ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
«​កុំ​ឃើញ​ដំរី​ជុះ ជុះ​តាម​ដំរី​»៖ អប់រំ​មនុស្ស​កុំ​ឲ្យ​ធ្វើតាម​ការមើលឃើញ និង​ចំណង់​!
03, Jun 2019 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​កុំ​ឃើញ​ដំរី​ជុះ ជុះ​តាម​ដំរី​» គឺជា​សុភាសិត​ខ្មែរ​មួយ​ដែល​បុព្វបុរស​ខ្មែរ​បាន​បង្កើតឡើង​សម្រាប់​អប់រំ​ដល់​កូនចៅ​ជំនាន់​ដើម​របស់ខ្លួន​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​សុភាសិត​នេះ​នៅតែមាន​តម្លៃ​រហូតមក​ដល់​សព្វថ្ងៃនេះ​។ តើ​សុភាសិត​នេះ មាន​អត្ថន័យ​ដូចម្ដេច និង​មាន​ខ្លឹមសារ​អប់រំ​យ៉ាណា​ដែរ​?


 
​ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​យល់ដឹង​ច្បាស់លាស់​អំពី​អត្ថន័យ​នៃ​ការបកស្រាយ​សុភាសិត​នេះ អ្នកអាន​គួរតែ​យល់ដឹង​ពាក្យ​គន្លឹះ​មួយចំនួន​ដូចតទៅ​។ ពាក្យ​«​កុំ​» គឺជា​ពាក្យ​សម្រាប់​ហាម​មិន​ឱ្យធ្វើ​អ្វីមួយ ដែល​ឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ចាស់ទុំ អ្នកជំនាញ ឬ​អាជ្ញាធរ តែងតែ​ប្រើ​នៅក្នុង​ដំបូន្មាន ការ​ដាស់តឿន សីលធម៌ សាសនា គោលការណ៍ ឬ​ច្បាប់ ជាដើម​។ ជាទូទៅ ការហាម​ដោយ​ប្រើពាក្យ​«​កុំ​» គឺជា​ការហាម​មិនឱ្យ​ធ្វើ​អ្វីមួយ​ដែល​មិនល្អ មិន​សម​ហេតុផល អសីលធម៌ ខុស​ប្រពៃណី ខុស​ទំនៀមទម្លាប់ ខុស​សាសនា ល្មើសច្បាប់ ខុស​បច្ចេកទេស ឬ​មិន​សម​នឹង​សមត្ថភាព ឬ​លទ្ធភាព​របស់ខ្លួន ជាដើម​។ 
 
​តាម​លក្ខណៈ​ធម្មជាតិ «​ដំរី​»​គឺជា​សត្វ​ធំជាងគេ ហើយ​វា​ស៊ី​ក៏​ច្រើន ផឹក​ក៏​ច្រើន ជុះ​ក៏​ច្រើន​ដែរ ដែល​សត្វ​ដទៃ រួមទាំង​មនុស្ស​ផង មិនអាច​ធ្វើ​ដូច​សត្វ​ដំរី​បានឡើយ​។ ក្នុង​ន័យធៀប «​ដំរី​»​ប្រៀបបាន​ទៅនឹង​«​អ្នក​កម្លាំង​ខ្លាំង អ្នកមាន​ទ្រព្យ​ច្រើន ឬ​អ្នកមានអំណាច​ធំ អ្នកមាន​តួនាទី​ធំ អ្នកមានចំណេះដឹង បទពិសោធន៍ សមត្ថភាព ឬ​ទេពកោសល្យ​ខ្ពស់​ជាដើម​។​
 
​ន័យត្រង់​នៃ​សុភាសិត​«​កុំ​ឃើញ​ដំរី​ជុះ ជុះ​តាម​ដំរី​» ចង់​និយាយថា មនុស្ស​មាន​មាឌតូច​ជាង​ដំរី ហេតុនេះ​មនុស្ស​មិនអាច​ធ្វើ​ដូច​ដំរី​បានទេ​។ បើ​ពិនិត្យ​ឱ្យ​ដិតដល់​ទៅ យើង​រកឃើញថា បុព្វបុរស​ខ្មែរ​មិនមែន​មិនដឹងថា​ប្រជាជន​ខ្មែរ មិនដឹងថា​ខ្លួនឯង​តូច​ជាង​ដំរី​នោះទេ ប៉ុន្តែ ជាទូទៅ ដើម្បីឱ្យ​អ្នកអាន​មាន​ភាពងាយស្រួល​ក្នុង​យល់ដឹង​ពី​សុភាសិត​ណាមួយ ពួកគាត់​តែងតែ​បង្កើត​សុភាសិត​មួយ​ដោយ​ផ្ដើមចេញពី​អត្ថន័យ​រូបី​ឬ​ន័យត្រង់​ទៅដល់​ន័យ​អរូបី​ឬ​ន័យធៀប​។​
 
​ន័យធៀប​ក្នុង​សុភាសិត​នេះ ចង់​និយាយថា បើ​មនុ​ស្សណា​ម្នាក់​មាន​ធនធាន​តិច ទ្រព្យសម្បត្តិ​តិច ប្រាក់​តិច​។​ល​។ មិនត្រូវ​ហ៊ាន​ចំណាយ​ធំ ចាយ​ច្រើន ខ្ជះខ្ជាយ​ឬ​ទិញ​ទំនិញ​ដែលមាន​តម្លៃ​ខ្ពស់​នោះទេ​។ បើ​មិន​ដូច​នោះទេ អ្នកនោះ​នឹង​ជួប​បញ្ហា​កង្វះ​ថវិកា វិបត្តិ​សេដ្ឋកិច្ច ឬ​ហានិភ័យ​ផ្សេងៗ​ដែល​ពាក់​នឹង​ប្រាក់ ឬ​ធនធាន​មិន​ខាន​។ 
 
​លើសពីនេះ​ទៀត ក្នុង​សភាព​បច្ចុប្បន្ន គេ​អាច​និយាយបានថា ក្នុងស្ថានភាព​ដែល​ប្រទេស​កម្ពុជា​ស្ទើរតែ​មិនទាន់​ចេញផុត​ពី​ចំណាត់ថ្នាក់​នៃ​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​នៅឡើយ យើង​មិនអាច​ចង់​ធ្វើ​ទំនើប​ភា​វួ​ប​នីយកម្ម នីតិរដ្ឋ ឬ​ប្រជាធិបតេយ្យ​នីយកម្ម​បាន​ពេញលេញ​ភ្លាមៗ​ដូច​បណ្ដា​ប្រទេស​ធំៗ ដែលមាន​សន្តិភាព ស្ថិរភាព​នយោបាយ នីតិរដ្ឋ ប្រជាធិបតេយ្យ ការអភិវឌ្ឍ​សេដ្ឋកិច្ច ការរីកចម្រើន​ខាង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា និង​វិស័យ​ផ្សេងៗ​ទៀត​ដល់​កម្រិត​ខ្ពស់ និង​យូរអង្វែង​ហើយ​នោះបានទេ​។   
   
​ខ្លឹមសារ​អប់រំ​ក្នុង​សុភាសិត​នេះ គឺ​ចង់​អប់រំ​កូន​ខ្មែរ​ឱ្យ​ចេះ​ស្គាល់​ច្បាស់​ពី​ខ្លួនឯង​រាប់​តាំងពី​ធនធាន ទ្រព្យសម្បត្តិ ប្រាក់ ទៅដល់​លទ្ធភាព សមត្ថភាព បទពិសោធន៍ ជាដើម ហើយ​ត្រូវ​ចេះ​ប្រៀបធៀប​អ្វីដែល​ខ្លួនឯង​មាន​ទៅនឹង​អ្វីដែល​អ្នកដទៃ​មាន​។ ខ្លឹមសារ​អប់រំ​សំខាន់បំផុត​នោះ គឺ​ចង់ឱ្យ​កូន​ខ្មែរ​ចេះ​ធ្វើការ​សម្រេចចិត្ត និង​ការប្រព្រឹត្ត​ឱ្យស្រប​ទៅនឹង​ធនធាន ទ្រព្យសម្បត្តិ សមត្ថភាព លទ្ធភាព កម្លាំង បទពិសោធន៍​ដែល​ខ្លួន​មាន កុំ​ធ្វើ​អ្វីមួយ​លើសពី​អ្វីដែល​ខ្លួន​មាន​ឆ្ងាយ​ពេក ពីព្រោះ​វា​អាច​នាំឱ្យមាន​បញ្ហា ហានិភ័យ ឬ​វិបត្តិ​កើតឡើង ហើយ​ជា​ថា​ហេតុ អាច​នាំឱ្យមាន​អន្តរាយ​ដល់​ខ្លួនឯង គ្រួសារ និង​សង្គម​។ ខ្លឹមសារ​អបរំ​នេះ មិនមាន​បំណង​រារាំង​មិនឱ្យ​កូន​ខ្មែរ​ធ្វើ​ដូច​ដំរី ធ្វើ​ដូច​អ្នកមាន ធ្វើ​ដូច​អ្នកខ្លាំង ឬ​ធ្វើ​ដូច​ប្រទេស​អភិវឌ្ឍ​នោះទេ ប៉ុន្តែ គ្រាន់​ចែចង់​ក្រើនរ​ម្លឹ​ង​ថា បើ​ចង់​ធ្វើ​ដូច​ពួកគេ ត្រូវតែ​កសាង​ខ្លួន អភិវឌ្ឍ​ខ្លួន និង​រៀបចំខ្លួន​ឱ្យ​ដូច​ឬ​ប្រហាក់ប្រហែល​ជាមួយ​ពូកគេ​ជាមុនសិន ទើប​អាចធ្វើ​ដូច​ពួកគេ​បាន​៕  
 
​ដោយ សាស្ត្រាចារ្យ ឈ​ត ប៊ុន​ថង 
 
      
 

© រក្សាសិទ្ធិដោយ thmeythmey.com