផ្ទៃដីតូច។ ម្យ៉ាងទៀតខ្ញុំចាស់ហើយ គ្មានកម្លាំងធ្វើច្រើនទេ។ ហើយឥឡូវក៏មានការ៉ុតបន្លំច្រើនផងដែរ មានន័យថា ការ៉ុតទិញពីបរទេសជិតខាង ប៉ុន្តែដាក់ស្លាកសម្គាល់ថាដាំនៅមណ្ឌលគិរី»។
ជាមួយគ្នាកសិករខាងលើ ក៏បានលើកទឹកចិត្តឱ្យប្រជាកសិករ ពិសេសអ្នកខេត្តមណ្ឌលគិរីផ្ទាល់ គួរតែព្យាយាមដាំបន្លែប្រភេទមើមឱ្យបានច្រើនជាងដាំបន្លែប្រភេទស្លឹក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងរួមចំណែកកាត់បន្ថយការនាំបន្លែប្រភេទមើមពីបរទេស។ ពិសេសរួមគ្នាដាំដុះតាមបច្ចេកទេសត្រឹមត្រូវ ដោយប្រើជីកំប៉ុស ថ្នាំពុលធម្មជាតិ ឬប្រើថ្នាំគីមីក្នុងកម្រិតមួយស្តង់ដារ ដើម្បីនាំគ្នាផលិតបន្លែអត្តសញ្ញាណប្រចាំតំបន់ភាគឦសាន ដែលមានគុណភាព និងរក្សាតម្លៃខ្ពស់។ បច្ចេកទេសដាំដុះបន្លែសុវត្ថិភាពទាំងនោះ ក៏មានការបណ្តុះបណ្តាល បង្រៀន និងគាំទ្រពីមន្ទីរកសិកម្មខេត្តមណ្ឌលគិរីផងដែរ។ បើតាមលោក គ្រី ម៉េងឈាង ការ៉ុតមិនពិបាកដាំ និងថែទាំនោះទេ គ្រាន់តែត្រូវការរយៈពេលយូរ គឺ៣ខែ ទើបអាចប្រមូលផលបាន បើប្រៀបធៀបនឹងបន្លែស្លឹក និងផ្លែមួយចំនួនទៀត។
ដោយឡែកអ្នកប្រមូលទិញបន្លែសុវត្ថិភាពចម្រុះមុខ ក្នុងខេត្តមណ្ឌលគិរី ដែលចែកចាយលក់បន្តទៅខេត្តនានា និងនៅរាជធានីភ្នំពេញ លោក អ៊ីង ឱរ៉ុម បាននិយាយថា លោកប្រមូលទិញការ៉ុតពីប្រជាកសិករខេត្តមណ្ឌលដាំបានតែ១៥០គីឡូប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ព្រោះអ្នកដាំមានចំនួនតិចតួចនៅឡើយ ដែលមិនឆ្លើយតបនឹងតម្រូវការទីផ្សារ។
«ពាក់ព័ន្ធទៅនឹងតម្លៃនៅលើទីផ្សារ ថ្វីដ្បិតតម្លៃការ៉ុតដាំក្នុងស្រុក មានតម្លៃខ្ពស់ជាងការ៉ុតនាំចូលពីប្រទេសវៀតណាម១០០០ទៅ២០០០រៀលក្នុងមួយគីឡូក្រាមក៏ពិតមែន ប៉ុន្តែគុណភាព និងសុវត្ថិភាព គឺខុសគ្នាដាច់។ ហើយសម្រាប់អ្នកបរិភោគដែលគាត់យល់ដឹងពីបញ្ហាសុខភាព និងលើកកម្ពស់ផលិតផលក្នុងស្រុក គាត់នៅតែទិញជាប្រចាំ។ សព្វថ្ងៃ ការ៉ុត ឬបន្លែមើមដែលដាំបានក្នុងស្រុកយើងមិនអាចផ្គត់ផ្គង់ឱ្យអ្នកបរិភោគគ្រប់គ្រាន់នៅឡើយ ព្រោះវាមានចំនួនតិចតួចបំផុតសម្រាប់នៅលើទីផ្សារ»។ នេះជាអះអាងរបស់លោក អ៊ីង ឱរ៉ុម។
បើតាមលោក សុខ សុធា មន្ត្រីបច្ចេកទេសដាំបន្លែនៃអង្គការGRET ដំឡូងបារាំង និងការ៉ុត ជាប្រភេទបន្លែនាំចូលពីបរទេស មិនមែនជាបន្លែក្នុងស្រុកឡើយ។ លោកបានបន្តថា សម្រាប់ផ្ទៃដីនៅកម្ពុជា គឺដាំដុះ និងទទួលទិន្នផលបាន ទៅតាមប្រភេទដីនៃតំបន់នីមួយៗ។
លោកបាននិយាយថា មូលហេតុបានជាកសិករខ្មែរមិននាំគ្នាដាំបន្លែប្រភេទឱ្យបានច្រើន ដូចបន្លែស្លឹក ព្រោះកសិករភាគច្រើន មិនដែលគិតថាដីខ្មែរអាចបន្លែបរទេសបាន។ ម្យ៉ាងវិញទៀត ដំណាំប្រភេទនេះ មានរយៈវែងក្នុងការប្រមូលផល ទើបប្រជាកសិករខ្មែរ មិនសូវនិយមនាំគ្នាដាំ ខណៈការ៉ុតត្រូវការពេល៣ខែ និងដំឡូងបារាំង ៦ខែ ទើបអាចប្រមូលផលបាន។
លោក សុធា បានបញ្ជាក់ថា ៖«កសិករយើងអាចដាំការ៉ុត និងដំឡូងបារាំងបានគ្រប់ទីកន្លែង។ ប៉ុន្តែតំបន់ដែលដាំបានល្អ និងទទួលបានទិន្នផលច្រើន គឺនៅតំបន់ត្រជាក់ ដូចជាខេត្តមណ្ឌលគិរី និងខេត្តរតនៈគិរីនៃភាគឦសានជាដើម។ ប្រសិនពូជយកការ៉ុត និងដំឡូងបារាំងដាំនៅលើដីក្នុងខេត្តសៀមរាប ឬខេត្តកណ្តាល ក៏អាចដាំបានដែរ ឱ្យតែមានដីជាល្បាយខ្សាច់ ប៉ុន្តែទិន្នផលមិនសូវបានច្រើន និងរូបរាងមិនល្អដូចដាំនៅតំបន់ត្រជាក់នោះទេ។ បន្លែប្រភេទនេះ មិនសូវជារកដីដាំដុះប៉ុន្មានទេ ប៉ុន្តែទាមទាររស់នៅតំបន់ត្រជាក់»។
បើតាមរបាយការណ៍របស់លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) ការនាំចូលបន្លែមកកម្ពុជា បែងចែកជា៣រដូវកាល ក្នុងនោះកម្ពុជានាំចូលជាង២០០តោនក្នុងមួយថ្ងៃ នៅរដូវត្រជាក់ ចន្លោះពីខែធ្នូ ដល់ខែកុម្ភៈ ។ ចំណែករដូវប្រាំង និងរដូវវស្សា កម្ពុជានាំចូលបន្លែរហូតដល់៤០០តោនមួយថ្ងៃ ដែលភាគច្រើននាំចូលពីប្រទេសវៀតណាម។ ក្នុងមួយឆ្នាំកម្ពុជាបានចំណាយថវិកាជាង២០០លានដុល្លារ សម្រាប់នាំចូលបន្លែផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕
រស់នៅខេត្តមណ្ឌលគិរីបានដាំការ៉ុតសម្រាប់ផ្គត់ផ្គង់ឱ្យផ្សារទំនើបមួយចំនួននៅរាជធានីភ្នំពេញ។ អ្នកដាំការ៉ុតទាំងនោះ បាននិយាយថា ការជ្រើសរើសនៃការដាំការ៉ុតនេះ ឬបន្លែមើមពូជបរទេសផ្សេងៗ ព្រោះបន្លែប្រភេទនេះមានតម្លៃល្អនៅលើទីផ្សារ និងមិនសូវមានអ្នកដាំ។ លើសពីនេះ ពួកគាត់មិនចង់លឺសម្តីអ្នកប្រើប្រាស់មួយចំនួន ថាប្រជាកសិករខ្មែរដាំបានតែបន្លែដែលមានតម្លៃថោកៗ ហើយបន្លែមានតម្លៃថ្លៃៗនាំចូលពីប្រទេសជិតខាង។ ប្រទេសវៀតណាមជាដើម។ ដូច្នេះឆន្ទៈរបស់កសិករទាំងនេះ គឺចង់ដាំដំណាំប្រភេទនេះក្លាយជាបន្លែអត្តសញ្ញាណមួយក្នុងប្រទេស ថាខេត្តមណ្ឌលគិរីដាំការ៉ុត ដំឡូងបារាំង លក់ទៅលើទីផ្សារ។